សមត្ថភាពពិតៗ ពន្លកសិល្បករទាំងនេះ ផ្ទុះការគាំទ្រខ្លាំងក្នុងឆ្នាំ២០២០
- 2021-01-20 06:41:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថភាពពិតៗ ពន្លកសិល្បករទាំងនេះ ផ្ទុះការគាំទ្រខ្លាំងក្នុងឆ្នាំ២០២០
ចន្លោះមិនឃើញ
បច្ចេកវិទ្យាកាន់តែទំនើប និងសម្បូរបែបនាពេលបច្ចុប្បន្ន បានក្លាយជាមធ្យោបាយយ៉ាងសំខាន់សម្រាប់យុវវ័យមានសមត្ថភាព និងទេពកោសល្យខាងសិល្បៈ បញ្ចេញនូវបទចម្រៀង ឬភាពយន្តដែលជាស្នាដៃតែងនិពន្ធ សម្ដែង និងផលិតដោយខ្លួនឯងផ្ទាល់ទៅកាន់ទស្សនិកជន។
ពីមនុស្សដែលគេឯងមិនសូវស្គាល់ច្រើន បានរលាស់ខ្លួនទៅជាអ្នកសិល្បៈទាំងវ័យក្មេង មានអ្នកគាំទ្រ ឬទស្សនារាប់ពាន់នាក់ តាមរយៈការផលិតវីដេអូបទចម្រៀង និងរឿងខ្លីៗដាក់លើ Youtube និងFacebook។
ខ្សែភាពយន្តខ្លីៗ និងបទចម្រៀងពីរោះៗសម្រាប់យុវវ័យ បានចេញប្រដេញគ្នានៅដើមឆ្នាំ២០២១ នេះ ពីគណនីFacebook ជាង១០។ ប៉ុន្តែនៅថ្ងៃនេះ Sabay សូមលើកយកពន្លកតារា៩ដួងមកបរិយាយជាមុន ដោយគេដឹងថា យុវវ័យទាំងនេះមានការប្រកួតប្រជែងខ្ពស់ខាងសិល្បៈតាមរយៈការតែងនិពន្ធ សម្ដែងរឿង និងចម្រៀងរបស់ខ្លួន។
១/ ពុទ្ធី ផាក ៖ បានចេញចម្រៀងដែលបានត្រួសត្រាយផ្លូវទៅកាន់វិស័យសិល្បៈក្នុងឆ្នាំ២០១៧ គឺបទ"មិនបំផ្លាញក្ដីសុខអូនទេ"។ បទនេះទទួលបានការគាំទ្រច្រើនពីស្រទាប់យុវវ័យ មុនពេលដែលលោកផលិត និងសម្ដែងវីដេអូបទចម្រៀងល្បីៗជាច្រើនទៀត។ សម្រាប់ដើមខែមករា ឆ្នាំ២០២១ ពុទ្ធី ផាក បានចេញបទ "ក្មេងសម័យឥឡូវ" និងMV ថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត គឺបទ "ទឹកភ្នែក" ។
២/ផាន់ រ៉ុង ៖ ផាន់ រ៉ុង ដែលជាកូនអ្នកលក់ដូរម្នាក់ចេញពីស្រុកកំណើតនាខេត្តបន្ទាយមានជ័យដោយបាតដៃទទេ ហើយគេឯងមិនសូវស្គាល់ច្រើន បានក្លាយជាតួអង្គឯក ឬអាចនិយាយបានថាជាមនុស្សសំខាន់គ្រប់សាច់រឿងដែលលោកបានផលិត និងសម្ដែងដោយខ្លួនឯងតាំងពីឆ្នាំ២០១៨ ត្បិតថារូបសម្បត្តិ និងមុខមាត់លោកមិនស្អាតដូចតារា។
គេនៅចាំបានថា ស្នាដៃដំបូងដែលជាចំណុចចាប់ផ្ដើមលើអាជីពផលិតរឿងរបស់ផាន់ រ៉ុង គឺរឿង "អាសំរាម"។ រឿងបែបអប់រំមួយនេះ ទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដែលកត្តាជំរុញទឹកចិត្តឲ្យបន្តផលិតរឿងបែបអប់រំបង្កប់នូវឈុតឆាកកំប្លែងមិនក្រោម៥០រឿងឡើយ ខណៈដែលចម្រៀងទើបផលិតបានជាង១០បទប៉ុណ្ណោះ បើគិតមកដល់ពេលនេះ។
ក្រៅពីនេះ ផាន់ រ៉ុង ក៏ផ្ទុះការគាំទ្រខ្លាំងដែរ តាមរយៈបទ "ឌីជេស្រុកស្រែ" ដែលគេចាប់អារម្មណ៍ច្រើននៅលើបណ្ដាញសង្គម Facebook និងYoutube។ ដោយឡែកនៅដើមឆ្នាំ២០២១ នេះ លោកផ្ទុះជាមួយរឿងខ្លី រឿង"បាបមិត្ដ"។
