អ្នក​និពន្ធ​នៅ Galaxy Navatra ទទួល​រង្វាន់​គាប់​ចិត្ត ក្រោយ​ធ្វើ​បទ​មួយ​ឲ្យ សីម៉ា ច្រៀង​ផ្ទុះ​ភ្លូក​ទឹក​ភ្លូក​ដី

  • 2021-02-10 05:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​មាន​ស្នាដៃ​ល្អ​១​រូប​ឈ្មោះ​ថា ប្រុស​ម៉ៅ បាន​ទទួល​រង្វាន់​ធំ​ពី​ផលិតកម្ម ក្រោយ​ពី​បទ​ចម្រៀង​របស់​គេ​១​បទ ​និពន្ធឲ្យ តន់ ចន្ទសីម៉ា ច្រៀង ផ្ទុះ​ខ្លាំង ត្រឹម​១​ខែ​សោះ មាន​អ្នក​ចូល​ស្ដាប់​ភ្លូក​ទឹក​ភ្លូក​ដី។

បទ​ចម្រៀង​នោះ គឺ​បទ "ពេល​ណា​ជួប​គេ​ម្ដង​ទៀត" ជា​ចម្រៀង​តម្អូញតម្អែរ​ពី​រឿង​ស្នេហា ស្ដាប់​ទៅ​គួរ​ឲ្យ​អាណិត។ បទ​នេះ​ច្រៀង​ដោយ តន់ ចន្ទសីម៉ា និង​បាន​ចេញ​ផ្សាយ​នៅ​លើ​យូធូប​របស់​ផលិតកម្ម​កាល​ពី​ចុង​ឆ្នាំ ២០២០។ ចំណុច​គួរ​ចាប់​អារម្មណ៍ ត្រឹម​រយៈ​១ខែ​ក្រោយ​ពី​ចេញ​ផ្សាយ​ប៉ុណ្ណោះ បទ​ចម្រៀង​មនោសញ្ចេតនា​លន្លង់លន្លោច​មួយ​នេះ មាន​អ្នក​ចុច​ចូល​ទស្សនា​ដល់​ទៅ​ជាង ១០លាន​ដង​ឯណោះ។

តួលេខ​នេះ ប្រុស​ម៉ៅ ដែល​ជា​អ្នក​និពន្ធ​បទ​ភ្លេង​នៃ​បទ​ចម្រៀង​ខាង​លើ បញ្ជាក់​ថា ក្លាយ​ជា​បទ​ដែល​មាន​អ្នក​ចូល​ទស្សនា និង​ស្ដាប់​ច្រើន​ជាង​គេ​ប្រចាំ​ខែ។ ដូច្នេះ​ហើយ​លោក​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១០០០​ដុល្លារ​អាមេរិក​ពី​ផលិតកម្ម​ទុក​ជា​ការ​លើក​ទឹក​ចិត្ត។

តាម​រយៈ​វីដេអូ​ខ្លី ប្រុស​ម៉ៅ ថ្លែង​ថា "ខ្ញុំ​ឈ្មោះ ប្រុស​ម៉ៅ ជា​អ្នក​និពន្ធ​ប្រចាំ​នៅ​ផលិតកម្ម Galaxy Navatra និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង​បទ "ពេល​ណា​ជួប​គេ​ម្ដង​ទៀត" ដែល​ខ្ញុំ​បាន​សហការ​ផលិត​ជាមួយ​បង យឹម តា​ស្រង់ ហើយ​បទ​នេះ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ ត្រឹម​តែ ១ខែ​ទេ បទ​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង ១០លាន​ដង ហើយ​ ថ្ងៃ​នេះ ខ្ញុំ​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ចំនួន ១០០០ដុល្លារ អរគុណ​សម្រាប់​ការ​គាំទ្រ!”។

ផលិតកម្ម Galaxy Navatra ក៏​បាន​ចែកចាយ​ដំណឹង​នេះ​ដែរ បញ្ជាក់​ពី​សមិទ្ធផល​របស់​អ្នកនិពន្ធបទភ្លេង ប្រុសម៉ៅ នា​ពេល​នេះ និង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន បាន​ចូល​មក​អបអរ​អ្នកនិពន្ធ​វ័យ​ក្មេង៕

ស្ដាប់បទ​នេះ ទាំង​អស់​គ្នា​ម្ដង​ទៀត​មើល៍៖

អត្ថបទ៖ ទារិកា