ទោះគ្រប់គ្នា​ថា​មិនសម តែ​ស្ត្រីម្នាក់នេះ​នៅ​តែជម្នះចង់​ធ្វើ​ជាអ្នកដឹកជញ្ជូនដើម្បីសន្សំលុយ​សម្រេចគោលដៅអនាគត​

  • 2021-03-08 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណា​ថា​ការងារជាអ្នក​ដឹកជញ្ជូន​​មិនសមនឹង​​ស្រីៗ​ធ្វើ ជាក់ស្តែង​ស្ត្រីវ័យ​ ២៨ឆ្នាំ ឈ្មោះថា សាន់ ខេមា បាន​អះអាងថា ទោះ​មិនធ្លាប់​គិតដល់ពីមុនមក តែ​ជីវិតនាងហាក់​ប្រសើរ​ឡើងច្រើន ក្រោយ​​ចាប់អាជីពជាអ្នកដឹកជញ្ចូនដៃគូក្រុមហ៊ុន foodpanda​ មិនថា​ទាំងជីវភាព ពេលវេលា សុខភាព​ចិត្ត​ និង​ ផ្លូវ​កាយ​។

«ជាការពិត​ណាស់​ ក្រោយ​អ្នកផ្ទះខ្ញុំ​ដឹង​ថា​​ ខ្ញុំ​ធ្វើការងារ​ជាអ្នកដឹកជញ្ជូន ពួកគាត់​ក៏បារម្ភ​ណាស់​ដែរ ព្រោះជា​ស្រីម្នាក់​ ត្រូវ​បើកបរម៉ូតូពេញមួយថ្ងៃ ហាលថ្ងៃ ហាលភ្លៀង​ ម្យ៉ាង​គាត់​បារម្ភ​រឿង​សុវត្ថិភាពលើផ្លូវផង ។ តែខ្ញុំបានសន្យាជាមួយពួកគាត់ថានឹងប្រយ័ត្នប្រយែង មិនបើកបរលឿនហើយ គិតគូរដល់សុវត្ថភាពជាចម្បង ទើបគាត់ទុកចិត្តឲ្យធ្វើការងារ​នេះ» ។ នេះ​បើតាម​ការ​ឲ្យដឹង​ពី ខេមា ដែល​បាន​ក្លាយ​ជា​ដៃគូដឹកជញ្ជូន​ foodpanda ជាង​កន្លះឆ្នាំមកហើយ​។​

« ស្រីៗធ្វើការងារមួយនេះ អាច​ពិបាកបន្តិចដែរ បើ​មានកូនតូច ឬ មានកាតព្វកិច្ចគ្រួសារ​ច្រើនត្រូវ​បំពេញ ។​ តែមែនទែនទៅយើង​អាច​ជ្រើសរើស​ម៉ោងធ្វើការងារបាន សម្រាប់​ខ្ញុំគិត​ថា​វា​អំណោយផលសម្រាប់​ស្ត្រីទៅវិញទេ។ ជាក់ស្តែង ទោះខ្ញុំមានគ្រួសារ​ហើយក្តី តែខ្ញុំនៅតែអាច​ធ្វើការងារនេះ​បាន​ល្អ ហើយ​យើង​កំពុងសន្សំលុយដើម្បីសម្រេច​ក្តីស្រមៃ​ ​ ដែលចង់​បើកហាងកាហ្វេតូចមួយនាថ្ងៃអនាគត ​»។​ ខេមា បញ្ជាក់​បន្ថែម។​

កើតក្នុងគ្រួសារ​កសិករ​ នៅ​ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​ ជា​កូនទី ៥ ក្នុងចំណោម បងប្អូន ៦នាក់​ ខេមា ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ចេញ​ធ្វើ​ការ​ងារជា​កម្មការនីរោងចក្រក្រោយ​បញ្ចប់​​ថ្នាក់​ទី ១២ អស់​រយៈពេល ២​ឆ្នាំ​ មុនឈានមក​ចាប់​អាជីព​ជា​អ្នកដឹកជញ្ជូន foodpanda ដូចបច្ចុប្បន្ន។

រំលឹក​ឡើងវិញ ពីចំណុច​ចាប់​ផ្តើមក្នុង​អាជីពនេះ ខេមា​ បាន​ឲ្យ​ដឹងថា ៖ « ក្នុង​ឆ្នាំ​២០២០ ខ្ញុំបាន​សម្រេច​ចិត្ត​មក​រស់នៅ ទីក្រុង​ភ្នំពេញ​ដើម្បីរៀនបន្ត និង​ធ្វើការងារ​បណ្តើរផង​។ តែ​ដោយ​សារការ​ផ្ទុះឡើងនៃ​មេរោគ​កូវីដ១៩ ធ្វើឲ្យ​ខ្ញុំ​​ពិបាក​រកការងារធ្វើ​ ម្យ៉ាងខ្ញុំ​​មើលឃើញថា​ការងារជាអ្នក​ដឹក មានតម្រូវ​ការ​ខ្លាំង​ណាស់​ក្នុង​អំឡុង​កូវីដ១៩ ទើប​​ស្វះស្វែងសួរនាំ​គេឯង ​រហូត​ទទួលបាន​ការងារមួយនេះដូចបំណង​»​​។

ចំណូលដែលទទួលបាន​ប្រចាំ​ថ្ងៃ​ គឺ​អាស្រ័យ ចំនួន​ដឹកជញ្ជូន និង​ចម្ងាយដឹក ដូច្នេះ​បើ​យើ​ងធ្វើច្រើន ចំណូលក៏បានច្រើនដែរ។​ ការ​បើក​ប្រាក់ចំណូលពីក្រុមហ៊ុន​ គឺ មួយសប្តាហ៍ម្តង។​ ដើម្បីធ្វើការងារនេះក្នុង​មួយខែៗ ខេមា ត្រូវ​ចំណាយលើថ្លៃ​សាំង ប្រមាណ ១៥ម៉ឺនរៀល និង​ កាតទូរស័ព្ទ ១០ដុល្លារ។

« ការងារនេះ​​រវល់​ខ្លាំង តែខ្ញុំ​សប្បាយធ្វើ ហើយគ្មានសម្ពាធអីពេកដែរ អាច​មកពី ខ្ញុំជា​មនុស្ស​មិនចូលចិត្តនៅមួយកន្លែងស្រាប់។​ ជា​ទម្លាប់​ រៀងរាល់ព្រឹក ​ខ្ញុំ​ត្រូវ​ភ្ញាក់​ នៅម៉ោង ៦ រៀប​ចំខ្លួន និង​ញុំា​អាហារ​ជាស្រេច​នៅ​ផ្ទះ ហើយត្រូវ​ត្រៀមខ្លួន​ចាប់​ផ្តើមធ្វើការងារដឹកជញ្ជូន​​ចាប់ពីម៉ោង ៧ ទៅរហូតដល់ម៉ោង ៤កន្លះល្ងាច»។

កន្លងមក​ ខេមា មិនដែលជួបការលំបាកធំដុំអីដោះស្រាយមិនរួចនោះទេ ព្រោះខ្លួន​ធ្វើការងារវេនថ្ងៃ មិនសូវប្រឈមខ្លាំងដូចអ្នកធ្វើវេនយប់ឡើយ។ ហើយអ្វីដែលពិបាកនោះ គឺ ហាលថ្ងៃក្តៅ ពេលខ្លះទូរស័ព្ទទាក់ទងភ្ញៀវអត់លើក ត្រូវ​ឈរចាំយូរ និង​ពេលខ្លះខាង​ហាងធ្វើម្ហូបយឺត ឬ ស្ទះចរាចរ ធ្វើ​ឲ្យដឹកជូនភ្ញៀវយឺតយ៉ាវ គេ​មិនសប្បាយចិត្ត​ជាដើម ។

«ខ្លះពេល​ឃើញអ្នក​ដឹកជញ្ជូនជា​ស្ត្រីអីចឹង គេ​ច្រើនភ្ញាក់​ផ្អើល និង​សរសើរទៅវិញទេ​ដែលអាចធ្វើការងារ​ហាលក្តៅបាន​ ហើយ​ក៏មិនដែល​ស្តីឲ្យអីខ្លាំងដែរ ពេល​យឺតយ៉ាវដឹកតិចតួច​»។

បច្ចុប្បន្ន ក្រោយ​ចប់ម៉ោង​ធ្វើការ ខេមា​ រៀនជំនាញឆុងកាហ្វេ ដែល​ជាវគ្គខ្លី​ ដើម្បីឈោង​ចាប់សុបិនខ្លួន ដែលចង់​បើកហាងកាហ្វេ។ តែ​ខេមា​ក៏បាន​បញ្ចាក់​ដែរថា​៖ «​​ ទោះថ្ងៃក្រោយខ្ញុំ​ សម្រេច​បំណង​បើ​កហាងកាហ្វេ​នេះ​ក្តី ខ្ញុំគិតថា​ខ្ញុំ​នៅតែចង់​ធ្វើជាអ្នកដឹកជញ្ជួន​ដដែល គ្រាន់តែរើស​ម៉ោងពេល​ធ្វើ​ដែលខ្ញុំអាចធ្វើបាន ព្រោះខ្ញុំ​ស្រលាញ់ការងារ​នេះណាស់ »។

ឆ្លើយតបនឹង​ការលើកឡើងរបស់​មនុស្ស​ភាគច្រើនថា​ ការងារ​ជា​អ្នកដឹកជញ្ជូន​ ស្ត្រីធ្វើ​មិនបានល្អ ឬ លះ​ដូចបុរសនោះ ខេមា​ យល់​ថា ៖ « ការងារ​នេះ​មិនប្រកាន់ប្រុសឬ ស្រីនោះទេ ​សម័យនេះការងារ​អី​ដែលបុរស​ធ្វើ​បាន ស្ត្រី​ក៏ធ្វើបានល្អដែរ សំខាន់ ​គឺ ​ចរឹតលក្ខណៈ ,ការអំណត់, ចិត្តធ្ងន់ ,ស្វាហាប់ ព្យាយាមធ្វើការវិញទេ។ ជាក់ស្តែងទៅនៅក្រុមហ៊ុន ​ foodpanda បច្ចុប្បន្ន​មានអ្នកស្ត្រីជាដៃគូដឹកជញ្ជូនច្រើន​គួរសមដែរ​»៕

អត្ថបទ៖ សុខុន សុម៉ាភាវី