៣/ Nak Fake ៖ អាចចាត់ទុកជាតារាចម្រៀងទើបរះថ្មី ដ៏មានប្រជាប្រិយភាព ព្រោះលោកមានសំឡេងមួយបែបខុសពីតារាចម្រៀងផ្សេងៗទៀត តែឆក់យកបេះដូងអ្នកស្ដាប់ភ្លូកទឹកភ្លូកដី។ បទដែលធ្វើឲ្យកេរ្តិ៍ឈ្មោះលោក ត្រូវបានគេស្គាល់ច្រើនគឺបទ "យើងជាទន្សាយ គេជាព្រះច័ន្ទ"។ ដោយឡែកបទថ្មីដែលទទួលបានការគាំទ្រ និងមានអ្នកចែករំលែករហូតដល់ជាង១ម៉ឺនដង ក្នុងរយៈពេលដ៏ខ្លីក្នុងខែមករា ឆ្នាំ២០២១ កន្លងមកនេះ គឺបទ "បាត់ម្ចាស់តុក្កតាថ្ងៃCountdown"។
ក្រៅពីនេះ លោកទើបចេញបទថ្មីម្សិលមិញ និងកំពុងពេញនិយមរបស់លោកមួយទៀត គឺបទ"បច្ចុប្បន្នអូនជាសង្សារបង" ពោលគឺមានអ្នកចែករំលែករហូតដល់ទៅជាង៣,២០០ដង។
៤/Trakola ៖ បានប្រឡូកក្នុងអាជីពចម្រៀងក្នុងឆ្នាំ២០១៨ ហើយបើគិតមកដល់ពេលនេះលោកច្រៀងបានជិត១០បទហើយ។ បទដែលទទួលបានការគាំទ្រច្រើនបំផុតរបស់លោក គឺបទ"សង្សារផិត មិត្តក្បត់" ចេញកាលពីឆ្នាំ២០១៩។
៥/ថុល លីណា ៖ បានប្រឡូកចូលក្នុងវិស័យចម្រៀងជិត១០ហើយ។ គិតមកដល់ពេលនេះលោកបានច្រៀងបទ Original Song និងច្រៀងឡើងវិញនូវបទមរតកដើមមិនក្រោម២០បទឡើយ ហើយបទល្បីរបស់លោក គឺបទ "យល់ច្រឡំថាគេស្រឡាញ់យើង"។
៦/ជា សុភា៖ គឺជាតារាចម្រៀងប្រុសវ័យក្មេងម្នាក់ប្រចាំនៅផលិតកម្មស៊ែមីឌៀ ដែលជាផ្នែកមួយជួយបញ្ចេញបទចម្រៀងពីរោះៗចេញពីទេពកោសល្យខាងនិពន្ធ និងច្រៀងរបស់លោកទៅកាន់មហាជន។ បទល្បីរបស់ ជា សុភា គឺបទ "រួមទុក្ខបាន ហេតុអីមិនអាចរួមសុខបាន"។
៧/ខាន ខាវ ៖ បានឈានជើងចូលក្នុងវិស័យសិល្បៈកាលពីឆ្នាំ២០១៦។ ពន្លកសិល្បកររូបមាននេះមានជំនាញលេងហ្គីតា គួបផ្សំជាមួយទឹកដមសំនៀងយ៉ាងពីរោះរបស់លោកបានធ្វើឲ្យទទួលបានការគាំទ្រកាន់តែច្រើន។ ចម្រៀងល្បីរបស់លោកមានពីរបទ គឺបទ"នឹកខ្លាំងណាស់" និងបទ"មកពីបងមិនល្អ"។
៨/ Santa KH ៖ បានក្លាយជាអ្នកនិពន្ធ និងសម្ដែងវ័យក្មេង ហើយអ្វីដែលទស្សនិកជនចាប់អារម្មណ៍ច្រើននោះ គឺលើពាក្យសម្ដី កាយវិការ និងមានទេពកោសល្យសម្ដែងក្រមិចក្រមើមរបៀបជាមនុស្សភេទទី៣។ រឿងអប់រំខ្លីរបស់លោកដែលទទួលបានការចាប់អារម្មណ៍ច្រើន គឺរឿង "បងខ្ទើយ"។
៩/ អាងមុន្នី រត្ថា ៖ គឺជាតារាចម្រៀងមាឌធំរបស់ផលិតកម្មបងភ្លើងមេឌៀដែលមានទឹកដមសំឡេងមិនចាញ់តារាចម្រៀងអាជីពឡើយ។ បទដែលទទួលបានការគាំទ្រច្រើនពីប្រិយមិត្តនោះ គឺបទ "ដាំចិត្តស្មោះ ចាំស្នេហ៍ក្បត់"។
ក្រៅពីតារាសម្ដែង និងចម្រៀងដែលមានទេពកោសល្យផលិតរឿង ឬបទចម្រៀងដោយខ្លួនឯងទាំងបីនេះ នៅមានយុវវ័យជាច្រើនទៀត កំពុងរះឡើងលើវិថីសិល្បៈ។ ក្នុងនោះមានដូចជា៖ ម្ចាស់គណនីឈ្មោះ Rawyer សន វេហា សួរ វិចិត្រ ខេវិន ខាត់ និងគណនីឈ្មោះ Mr. Ram ជាដើម៕