ផលិតកម្ម "រាម" បញ្ចេញ Teaser បទ​ទី​១​របស់ មាស សុខ​សោភា ឡើង​ឡូយ!

  • 2021-02-09 04:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ផលិតកម្ម "រាម" ដែល​ជា​ជម្រក​ថ្មី​របស់ មាស សុខសោភា បាន​ត្រៀម​នឹង​បញ្ចេញ​បទ​ដំបូង​ឲ្យ​តារា​ចម្រៀង​ស្រី​ឆាប់​ៗ​នេះ​ហើយ ក្រោយ​ថ្មី​ៗ​នេះ ពួក​គេ​បាន​បញ្ចេញ Video Teaser ខ្លី​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

វីដេអូ​ខ្លី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​បទ​ចម្រៀង​ទី​១​របស់ មាស សុខសោភា នៅ​ក្នុង​ផលិតកម្ម​ថ្មី​ថ្មោង​នេះ មាន​ចំណង​ជើង​ថា "Return” ដែល​មាន​ន័យ​ថា​ជា​ការ​វិល​ត្រឡប់ ហើយ​ក៏​ដូច​នឹង​ការ​វិល​ត្រឡប់​របស់ អតីត​តារា​ចម្រៀង​ថោន ក្រោយ​ពី​នាង​បាន​ស្ងប់ស្ងាត់​ចេញ​បទ​ចម្រៀង​យូរ​ក្រែល​ដែរ​ហើយ។

មិន​ទាន់​មាន​អ្វី​ជា​ចំណុច​វាស់​វែង​នៃ​បទ​ចម្រៀង​ថ្មី ដែល​ត្រៀម​នឹង​ចេញ​នេះ ថា​ពីរោះ ឬ​ក៏​ខ្លឹមសារ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ថា "Return” បាន​នាំ​មក​នូវ​ទស្សនីយភាព ក៏​ដូច​ជា​អារម្មណ៍​ថ្មី តាម​រយៈ​ការ​សម្ដែង និង​ការ​តុប​តែង​ទិដ្ឋភាព​នៅ​ក្នុង​វីដេអូ​ចម្រៀង​នេះ ត្រូវ​បាន​រៀប​ចំ​តាម​របៀប​ខ្មែរ​បុរាណ មើល​ទៅ​ប្លែក និង​គួរ​ជា​ទីមនោរម្យ។ ក្រុម​ការងារ "រាម" បាន​គូស​បញ្ជាក់​ថា ពួក​គេ​សម្រិតសម្រាំង​ណាស់​សម្រាប់​វីដេអូ​ចម្រៀង​មួយ​នេះ​របស់ មាស សុខសោភា។

យ៉ាង​ណា មិន​ទាន់​មាន​កាល​បរិច្ឆេទ​ពិត​ប្រាកដ​ថា បទ​ទី​១​របស់​តារា​ស្រី​រូប​នេះ​នឹង​ចេញ​នៅ​ថ្ងៃ​ណា​នោះ​ទេ។ មាស សុខសោភា បាន​ក្លាយ​ជា​តារា​ចម្រៀង​ឯករាជ្យ​ជិត​មួយ​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន ដែល​នាង​បាន​ជ្រក​កោន​ជិត ១០​ឆ្នាំ។

ក្រោយ​ការ​ដើរ​ចេញ​នោះ នាង​ត្រូវ​បាន​គេ​ចង​ភ្ជាប់​ទៅ​នឹង​ចចាមអារ៉ាម​ថា អាច​នឹង​ចូល​ទៅ​ហង្សមាស ឬ​ក៏ Galaxy Navatra។ ប៉ុន្តែ​កាល​សប្ដាហ៍​មុន សាមី​ខ្លួន​បាន​ស្រាយ​បំភ្លឺ​អស់​ហើយ​ថា នាង​បាន​សម្រេច​ចូល​រួម​ជាមួយ​ផលិតកម្ម "រាម" រួច​ហើយ ហើយ​កម្មវិធី​សម្ពោធ​ផ្លូវ​ការ​ពី​ការ​ចូល​រួម​នឹង គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​នេះ។ តោះ...ឥឡូវ​ទស្សនា​វីដេអូ​ខ្លី​បទ​ថ្មី​ខាង​លើ​របស់ សោភា ទាំង​អស់​គ្នា​សិន៖

អត្ថបទ៖ ទារិកា

អត្ថបទថ្មី