គ្រូពេទ្យជំនាញមួយរូបនៅកម្ពុជា ប្រាប់ឱ្យ ទិញក្រូចស្រស់មកហូបខ្លួនឯងល្អបំផុត ព្រោះហេតុផលនេះ

  • 2021-03-31 10:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្សព្វផ្សាយលក់ទឹកក្រូចច្រកដប កាន់តែមានភាពផុលផុសយ៉ាងខ្លាំង នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ រាតត្បាតកាន់តែខ្លាំង ។ ក្រុមអ្នកលក់ទឹកក្រូចព្យាយាមលើកហេតុផលពីវីតាមីន C ដែលមាននៅក្នុងផលិតផលរបស់ពួកគេ អាចជួយទប់ស្កាត់ការឆ្លងវីរុសកូវីដ ឬអាចជួយបង្កើននូវប្រព័ន្ធការពាររាងកាយជាដើម ដើម្បីទាក់ចិត្តអ្នកទិញ ។

ដោយឡែក បើតាមការលើកឡើងពីអ្នកជំនាញក្នុងវិស័យសុខាភិបាលមួយរូបនៅប្រទេសកម្ពុជា ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា វីតាមីន C ដែលមាននៅក្នុងទឹកក្រូច គឺវាមិនខុសនោះទេ ប៉ុន្តែបើសួរថាការទិញទឹកក្រូចមកផឹក ឬទិញផ្លែក្រូចស្រស់មកច្របាច់ផឹកមួយណាល្អជាង ? ជាការពិតណាស់ វីតាមីន C នៅក្នុងផ្លែក្រូចស្រស់ គឺល្អជាង ។

អ្នកជំនាញផ្នែកឱសថការីរូបនេះប្រាប់ទៀតថា នៅក្នុងទឹកក្រូច ឬផ្លែក្រូច ដូចជាក្រូចពោធិ៍សាត់របស់ខ្មែរយើង គឺតែងមានប្រភព វីតាមីន C ដែលមានតួនាទីជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ ជា អុកស៊ីអក់ស៊ីឌិន មានមុខងារជួយការពារ ការចម្លងជំងឺផ្សេងៗ រាប់ទាំងជំងឺផ្ដាសាយផង ។ យ៉ាងណាមិញលោកគ្រូពេទ្យរូបនេះប្រាប់ថា ត្រូវចាំថាចំពោះវីរុសកូវីដ ១៩ គឺងាយចម្លងបំផុត ទោះបីជាប្រព័ន្ធការពាររាងកាយរឹងមាំក៏អាចចម្លងបានដូចគ្នា គ្រាន់តែជួយកាត់បន្ថយហានិភ័យនៃការឆ្លងប៉ុណ្ណោះ ។

វីតាមីន C មានអត្ថប្រយោជន៍ចំពោះរាងកាយ ដែលប្រៀបដូចជាកងទ័ពការពារសត្រូវមិនអាចឆ្មក់ចូលបាន ។ ដូច្នេះកាលណារាងកាយមនុស្សយើង មានប្រព័ន្ធការពារខ្លាំង នោះជំងឺក៏មិនងាយឆ្លងដែរ ដែលវីតាមីន C នេះមានប្រភពនៅក្នុងថ្នាំពេទ្យ ផ្លែក្រូច និងបន្លែ ផ្លែឈើ មួយចំនួនទៀត ។

និយាយដល់ការច្របាច់ក្រូចលក់ច្រកដប និងក្រូចច្របាច់ភ្លាមៗ លោកគ្រូពេទ្យដដែលប្រាប់ថា វាអាស្រ័យលើអ្នកផលិត ។ ប្រសិនបើក្រូចច្របាច់ភ្លាមៗ គឺវីតាមីន C មាននៅក្នុងបរិមាណមួយ ដែលមិនបាត់បង់នូវគុណប្រយោជន៍របស់វា ព្រោះជាក្រូចស្រស់ៗ ។ ដោយឡែកផលិតផលដែលគេច្រកលក់ គឺវាអាចមានសារធាតុដើម្បីរក្សាទុកបានយូរ ដូច្នេះគុណប្រយោជន៍ វីតាមីន C គឺបាត់បង់ទៅតាមនោះ ។ ដូច្នេះជម្រើសល្អបំផុត គឺទទួលក្រូចស្រស់ៗនេះហើយ ។

ដូច្នេះជារួមអ្នកជំនាញបានផ្ដល់យោបល់ថា វីតាមីន C គឺមាននៅជុំវិញខ្លួនយើង រាប់តាំងពីផ្លែម្ទេសឡើង បន្លែផ្សេងៗ សុទ្ធតែមានសារធាតុជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ ។ ចំពោះផលិតផលដែលគេផ្សព្វផ្សាយ គឺជាឱកាសទីផ្សាររបស់ពួកគេដើម្បីលក់ផលិតផលឱ្យដាច់ប៉ុណ្ណោះ ស្របពេលដែលប្រជាជនកំពុងត្រូវការសារធាតុបំប៉នរាងកាយ ទាំងមិនដឹងថា របស់ជុំវិញខ្លួនសុទ្ធតែមានអត្ថប្រយោជន៍ ៕

អត្ថបទ៖ MC Chandarareth

អត្ថបទពេញនិយម