ទាំង ថៅកែ ទាំង​តារា​ចម្រៀង ម្នាក់​អតីត​ក្មេងស្រី​ស្មូត​តាម​វត្ត ម្នាក់​ជា​ពលករ​ធ្វើ​ការ​ដូរ​បាយ ឥឡូវ​ជោគជ័យ​ខ្លាំង!

  • 2021-02-08 05:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាក​ជីវិត​ពិត​ពិបាក​ស្មាន ប៉ុន្តែ​ការ​តស៊ូ​មិន​ទម្លាក់​ដៃ​ចុះ រមែង​ហុច​ផល​ល្អ ដូច​យ៉ាង​ថៅកែ ក៏​ដូច​ជា​ចាងហ្វាង​ផលិតកម្ម Galaxy Navatra និង​តារា​ចម្រៀង តន់ ច័ន្ទ​សីម៉ា សុទ្ធ​តែ​ចាប់​ផ្ដើម​ពី​កន្លែង​តូច​ទាប​មក រហូត​ដល់​បច្ចុប្បន្ន ពួក​គេ​ជោគជ័យ​ហួស​ការ​ស្មាន។

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា៖ ឆាក​ជីវិត​របស់​ចាងហ្វាង Galaxy Navatra បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ក្រញាង​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​សារ​តែ​រឿង​ដែល​បាន​កើត​ឡើង គឺ​ហួស​ពី​ការ​គួរ​ឲ្យ​ជឿ ប៉ុន្តែ​វា​ជា​ការ​ពិត​ទៅហើយ។ បក​ទៅ​កាល​ពី​ជាង ១០​ឆ្នាំ​មុន ឡេង ណាវ៉ាត្រា គ្រាន់​ជា​ឈ្មោះ​ពលករ​ម្នាក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រើ​កម្លាំង​ធ្វើ​ការ​ដើម្បី​ដូរ​បាយ​ប៉ុណ្ណោះ ក្រោយ​ពី​សុខ​ចិត្ត​ចាក​ចោល​ភូមិ​ឋាន​កំណើត​នៅ​ខេត្ត​ព្រៃវែង​ទៅ​ធ្វើ​ការ​ដើម្បី​រើ​បម្រាស់​ពី​ភាព​ទីទ័ល។

អំឡុង​ពេល​ធ្វើ​ជា​ពលករ ដោយ​មាន​គោលដៅ​ជីវិត ចង់​មាន​ចង់​បាន ណាវ៉ាត្រា បាន​យក​លុយ​សន្សំ​របស់​ខ្លួន ដែល​ខំ​ស៊ី​អត់​ស៊ី​ឃ្លាន​ធ្វើ​ការ​នៅ​ប្រទេស​គេ​នោះ ផ្សែផ្សំ​ជាមួយ​នឹង​លុយ​កម្ចី​សាច់​ញាតិ​ខ្លះ​បាន​ចំនួន ១ម៉ឺន​ដុល្លារ និង​លុយ​កម្ចី​ធនាគារ​បាន ៣ម៉ឺន​ដុល្លារ​ទៀត យក​ទៅ​ទិញ​ដី​មួយ​ទំហំ ២៨x៥០ម៉ែត្រ កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ចោមចៅ ក្នុង​តម្លៃ​ជាង ៤ម៉ឺន​ដុល្លារ​អាមេរិក។

តែ​១​ឆ្នាំ​ប៉ុណ្ណោះ ដី​មួយ​កន្លែង​នោះ ប្រែប្រួល​ហាង​ឆេង​ខ្លាំង លោក​ក៏​លក់​វិញ​បាន​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក។ បាន​ប្រាក់​ចំណេញ​ពី​ការ​លក់​អចលនទ្រព្យ​ទី​១​របស់​ខ្លួន ណាវ៉ាត្រា មិន​បាន​យក​ទៅ​ហ៊ឺហា សម្ភារៈ​និយម​អ្វី​ឡើយ ប៉ុន្តែ​បាន​យក​ទៅ​ទិញ​ដីឡូតិ៍​​ជា​ច្រើន​ទៀតនៅ​ជាយ​រាជធានី។ លោក​ក៏​កាន់តែ​ជោគជ័យ​ខ្លាំង​ឡើង​ជាមួយ​ជំនួញ​ដី​ទាំង​នោះ ហើយ​ក្រោយ​មក​ អ្នក​ព្រៃវែង​រូប​នេះ ​ក៏​ងាក​មក​វិនិយោគ​​សំណង់​លំនៅ​ឋាន​ម្ដង។

មិន​ថា ជំនួញ​ដីឡូតិ៍ ឬ​សំណង់​លំនៅ​ដ្ឋាន សុទ្ធ​តែ​ផ្ដល់​ផ្លែ​ផ្កា​ល្អ ហើយ​វា​បាន​ក្លាយ​ជា​មុខ​ជំនួញ​ធំ​បំផុត​សម្រាប់​អតីត​ពលករ​រូប​នេះ​មក​ដល់​បច្ចុប្បន្ន និង​រឹត​តែ​ជោគជ័យ​ខ្លាំង ក្រោយ​ពី​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​នៅ​ក្នុង​សង្គម មាន​គេ​ស្គាល់​ច្រើន។ ជាក់​ស្ដែង​គម្រោង​ដីឡូតិ៍​ទី​១​នៅ​ខេត្ត​សៀមរាប ដែល​បើក​លក់​កាល​ពី​ពីរ​សប្ដាហ៍​មុន​នេះ មាន​ចំនួន​ឡូតិ៍​សរុប​ជាង ២ម៉ឺន​ឡូតិ៍ ត្រូវ​លក់​ដាច់​អស់​គ្មាន​សល់ ត្រឹម​តែ​រយៈ​ពេល ១​ថ្ងៃ​ប៉ុណ្ណោះ។

អំឡុង​ជោគជ័យ​លើ​មុខ​ជំនួញ អតីត​ពលករ ឡេង ណាវ៉ាត្រា ដែល​ធ្លាប់​ជា​ក្រ​ខ្សត់​ស្ទើរ​រក​បាយ​ហូប​មិន​បាន​នោះ ក៏បាន​ឆ្លៀត​ចូល​រួមចំណែក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ជាមួយ​រាជរដ្ឋាភិបាល​យ៉ាង​ច្រើន។ តប​នឹង​សកម្មភាព​នេះ ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ឧកញ៉ា កាល​ពី​ថ្ងៃ​ទី០៦ ខែ កក្កដា ឆ្នាំ ២០១៨ តែ​ម្ដង។ បន្ត​មក​​ លោក​ក៏​ទទួល​បាន​ការ​តែង​តាំង​ម្ដង​ទៀត​តាម​ព្រះរាជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​ក្លាយ​ជា "អ្នក​ឧកញ៉ា" កាល​ពី​ខែ​មុន​នេះ ក្រោយ​បាន​ជួយ​រាជរដ្ឋាភិបាល ដោះស្រាយ​ការ​លំបាក​ខ្លះ​លើ​គ្រោះ​ទឹក​ជំនន់ និងកូវីដ១៩។

តន់ ចន្ទសីម៉ា៖ ងាក​មក​ទសីម៉ា វិញ ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ស្ទើរ ១០០ដឺក្រ​ដែរ ពី​កុមារី​ដើរ​ស្មូត​តាម​វត្ត មក​ក្លាយ​ជា​តារា​ស្រី​លំដាប់​កំពូល​មួយ​រូប​នា​ពេល​បច្ចុប្បន្ន។ ចំណុច​នេះ សូម្បី​សាមី​ខ្លួន នឹក​ស្មាន​មិន​ដល់​​ឡើយ​ថា អាច​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ល្បី ពិសេស​ គឺ​​អាច​ច្រៀង​ឆ្លងឆ្លើយ​ជា​មួយ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដូច​ជា​ពេល​នេះ។

កញ្ញា តន់ ចន្ទសីម៉ា គឺ​ជា​ក្មេង​​មាន​និស្ស័យ​សិល្បៈ​តាំង​ពី​កំណើត នាង​មាន​កំណើត​មក​ពី​ខេត្ត​តាកែវ ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។ នាង​ជា​កូន​ទី​៣ ក្នុង​ចំណោម​៤​នាក់​សុទ្ធ​តែ​ស្រី។ សីម៉ា មាន​និស្ស័យ​លើ​សិល្បៈ​តន្ត្រី​តាំង​ពី​តូច​ៗ​មក ពោល​គឺ​តាំង​ពី​នាង​ទើប​មាន​អាយុ ៥​ឆ្នាំ​ម្ល៉េះ។កាល​នៅ​សិក្សា​នៅ​ស្រុក​កំណើត នាង​​ធ្លាប់​​ជា​ សិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំ​ខេត្ត តាកែវ។

ដោយ​សារ​និស្ស័យ​សិល្បៈ​ដុះដាល​ក្នុង​ចិត្ត​តាំង​ពី​នាយ​បែប​នេះ ផ្សំ​នឹង​ការ​សិក្សា​បញ្ចប់​ថ្នាក់​ទី​១២​ផង សីម៉ា ក៏​បាន​សម្រេច​ចិត្ត​ចាក​ចោល​ភូមិ​ស្រុក​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​នា​ដើម​ឆ្នាំ ២០១៧ ក្នុង​ដែល​ពេល​នោះ នាង​ទើប​មាន​អាយុ ១៧​ឆ្នាំ​។ តារា​ចម្រៀង​តូច​ច្រឡឹង ប្រាប់​ថា​នៅ​លើ​ដី​ក្រុង គឺ​មាន​តែ​នាង​ម្នាក់​ឯង គ្មាន​គ្រួសារ សាច់​ញាតិ​អ្វី​ដែល​អាច​ពឹង​ពាក់​បាន​ឡើយ។ ដូច្នេះ​ហើយ រឿង​ត្រូវ​ធ្វើ​គឺ​ត្រូវ​ខំ​រស់​ដោយ​ខ្លួន​ឯង ព្រោះ​ស្ថានភាព​គ្រួសារ ក៏​មិន​ធូរធារ​ដែរ។

ស្ថានភាព​នេះ សីម៉ា ប្រាប់​ថា សំអាង​លើ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​របស់​នាង នាង​ក៏​ចេញ​រក​ការងារ​ធ្វើ ហើយ​ចាត់​ជា​ភ័ព្វ​ល្អ នៅ​ខ្ទង់​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ នាង​ត្រូវ​បាន​ថៅកែ​ហាង​មួយ ព្រម​ទទួល​យក​នាង​ធ្វើ​ជា​តារា​ចម្រៀង​ក្នុង​ហាង​របស់​ខ្លួន ហើយ​ពេល​នោះ ជីវិត​តស៊ូ ជា​អ្នក​រៀន​ផង ធ្វើ​ការ​ផង ក៏​បាន​ចាប់​ផ្ដើម។ ចូល​ច្រៀង​ក្នុង​ហាង​ខាង​លើ​នោះ សីម៉ា ត្រូវ​បាន​ថៅកែ​ផ្ដល់​ប្រាក់​ខែ ៤៥០​ដុល្លារ​ក្នុង​១​ខែ។

ចំនួន​នេះ តារា​ស្រី​លើក​ឡើង​ថា សម​ល្មម​នឹង​អាច​ឲ្យ​នាង​រស់​បាន​ណាស់​ទៅ​ហើយ ហើយ​រឹត​តែ​សប្បាយ​ចិត្ត​ទៅ​ទៀត​ព្រោះ នាង​មិន​ដែល​សង្ឃឹម​ថា អាច​ឲ្យ​នាង​រក​ចំណូល​បាន​គួរ​សម​សម្រាប់​ផ្គត់ផ្គង់​ខ្លួន​ឯង​ដោយ​សារ​ទេពកោសល្យ​ខាង​ចម្រៀង​នេះ​សោះ។ ក្រោយ​ពី​ច្រៀង​នៅហាង​បាន​មួយ​រយៈ​ធំ នាង​ក៏​បាន​ឈប់​ហើយ​ក៏​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក​រៀប​ចំ​ដោយ​ទូរទស្សន៍​មួយ​ក្នុង​ស្រុក​នៅ​ឆ្នាំ ២០១៨។

ចុង​ក្រោយ​បំផុត នាង​ក៏​ត្រូវ​បាន​ផលិតកម្ម Galaxy ហៅ​ចូល ធ្វើ​ជា​តារា​ចម្រៀង​កុងត្រា​កាល​ពី​ដើម​ឆ្នាំ ២០១៩។ នៅ​ក្នុង​ផលិតកម្ម​នេះ តារា​ចម្រៀង​វ័យ ២២​ឆ្នាំ មាន​បទ​ជា​ច្រើន​បាន​ចេញ​លើ​ទីផ្សារ សុទ្ធ​ជា​បទ ពេញ​និយម​ដូច​ជា​បទ "មិន​ស្មោះ ស្រឡាញ់​រក​ងាប់​អី" “យល់​ច្រឡំ​គេ​ស្រឡាញ់​យើង" “គេ​នោះ​ជា​ស្រី​កាប់​ដាវ"បទ”​ដណ្ដឹង​អូន​ទៅ”បទ​”ចង់សុំ Wifi “និង​បទ "ឡាន​ស៊ីរ៉ែន" ជា​ដើម។

នៅ​ក្នុង​ផលិតកម្ម​ខាង​លើ សីម៉ា បាន​សាង​ប្រវត្តិសាស្ត្រ​យ៉ាង​ច្រើន ដោយ​ក្នុង​១​ឆ្នាំ២០២០ នាង​បាន​វ៉ា​ដាច់​គេ​ទាំង​អស់ ក្នុង​នាម​ជា​តារា​ចម្រៀង​ស្រី ដែល​មាន​អ្នក​ចូល​ទស្សនា​បទ​ចម្រៀង​សរុប​លើ​យូធូប​រហូត​ដល់​ទៅ5០០M ។​នេះ​បើ​តាម​របាយការណ៍ ​Galaxy Navatra។ លទ្ធផល​នេះ នាង ត្រូវ​បាន​ផលិតកម្មGalaxy Navatra ចាប់​ផ្គូ​ឲ្យ​នាង​ច្រៀង ដៃគូ​ជា​​មួយ​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

បច្ចុប្បន្ន ដៃ​គូ​ចម្រៀង​ខុស​វ័យ​នេះ កំពុង​អង្រួន​បេះដូង​អ្នក​ស្ដាប់ តាម​រយៈ​ស្ទីល​ថ្មី ចម្រៀង​រសជាតិ​ថ្មី ពីរោះៗ គួរ​ឲ្យ​ចង់​រាំ តាម​រយៈ​បទ​ចម្រៀង​ច្រៀង​រួម​គ្នា​ជា​ច្រើន​បទ សុទ្ធ​ជា​ប្រភេទ​បទ​សម្រាប់​រាំ​លេង​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ។

បទ​ចម្រៀង​របស់​ពួកគេ ត្រូវ​បាន​ផលិតកម្ម​សម្រុក​ចេញ​លើ​ទីផ្សារ​លឿន​ដូច​ព្យុះ ដែល​មក​ទល់​បច្ចុប្បន្ន​មាន​ជិត ១០​បទ​ហើយ មាន​ដូច​ជា​បទ "កាត់​ឆុង" “អរគុណ​កាមេរ៉ា" “រកស៊ី​ជាមួយ​យក្ស" “ប្រហុក" និង​បទ "លក់​ឡាន​ប្រញាប់​លុយ" ជា​ដើម។ បទ​នីមួយ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង និង​ទទួល​បាន​ការ​សរសើរ​ពួក​គេ​ទាំង​ពីរ ត្បិត​ថា​ខុស​វ័យ​គ្នា​ច្រើន ប៉ុន្តែ​ចម្រៀង​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ និង​សម្ដែង​ក៏​សម​គ្នា​អស់​ទាស់​ថែម​ទៀត៕

អត្ថបទ៖ ទារិកា