Toyota ចេញឡានថ្មី ២ម៉ូដែលនៅជប៉ុន បំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត២ ដំបូងបង្អស់

  • 2021-04-13 02:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Mirai ស៊េរីថ្មី ព្រមទាំង Lexus LS នៅក្នុងប្រទេសជប៉ុន ដែលពួកវាជាម៉ូដែលដំបូងរបស់ខ្លួនហើយ មានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត២ “Advanced Drive Level 2”។

បច្ចេកវិទ្យា Advanced Drive ថ្មីរបស់ Toyota អាចជួយបើកបរក្រោមការត្រួតពិនិត្យរបស់អ្នកបើកបរនៅលើផ្លូវហាយវេ ដោយរក្សាយានយន្តឲ្យនៅលើផ្លូវរបស់ខ្លួន, រក្សាចម្ងាយពីយានជំនិះដទៃទៀត, ផ្លាស់ប្តូរគន្លងផ្លូវ និង វ៉ាយានជំនិះដទៃ ជាដើម។

Advanced Drive ប្រើបច្ចេកវិទ្យា AI ផ្តោតលើការរៀនសូត្រ (deep learning) ក៏ដូចជា ការធ្វើបច្ចុប្បន្នភាព (over-the-air update) ដើម្បីបន្ថែមមុខងារថ្មី និងបង្កើនសុវត្ថិភាព។ ក្រុមហ៊ុន Toyota នឹងប្រមូលទិន្នន័យបើកបរនៅក្នុងប្រទេសជប៉ុន ចូលទៅក្នុងម៉ាស៊ីនមេដែលមានសុវត្ថិភាព រួមទាំងរូបភាពខាងក្រៅ និងដំណើរការយានយន្ត ក្រោមលក្ខខណ្ឌផ្លាស់ប្តូរឥតឈប់ឈរ ដើម្បីប្រើវាជាឯកសារយោងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាជំនួយការបើកបរនាពេលអនាគត។

ប្រព័ន្ធនេះប្រើកាមេរ៉ារបស់អ្នកបើកបរ ដើម្បីត្រួតពិនិត្យថាតើអ្នកបើកបរកំពុងយកចិត្តទុកដាក់ឬអត់ ដោយតាមដានភ្នែក, បន្ទាត់នៃការមើល និងឥរិយាបថបើកបរ។ ប្រសិនបើវាកំណត់ថា អ្នកបើកបរមិនយកចិត្តទុកដាក់វានឹងចេញការព្រមានដោយសំឡេង, រំញ័រខ្សែក្រវ៉ាត់ និងបាញ់ភ្លើងតាមរយៈកុងទ័របាញ់លើកញ្ចក់។

ប្រសិនបើមិនមានការឆ្លើយតបទៅនឹងការព្រមានរបស់ប្រព័ន្ធពីអ្នកបើកបរទេនោះ វានឹងបន្ថយល្បឿនយានយន្តបន្តិចម្តងៗ ខណៈពេលដែលព្រមានអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត តាមរយៈភ្លើងសុំផ្លូវ ហើយនាំរថយន្តទៅឈប់នៅក្បែរចិញ្ចើមផ្លូវ។ នៅពេលរថយន្តឈប់បានសម្រេច ប្រព័ន្ធនោះនឹងបើកសោរទ្វារ ហើយត្រូវការជំនួយដោយទូរសព្ទទៅ HELPNET។

សូមបញ្ជាក់ថា តម្លៃសម្រាប់រថយន្ត Lexus LS500h ដែលបំពាក់ប្រព័ន្ធ Advanced Drive Level 2 គឺចាប់ពី ១៦៤ ០០០ ដុល្លារ ខណៈ Toyota Mirai វិញមានតម្លៃចាប់ពី ៧៩ ០០០ ដុល្លារ៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម