​​ចប់​ Pre Season ហេតុ​ផល​៣​យ៉ាង​ដែល​គ្រប់​គ្នា​មិនអាច​មើល​រំលង​ភ្នំពេញ​ក្រោន

  • 2021-02-15 02:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រោយ​ចប់​ការ​ប្រកួត​ពាន​បើក​រដូវ​កាល​​ពី​ពេល​ថ្មី​ៗ​នេះ​ ភ្នំពេញ​ក្រោន​បាន​ក្លាយ​ជា​ជើង​ឯក​​ពាន​បើក​រដូវ​កាល​របស់​វិសាខា ដែល​សុទ្ធតែ​​ក្រុម​ខ្លាំង​មាន Angkor Tiger វិសាខា និង​ស្វាយរៀង។

​យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត​ពាន​នេះ​គេ​មិន​អាច​មើល​រំលង​ភ្នំពេញ​​ក្រោន​បាន​ឡើយ ​​ក្រោម​ហេតុផល​​​​៣​ខាង​ក្រោម​នេះ សម្រាប់​រដូវ​កាល​២០២១​​៖

១-​យក​ឈ្នះ​វិសាខា ជា​មួយ​ទម្រង់​លេង​គួរឲ្យ​ភ្ញាក់ផ្អើល៖ គ្រប់​គ្នា​សុទ្ធ​តែ​បាន​​ឃើញ​​ហើយ​ថា វិសាខា បាន​ប្រើ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ខ្លួន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ខ្លាំង​ស្វាយរៀង​២​​​ដង​ ក្នុង​ការ​ប្រកួត​ពាន​បើក​រដូវ​កាល​របស់​ Tiger ម្ដង​​ និង​ពាន​របស់​ខ្លួន​ម្ដង​។ ប៉ុន្តែ​ពេល​ប៉ះ​ភ្នំពេញ​​ក្រោន​វិសាខា បែរ​ជា​គ្រប់​គ្រង​ស្ថានការណ៍​មិន​បាន​ បើ​ទោះ​នាំ​មុខ​រហូត​២-០​មុន​ក៏​ដោយ ហើយ​​ពួក​គេ​បែរ​ជា​ចាញ់​ភ្នំពេញ​ក្រោន​​វិញ ៣-២ នៅ​ចុង​ម៉ោង​។ ​បើ​មើល​ទៅ​លើ​ប្រកួត​នោះ​ភ្នំពេញ​ក្រោន​បាន​ប្រើ​ទម្រង់​លេង​បាល់​ខ្លី ​បាន​យ៉ាង​ល្អ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​បង្កើត​ឱកាស​ស៊ុត​វិសាខា​ច្រើន​លើក​ច្រើន​សារ រហូត​រក​បាន​ជ័យជម្នះ​​​។

​២-​ឆន្ទៈ​ក្រុម​ និង​ការ​បង្កើត​ឱកាស​៖ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​លោក Oleg Starynskyi ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រូ​បង្វឹក​​ថ្មី​រូប​នេះ​​ហាក់​ជា​ចំណែក​ថ្មី​មួយ​ជួយ​ឲ្យ​កីឡាករ​របស់​ក្រុម​​បង្ហាញ​នូវ​ទម្រង់​លេង​ល្អ​​ខ្លាំង​បែប​នេះ។ ​ជា​ការ​ពិត​បាល់ទាត់​អាច​និយាយ​បាន​ថា ​ពឹង​ផ្អែក​​មួយ​ផ្នែក​លើ​សំណាង​​ ប៉ុន្តែ​សំណាង​ទាំង​អស់​មិន​មែន​ចេះ​តែ​កើត​មាន​គ្រប់​ក្រុម​នោះ​ទេ គឺ​វា​កើត​មក​បាន​លុះ​ត្រា​តែ​ក្រុម​នោះ​បាន​បង្កើត​​ឱកាស​សម្រាប់​ខ្លួន​ឯង​ផង​ដែរ។ ​ជាក់​ស្ដែង​ដូច​ជា​​ភ្នំពេញ​ក្រោន​បាន​​បង្កើត​ឱកាស​យ៉ាង​ច្រើន​សម្រាប់​ខ្លួនឯង​ ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​កន្លង​ទៅ​។

៣-ធនធាន​កីឡាករ​គ្រប់​គ្រាន់​៖ ភ្នំពេញ​ក្រោនជា​ក្រុម​ដែល​មាន​ធនធាន​កីឡាករ​​ខ្មែរ​គ្រប់​គ្រាន់ ហើយ​ក្រុម​នេះ​​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​​កំណត់​គោលដៅ​លើក​ពាន​សម្រាប់​រដូវ​កាល​២០២១ ។ ដូច្នេះ​បើ​សិន​ក្រុម​នេះ​ដាក់​គោលដៅ​បែប​​នេះ គ្រាន់​តែ​ចាយ​លុយ​ទិញ​កីឡាករ​បរទេស​ល្អ​ៗ ពិត​ណាស់​​​ ​រដូវ​កាល​​២០២១​ភ្នំពេញ​ក្រោន​មិន​អាច​មើល​រំលង​បាន។ បើ​មើល​ទៅ​លើ​កីឡាករ​បរទេស​បច្ចុប្បន្ន​របស់​ភ្នំពេញ​ក្រោន​​ សុទ្ធ​តែ​លេង​​ល្អ ពិសេស​គឺ​ខ្សែ​ប្រយុទ្ធ Matheus Sousa ​​ជា​ដើម​។ ​​គោលដៅ​សម្រាប់​ឆ្នាំ​នេះ លោក កែវ សុខងន អ្នក​ចាត់ការ​​ក្រុម​ភ្នំពេញ​ក្រោន​បាន ​កំណត់​ថា នឹង​យក​កីឡាករ​បរទេស​ទី​៥ ​ដ៏​ល្អ​ម្នាក់​បន្ថែម​ទៀត​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​