ក្លាយជាម្ចាស់រថយន្តថ្មី ជាមួយការប្រាក់ត្រឹមតែ ៨,៥% ក្នុងមួយឆ្នាំ ពីធនាគារ CIMB

  • 2021-03-05 04:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើលោកអ្នកត្រូវការរថយន្តថ្មី ហើយកំពុងស្វែងរកកម្ចីធនាគារ ដែលមានការប្រាក់ទាប និងលក្ខខណ្ឌល្អប្រសើរមែនដែរឬទេ? ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បានផ្តល់ជូនកម្មវិធីពិសេស សម្រាប់ឥណទានរថយន្ត ជាមួយនឹងអត្រាការប្រាក់ ត្រឹមតែ ៨,៥% ក្នុងមួយឆ្នាំ (ឬ ០,៧% ក្នុងមួយខែ)។

អត្រាការប្រាក់ពិសេសមិនធ្លាប់មាននេះ ផ្តល់ជូនភ្ញៀវដែលអតិថិជនស្រាប់ របស់ធនាគារ CIMB ខណៈដែលអតិថិជនថ្មីក៏ទទួលបានអត្រាប្រាក់ល្អផងដែរ ត្រឹមតែ ៩% ក្នុងមួយឆ្នាំ (ឬ ០,៧៥% ក្នុងមួយខែ) សម្រាប់ការស្នើសុំឥណទាន ដើម្បីទិញរថយន្តថ្មីរបស់ក្រុមហ៊ុន។ ទំហំនៃឥណទានអាចខ្ចីបាន រហូតដល់ ៧០% នៃតម្លៃរថយន្ត ហើយការអនុម័តឥណទាន គឺមានភាពរហ័សទាន់ចិត្តផងដែរ។ ជាពិសេស ឥណទានរថយន្តរបស់ធនាគារ CIMB ផ្តល់ជូនការកាត់ឈ្មោះកាតគ្រី ឬប័ណ្ឌចុះបញ្ជីយានយន្តភ្លាមៗ ជាមួយឈ្មោះអតិថិជនផ្ទាល់តែម្តង។

លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ «បច្ចុប្បន្ន តម្រូវការរថយន្តរបស់ប្រជាពលរដ្ឋមានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងនោះ អតិថិជនក៏ងាកមកប្រើប្រាស់រថយន្តថ្មីកាន់តែច្រើនឡើង ដោយសារអតិថិជនគិតពីសុវត្ថិភាព និងផាសុកភាព សម្រាប់ក្រុមគ្រួសាររបស់គាត់។ ហេតុដូច្នេះហើយ ទើបធនាគារ CIMB រួមចំណែកជួយឲ្យអតិថិជន ក្លាយជាម្ចាស់រថយន្តថ្មី ជាមួយអត្រាការប្រាក់ទាប និងលក្ខខណ្ឌល្អប្រសើរផងដែរ»។

ជាមួយគ្នានេះ លោកស្រី ធីតា ក៏បានផ្តល់មតិយោបល់ដែរថា៖ ការមានរថយន្តផ្ទាល់ខ្លួន ជាពិសេសសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន គឺជារឿងល្អប្រសើរ ដែលអាចជួយសម្រួលដល់ធ្វើការដំណើរជិតឆ្ងាយ ប្រកបដោយសុខសុវត្ថិភាព ស្របពេលដែលរថយន្តថ្មី នឹងធ្វើឲ្យការប្រើប្រាស់របស់យើងកាន់តែមានផាសុកភាព និងទទួលបានការធានាច្រើនឆ្នាំ ពីក្រុមហ៊ុនរថយន្ត។ តែទោះជាយ៉ាងណាក៏ដោយ យើងក៏ត្រូវគិតគូឲ្យច្បាស់លាស់ លើកត្តាប្រាក់ចំណូល ធៀបនឹងចំណាយ ព្រមទាំងលទ្ធភាពផ្ទាល់ខ្លួន ពេលធ្វើការជ្រើសរើសសេវាឥណទាន និងរថយន្តណាមួយ ដែលសមស្រប ទៅតាមតម្រូវការអស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ​ +855 (0) 23 988 388 / (0) 96 669 2222 / (0) 95 428333 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh​ ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB។​

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៥២,៣ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៦.០០០នាក់ នៅក្នុងប្រទេសចំនួន ១៦៕

អត្ថបទពេញនិយម