កុំទិញមកម៉េច ប្រើទាំងអ៊ីចឹង! Settings ចំនួន ៧ អ្នកកាន់ iPhone ថ្មីថ្មោងគួរប្ដូរ

  • 2021-04-16 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​ចូល​កែ​សម្រួល​ក្នុង​ Settings ​លើ iPhone អ្នក​អាច​ធ្វើ​ឲ្យ​អក្សរ​មាន​ទំហំ​ធំ​ជាង​មុន ងាយ​ស្រួល​មើល, ធ្វើ​ឲ្យ​ថ្ម​កាន់​បាន​យូរ និង​អាច​ឲ្យ​ការ​ដោះ​សោ​កាន់​តែ​រហ័ស​ជាង​មុន​ជា​ដើម។ ត​ទៅ​នេះ​គឺ​ជា​ Settings ចំនួន ៧ ដែល​អ្នក​ប្រើ iPhone ថ្មី​ថ្មោង​គួរ​ធ្វើ​ការ​ផ្លាស់​ប្ដូរ ៖

១. កំណត់​ឲ្យ​​មុខងារ​ Do Not Disturb​ ដំណើរ​ការ​ស្វ័យប្រវត្តិ​

Do Not Disturb អាច​ជួយ​ឲ្យ​លោក​អ្នក​គេង​លក់​បាន​ស្កប់ស្កល់​នា​ពេល​យប់ ដោយ​មិន​មាន​សំឡេង​ Notification រំខាន​បាន ប្រសិន​បើ​អ្នក​បើក​ដំណើរ​ការ​វា។ ​អ្នក​អាច​កំណត់​មុខងារ​នេះ​ឲ្យ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​​ចាប់​ពី​ចន្លោះ​មួយ​ណា​មួយ ទៅ​ចន្លោះ​ម៉ោង​ណា​មួយ​បាន។

ពេល​ដំណើរ​ការ Do Not Disturb នោះ​ Notification ទាំង​អស់​មិន​លោត​មក​រំខាន​អ្នក​ឡើយ។ ប៉ុន្តែ​​អ្នក​ក៏​អាច​កំណត់​ឲ្យ​​​មាន​បន្លឺ​សំឡេង​រោទ៍​បាន​​ ប្រសិន​បើ​​មាន​ការ​ហៅ​ចូល​ច្រើន​ដង​ពី​លេខ​ណា​មួយ។

២. ធ្វើ​ឲ្យ​អក្សរ​ងាយ​ស្រួល​មើល

អ្នក​អាច​ពង្រីក​ទំហំ​អក្សរ​លើ iPhone ដើម្បី​ងាយ​ស្រួល​មើល​កាន់​តែ​ច្បាស់​បាន ដោយ​ចូល​ទៅ Settings → Display & Brightness → Text Size រួច​ជ្រើស​រើស​ទំហំ​អក្សរ។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ក៏​អាច​ធ្វើ​ឲ្យ​អក្សរ​ដិត​ច្បាស់ ដោយ​ដំណើរ​ការ​នូវ​មុខងារ Bold Text ដែល​ស្ថិត​នៅ​ពី​ក្រោម Text Size។

៣. បន្ថែម​ចំនួន​ស្នាម​ម្រាម​ដៃ​

iPhone SE ថ្មី​គឺ​ជា iPhone ចុង​ក្រោយ​ដែល​នៅ​ប្រើ​ប្រាស់​នូវ Touch ID។ ដើម្បី​ឲ្យ Touch ID ដំណើរ​ការ​បាន​ច្បាស់ និង​លឿន អ្នក​គួរ​បញ្ចូល​ស្នាម​ម្រាម​ដៃ​​ឲ្យ​បាន​ច្រើន​លើស​ពី​មួយ។ ដើម្បី​បញ្ចូល​វា​ ចូល​ទៅ Settings → Touch ID & Passcode → បញ្ចូល​លេខ​កូដ → Add a fingerprint រួច​ធ្វើ​​តាម​ការ​ណែនាំ។

៤. បន្ថែម​ទម្រង់​មុខ​មួយ​ទៀត​សម្រាប់ Face ID

ចាប់​ពី iOS 12 ឡើង​ទៅ អ្នក​ប្រើ​ iPhone អាច​បន្ថែម​ផ្ទៃ​​មុខ​បាន​ពីរ​​សម្រាប់ Face ID (សម្រាប់ iPhone ដែល​មាន Face ID)​ ដើម្បី​អាច​ស្កេន​មុខ​រហ័ស ជា​ពិសេស​សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ប្ដូរ​មុខមាត់ ពេល​ខ្លះ​ពាក់​វ៉ែនតា​ពេល​ខ្លះ​អត់​ពាក់ និង​ពេល​ខ្លះ​ផាត់​មុខ​ក្រាស់​ពេល​ខ្លះ​មិន​ផាត់​មុខ​ជា​ដើម។

អ្នក​អាច​បន្ថែម​ទម្រង់​មុខ​ទី​ពីរ ដោយ​ចូល​ទៅ​កាន់ Settings → Face ID & Passcode → បញ្ចូល​លេខ​កូដ → Set Up An Alternate Appearance និង​ធ្វើ​តាម​ការ​ណែនាំ​ជា​បន្ត​បន្ទាប់។

៥. បិទ​មុខងារ Auto Brightness ដើម្បី​ឲ្យ​ថ្ម​កាន់​បាន​យូរ

ពន្លឺ​អេក្រង់​ iPhone អាច​មាន​ឥទ្ធិពល​ខ្លាំង​លើ​ថាមពល​ថ្ម។ ជា Default មក​ស្រាប់ iOS នឹង​ធ្វើ​កែ​សម្រួល​ពន្លឺ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ​ផ្អែក​លើ​​ពន្លឺ​​នៃ​បរិស្ថាន​ខាង​ក្រៅ។ អ្នក​អាច​បិទ​កុំ​ឲ្យ​វា​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ​បាន​ ដើម្បី​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​កាន់​តែ​ច្រើន។

ដើម្បី​បិទ​ចូល​ទៅ​កាន់ Settings → Accessibility → Display & Text Size ហើយ​អូស​ទៅ​ក្រោយ​អ្នក​នឹង​ឃើញ​កន្លែង​សម្រាប់​បិទ Auto-Brightness។ ពេល​បិទ​មុខងារ​នេះ​រួច អ្នក​អាច​កែ​សម្រួល​ពន្លឺ​អេក្រង់​ iPhone បាន​តាម​ចិត្ត​ចង់​ដោយ​ចូល​ទៅ​កាន់ Control Center។

៦. ដំណើរ​ការ Dark Mode

វិធី​សន្សំសំចៃ​ថាមពល​ថ្ម iPhone មួយ​ទៀត​គឺ​​ការ​ប្រើ​ប្រាស់​នូវ Dark Mode (សម្រាប់​តែ iPhone ដែល​ប្រើ​ប្រាស់​​អេក្រង់ OLED មាន​ដូច​ជា iPhone X, XS និង iPhone 11)។ Dark Mode នឹង​ផ្លាស់​ប្ដូរ​ផ្ទៃ Background ពណ៌​ស​ ទៅ​ជា​ខ្មៅ ដែល​​ពណ៌​ខ្មៅ​នេះ​ប្រើ​ប្រាស់​ថាមពល​តិច​ជាង​ពណ៌​ស។

អ្នក​អាច​ដំណើរ​ការ​ដោយ​ចូល​ទៅ Settings → Display & Brightness និង​ចុច​យក Dark

៧. បញ្ចូល​មុខងារ​ទៅ​លើ Control Center

Control Center គឺ​ជា​ទីតាំង​មួយ​ដែល​អ្នក​អាច​បញ្ជា​មុខងារ​ជា​ច្រើន​បាន​លឿន ដូច​ជា​ផ្លាស់​ប្ដូរ​បទ​ចម្រៀង, ដំណើរ​ការ​ Airplane Mode, ភ្ជាប់​​ទៅ Wi-Fi, កំណត់​ម៉ោង​រោទ៍ និង​មុខងារ​ជា​ច្រើន​ទៀត។ អ្នក​ក៏​អាច​​បន្ថែម​មុខងារ​​​​ជា​ច្រើន​ទៀត​បាន​ចូល​ទៅ​ក្នុង Control Center ដោយ​ចូល Settings → Control Center → Customize Controls៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម