ទើប​ធ្លាយ​រឿង​ តន់ ច័ន្ទសីម៉ា ក្រាញ​មិន​ឡើង​​ច្រៀងឲ្យ​កម្មវិធី​តន្ត្រី​ធំ​មួយ ខណៈ​ដល់​ម៉ោង​ទៅ​ហើយ!!

  • 2021-02-16 11:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មានដែល​​ធ្លាយ​ចេញ​នៅ​រសៀល​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា និង ខេម មិន​សម្រេច​មិន​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​អបអរ "ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់" ១៤ កុម្ភៈ ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន Smart ស្របពេល ដែល សីម៉ា បានត្រៀមខ្លួនរួចរាល់សម្រាប់ឡើង​ឆាក​ទៅ​ហើយ។

ស្ថានភាព​នោះ តាម​ព័ត៌មាន​ដែល​ទទួល​បាន គឺថា ដើម​ឡើយ តារា​ចម្រៀងទាំង​ពីរ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយសម្រាប់​ឡើង​ឆាក ប៉ុន្តែ​ពេល​ដល់វេលា​ទៅ​ហើយ ពួក​គេ​បាន​សម្រេច​មិន​ឡើង​ច្រៀង​ទៅ​វិញ ដែល​នាំ​ឲ្យ​មាន​ការ​ភ័ន្ត​ភាំង​ខ្លះ​នៅ​ក្នុង​ក្រុមការងាររៀប​ចំ​ការ​ប្រគំតន្ត្រី។

ជុំវិញបញ្ហា បើតាមការ​បញ្ជាក់​របស់​តារា​ចម្រៀងស្រី តន់ ចន្ទ​សីម៉ា បានបង្ហើបប្រាប់ Sabay ថា ពិត​ជា​រឿង​បែប​នោះ​មែន ពោល​គឺ​នាង​មិន​បាន​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ខាង​លើ​មែន។ ប៉ុន្តែ​ចំពោះ​មូលហេតុ​អ្វី​ពិត​ប្រាកដ ក៏​នាង​មិន​ដឹង​ដែរ ព្រោះ​ថា នាង​ធ្វើ​តែ​តាម​ថ្នាក់​លើ​ដែរ។ "ចាស​បង...ខ្ញុំ​អត់​បាន​ឡើង​មែន តែ​មូលហេតុ​អ្វី ក៏​ខ្ញុំ​អត់​ច្បាស់​ដែរ ពេល​នោះ Galaxy ប្រាប់​ថា អត់​ឲ្យ​ឡើង!"។

ដោយ​ឡែក ខាង​ Smart វិញ លោក គាំ ទិវា ដែល​ជា​មន្ត្រី​ទំនាក់ទំនងសាធារណៈ​របស់​ក្រុមហ៊ុន បាន​បញ្ជាក់ថា លោក​មិនបាន​ដឹង​រឿង​ច្បាស់ទេ តែ​មុន​កម្មវិធី​ពិត​ជា​មាន​ការ​ដក​ឈ្មោះ​លោក ខេម ពិ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មែន។ តែ​សាច់​រឿង​យ៉ាង​ណា លោក​មិន​បាន​ដឹង​ទេ ម្យ៉ាង​ចំពោះ​ករណី​ សីម៉ា មិន​បាន​ឡើង​ច្រៀង​​ថ្ងៃ​ធ្វើ​​កម្មវិធី លោក​រឹត​តែ​មិន​ដឹង ព្រោះ​លោក​មិន​នៅ​​ក្នុង​ហេតុការណ៍​នោះទេ។ លោក​ថា នឹង​ឆែក​រឿង​នេះ​បន្ថែម​ជាមួយ​ក្រុម​ការងារ មុន​ឆ្លើយ​តប​មក​កាន់​ក្រុម​ការងារ Sabay វិញ។

ងាក​មក​គណៈ​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra វិញ​បាន​បញ្ជាក់​​ថា ពិត​ជា​មាន​រឿង​ដូច្នោះ​មែន។ យ៉ាង​ណាលោក​ យឹម តាស្រង់ មិន​បាននិយាយ​លម្អិត​ពី​ឬសគល់​នៃ​បញ្ហា​ឡើយ​។ លោក​គ្រាន់​តែ​បញ្ជាក់​ថា រឿង​ដែល​កើត​ឡើង គឺ​ដោយ​សារ​តែ​មាន​ការ​ភ័ន្ត​ច្រឡំ​តិច​តួច​ប៉ុណ្ណោះ។

លោក​ថា "ខេម និង សីម៉ា មិន​បាន​ឡើង​ច្រៀង​កម្មវិធី Smart មែន កាល​ពី​ថ្ងៃ​ទី ១៤ តែ​នោះ ​ដោយ​សារ​តែ​មាន​ការ​ភ័ន្ត​ច្រឡំ​បន្តិចបន្តួច​ទេ!"។

បើ​ទោះ​ជាមាន​បាតុភាព​បែប​នេះ​ក្ដី ប៉ុន្តែ​ថា មិន​មាន​ការ​ប៉ះពាល់​ដល់​ការ​ប្រគំ​តន្ត្រី​ទាំង​មូល​នោះ​ទេ ពោល​គឺ​កម្មវិធី​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ។ ងាក​មក​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ទាំង​ពីរ នាយក​គ្រប់​គ្រង​ផលិតកម្ម បញ្ជាក់​ថា មកទល់​ពេល​នេះ ភាគី​ទាំង​ពីរ​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដដែល។ "ខណៈ​ពេល​នេះរវាង​ក្រុមហ៊ុន Galaxy Navatra និង​ក្រុមហ៊ុន Smart នៅ​តែ​បន្តរួម​ការងារ​ជាមួយ​គ្នា ជា​ដៃគូ​សហការ​ដ៏​ល្អ​ដដែល​ទេ!" តាស្រង់ ថ្លែង៕

អត្ថបទ៖ Pav Sreypich