ជិះម៉ូតូទៅស្រុកគេចប៉ុស្តិ៍ត្រួតពិនិត្យ ហើយឆៀងចូលទិញថ្នាំលេបម្ដុំផ្សារអូឌឹម និងចាក់សាំងនៅចោមចៅ ដល់ផ្ទះម្តាយប្រាប់មេភូមិ តេស្តឃើញមានកូវីដ

  • 2021-04-16 05:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមលិខិតរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឡេក បញ្ញា អាយុ ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តបានចុះធ្វើការស្រាវជ្រាវ និងរកឃើញថា បុរសដែលវិជ្ជមានជំងឺកូវីដ១៩នេះ ជាកម្មករសំណង់នៅអូឌឹម(ភ្នំពេញ) រស់នៅក្នុងបន្ទប់ជួលម្នាក់ឯង។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ គាត់បានជិះម៉ូតផ្ទាល់ខ្លួនតែម្នាក់ឯងត្រលប់មកស្រុកកំណើត ដោយ បានចូលទិញថ្នាំនៅម្ដុំផ្សារអូឌឹម និងឈប់ចាក់សាំងនៅចោមចៅ រួចក៏បន្តដំណើររហូតដល់ខេត្តកំពង់ធំ ដោយបានគេចប៉ុស្តិ៍ត្រួតពិនិត្យទៅតាមផ្លូវទឹកឆា(តាមច្រករណ្ដៅថ្ម)។ ពេលមកដល់ផ្ទះនៅម៉ោង១០ព្រឹក គាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ដោយសារម្តាយគាត់បានជូនដំណឹងទៅមេភូមិ ហើយ ក្រុមការងារសុខាភិបាលក៏បាននាំបុរសនេះទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀលភ្លាមៗ។ គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកបុរសរូបនេះទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈភ្នំពេញ និងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចៀសវាងការចេញក្រៅផ្ទះបើមិនចាំបាច់ ឬការប្រមូលផ្ដុំជួបជុំផ្សេងៗ ដែលជាកត្តាចំបងនាំឲ្យមានការចម្លងជំងឺកូវីដ១៩ចូលក្នុងគ្រួសារ និងសហគមន៍ ៕

អត្ថបទ ៖ មេខាឡា