ពិតឬយ៉ាងណា? ឪពុកម្ដាយផ្ទុះការតវ៉ា ថាមានគ្រូមួយចំនួន​នៅសាលារដ្ឋមួយ ទារលុយសិស្ស ១ខែ ៦ម៉ឺនរៀល

  • 2021-01-31 09:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងអាស្រូវដ៏ក្ដៅគគុកមួយ កំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាចែករំលែកជាបន្តបន្ទាប់ ករណីសាលាសន្ធរម៉ុក រាជធានីភ្នំពេញ មានគ្រូមួយចំនួនបង្ខំឱ្យសិស្សបង់ថ្លៃ ១ ខែ ៦ ម៉ឺនរៀល ។

គណនីហ្វេសប៊ុកមួយឈ្មោះ Bunthoeun Ev ជាឪពុករបស់សិស្សម្នាក់ បានរូបកូនស្រីរបស់ខ្លួន ជាសិស្សសាលាសន្ធរម៉ុក ព្រមទាំងទម្លាយថា គ្រូបង្ខំឱ្យសិស្សរៀនគួរ បើសិស្សណាមិនរៀនទេ ទៅរកសាលាផ្សេងរៀនទៅ ក្នុងន័យបណ្ដេញសិស្សចេញ ។ មួយវិញទៀតប្រសិនបើមិនរៀនគួរទេ ក៏ត្រូវឱ្យលុយគ្រូ ១ ខែ ៦ ម៉ឺនរៀល ទុកជាការដឹងគុណគ្រូ ។ បុរសរូបនោះក៏បានទម្លាយទៀតថា គ្រូដែលទារលុយសិស្សនោះមានខ្សែធំជាមួយនាយកសាលា ទើបខ្លួនមិនហ៊ានតវ៉ា ។

បន្ថែមលើពីនេះទៀតនោះមានគណនីហ្វេសប៊ុកមួយទៀតឈ្មោះ SreyNeth SreyNeth បានធ្វើការសុំទោសជាមុនចំពោះការធ្វើឱ្យប៉ះពាល់ឈ្មោះសាលា ប៉ុន្តែអ្នកស្រីជាអាណាព្យាបាលរូបនេះ បានឱ្យដឹងថា កូនប្រុសពៅរបស់អ្នកស្រីរៀនថ្នាក់ទី ៦ ត្រូវបានគ្រូទារឱ្យបង់ថ្លៃ ១ ខែ ៦ ម៉ឺនរៀល ។ នៅពេលអ្នកស្រីសួរកូនប្រុសថា តើបង់ថ្លៃលើអ្វី? ត្រូវបានកូនប្រុសនោះឆ្លើយថា បង់ថ្លៃដើម្បីជាការដឹងគុណគ្រូ ។

ទាក់ទងករណីនេះដែរ ទំព័រហ្វេសប៊ុក គ្រូ-Teacher of Cambodia ក៏បាន​ទាមទារសូមឱ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើការដោះស្រាយជូនកូនសិស្សផង ។

មកទល់នឹងពេលនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយពីខាងសាលាបឋមសិក្សាសន្ធរម៉ុកនោះទេ។ ដូច្នេះមហាជនរង់ចាំមើលថា តើការលើកឡើងទាំងប៉ុន្មានរបស់ឪពុកម្ដាយសិស្សនោះជាការពិតដែរឬទេ?

ប្រសិនបើមានការបញ្ជាក់ ឬបកស្រាយណាមួយពីខាងសាលាបឋមសិក្សាសន្ធរម៉ុក យើងនឹងផ្សាយជូនជាបន្តទៀត៕