ចូលចិត្តលេងហ្គេម និងជា Streamer ក៏ពិតមែនតែ សៀ នាង បែរ​ជាស្រលាញ់អាជីពនេះវិញ

  • 2021-03-12 07:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីស្រស់ស្អាតដែល​គ្រប់គ្នាធ្លាប់បានស្គាល់នៅក្នុងបណ្ដាញសង្គម Tik Tok កន្លងមក។ នាង​ក៏ជាអ្នក Streamer មួយរូបកំពុងមានឈ្មោះល្បីនៅក្នុងរង្វង់អ្នកលេងកីឡាអេឡិចត្រូនិចក្នុងស្រុកខ្មែរផងដែរ។

ទោះបីមួយថ្ងៃកញ្ញា សៀ នាង ធ្វើការ Live ហ្គេម ២ទៅ ៣ម៉ោង ក៏តែ នាងនៅបន្តធ្វើការងារជាធម្មតា និងសម្ដែង ពិសេសនៅក្នុងបណ្ដាញសង្គម Tik Tok ។ សៀ នាង ចាប់ផ្ដើមមាន​ចំណូលចិត្ត​នឹង​ការសម្ដែង ដោយក្ដីស្រមៃទៅថ្ងៃខាង​មុខចង់ក្លាយជា អ្នកសម្ដែងអាជីពមួយរូប។

ជាកូនអ្នកភ្នំពេញ កើតនៅក្នុងគ្រួសារមានបងប្អូន ៥នាក់ សៀ នាង បើទោះជាខ្លួនមិនបានរៀនចប់ត្រឹមទី ១២ ក៏ពិតមែនតែ នាង បានប្រឡូកជាមួយការងារជាច្រើនមុនពេលមានឈ្មោះល្បីនៅក្នុងបណ្ដាញសង្គមដូចសព្វថ្ងៃនេះ។ សៀ នាង ថាត្បិតខ្លួនជាស្រីតែចរិកមួយរបស់ខ្លួនគឺមានចិត្តស្រលាញ់អ្វីៗដូចជាមនុស្សប្រុសដែរដូចជា ការលេងហ្គេម ឬរបស់ប្រើប្រាស់មួយចំនួន។

សៀ នាង បានប្រាប់ថា ដំបូងខ្លួនត្រឹមតែជាអ្នកលេងហ្គេមកម្សាន្តសប្បាយធម្មតាប៉ុណ្ណេះ តែសង្កេតឃើញថាបច្ចុប្បន្ន ការលេងហ្គេមឬកីឡាអេឡិចត្រូនិក នេះកំពុងមានភាពពេញនិយម កញ្ញា បានចាប់ផ្ដើមចាប់អាជីពជា Streamer នៅដើមឆ្នាំ ២០១៩ និងមានអ្នកគាំទ្រកាន់តែច្រើនឡើងៗ។ ក្រៅពីជា Streamer សៀ នាង ក៏មានទេពកោសល្យច្រើនក្រៅពីការលេង ហ្គេម ដូចជា ធ្វើជាពិធីការនី សម្ដែង និងអ្នកអធិប្បាយហ្គេមផងដែរ។

Streamer ដែលមានសម្ជស្ស​ស្រស់ស្អាតនិងមាន​ទេពកោសល្យរូបនេះ ក៏បានបន្ថែម​ទៀតថា នឹងចាប់ផ្ដើមប្រឡូកចូលក្នុងការងារជាអ្នកសម្ដែង ធ្វើ​ជា​ពិធីការនីព្រោះនេះជាចំណង់ចំណូលចិត្ត និងជាក្ដីស្រមៃរបស់ខ្លួន។ សៀ នាង ក៏សង្ឃឹមថានិងមានអ្នកគាំទ្រខ្លួននៅតែស្រលាញ់ ចូលចិត្ត ដែលនេះហើយគឺជាកម្លាំងចិត្តសម្រាប់ឲ្យកញ្ញាអាចបន្តចាប់យកក្ដីស្រមៃរបស់ខ្លួន៕

អត្ថបទ៖ ម៉េងងី