អេមហួស! ច័ន្ទភិនុន មិនត្រឹមចេះលេងបាល់ទះទេ ថែមទាំងចេះសិល្បៈតន្ត្រីនិងចម្រៀងទៀត

  • 2021-04-16 04:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនត្រឹមតែចេះលេងបាល់ទះប៉ុណ្ណោះទេ ញ៉ែម ច័ន្ទភិនុន ថែមទាំងចេះលេងហ្គីតា និងច្រៀងបានយ៉ាង​ពីរោះ ជាទន់មួយជួយ​ឱ្យ​គេបង្កើតភាពសប្បាយរីករាយ ក្នុងរង្វង់ក្រុមគ្រួសារនិងមិត្តភ័ក្តិ។

ញ៉ែម ច័ន្ទភិនុន

បើតាមការឱ្យ​ដឹងពីកីឡាករបាល់ទះ ជំនាញដេញបាល់លឿនច័ន្ទភិនុន រូបគេចេះលេងហ្គីតាតាំងពីអាយុប្រហែល១៨ឆ្នាំ ដែលដំបូងឡើយគ្រាន់តែឃើញគេលេង ភិនុនក៏ចូលចិត្តនិងចាប់​ផ្ដើម​រៀនតែម្ដង។

ដោយសារតែមានដុងតាំងពីកំណើត និងមានឪពុកធ្លាប់ដើរលេងអាហ្វែរជំនាញហ្គីតាផងនោះ គេរៀនឆាប់ចេះឆាប់ចាំ និងអាចដេញបានច្រើនបទ បើគិតមកទល់នឹងពេលនេះ ហើយឧបសគ្គច័ន្ទភិនុនថា មិនសូវជាមានឡើយ។ ទោះចេះលេងហ្គីតាពិតមែន ប៉ុន្តែកីឡាករក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ចេះមិន​ស្ទាត់ដៃដូចអ្នកអាជីពឡើយ ដោយគ្រាន់តែអាចលេងកំដរភាពអប្សុកបានតែ​ប៉ុណ្ណោះ។

ដោយឡែកសិល្បៈចម្រៀងវិញ យុវជនវ័យ២៩ឆ្នាំ ក៏មានសមត្ថភាពគួរសម មានសំនៀងក្រអួនក្រអៅពីរោះរណ្ដំ និងចេះច្រើនបទទៀតផង។ ជាក់ស្ដែងក្នុង TikTok​ គេបានបង្ហើរសំនៀងបទ «នឹកមនុស្សម្នាក់ដែលមិនធ្លាប់ឈប់ស្រលាញ់ខ្ញុំ» របស់លោក ព្រាប សុវត្ថិ មួយ​ឃ្លា​រធ្វើឱ្យ​អ្នកលេងបណ្ដាញសង្គមមួយនេះ កោតសរសើរពីទឹកដមសំឡេងរបស់គេ។

ចេះលេងហ្គីតា និងចេះច្រៀងនេះ​ដែរ កីឡាករដែលចូលចិត្តបទលោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្តមក​ពី​ខេត្ត​កណ្ដាល​រូបនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ​ ព្រោះវាអាចកំដររូបគេ ក្រុម​គ្រួសារ និងមិត្តភ័ក្តិឱ្យ​បាត់អស់ភាពអប្សុក ហត់នឿយ និងទុក្ខកង្វល់ផ្សេងៗ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម