ទៅជប់លៀងជុំមិត្តភក្ដិ​ មកវិញចេញក្ដៅផងក្អកផង​ ដាក់សេរ៉ូមពេទ្យក្នុងភូមិ៣ថ្ងៃអត់ធូរ​ រត់ទៅពេទ្យផ្សេងក៏មិនបាត់​ ទៅដល់ស្រុកតេស្តវិជ្ជមានកូវីដ

  • 2021-04-16 10:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា មានករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសនិងស្ត្រីជនជាតិខ្មែរសរុប ២នាក់។ តាមលិខិតរដ្ឋបាលខាងលើ បានបង្ហាញពីអត្តសញ្ញាណរបស់អ្នកជំងឺទាំង ២ ៖ (១) បុរសជនជាតិខ្មែរ ឈ្មោះ ហូ ហ៊ា អាយុ ៣២ឆ្នាំ រស់នៅ ភូមិ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (២) ឈ្មោះ កេន សំអាត ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

អំពីប្រវត្តិដំណើរបុរសឈ្មោះ ហូ ហ៊ា

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ចាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ ឈ្មោះ ហួហ៊ា និងស្ត្រីជនជាតិខ្មែរ ឈ្មោះ កេន សំអាត។

១.១- អំពីប្រវត្តិដំណើរបុរសឈ្មោះ ហូ ហ៊ា

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានទៅចូលរួមជប់លៀងជាមួយមិត្តភ័ក្ត នៅឃុំ ព្រែកអញ្ចាញ ស្រុខមុខកំពូល ខេត្តកណ្តាល (ប្រភពព័ត៌មានពីភរិយា) ពេលត្រឡប់មកវិញ ចាប់ផ្តើមមានចេញរោគសញ្ញា៖ ក្តៅ ក្អក ហត់ ពិបាកដកដង្ហើម។ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឱ្យពេទ្យក្នុងភូមិ មកពិនិត្យ ព្យាបាល និងដាក់សេរ៉ូម រយៈពេល០៣ថ្ងៃ។ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គាត់បានទៅពិនិត្យ ព្យាបាលនៅមន្ទីរពហុព្យាបាលព្រែកពោធិ៍ ស្ថិតនៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ នៅទីនោះបានថតសួត តាមរយៈការថត សួតឃើញមិនសូវល្អ ក៍បញ្ជូនឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ។ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបានយកសំណាកទៅពិនិត្យនិងបានរកឃើញថាមានវិជ្ជមានកូវីដ១៩។

គួរបញ្ជាក់ថា មនុស្ស២៤នាក់ដែលប៉ះពាល់ដោយផ្ទាល់ជាមួយគាត់បានកំពុងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រីឯ១៩នាក់ទៀតដែលប៉ះពាល់ដោយប្រយោលក្រុមការងារបានកំពុងបន្តការស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយប្រយោលនឹងករណីនេះបន្ថែមទៀត។

អំពីប្រវត្តិដំណើរស្តីឈ្មោះ កេន សំអាត

ពីមុនថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២១ ទៅទិញម្ហូបនៅផ្សារទួលពង្រ នៅរាជធានីភ្នំពេញនិងទៅធ្វើការនៅរោងចក្រ ហ្វណាន នៅត្រពាំងថ្លឹង ផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានចេញដំណើរពីភ្នំពេញ នៅម៉ោង ៣ទៀបភ្លឺមកដល់ភូមិថ្នល់បែកកើត ឃុំ ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម វេលាម៉ោង ៧ព្រឹក។ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០ព្រឹក ត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់ ស្រុកបញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត។

អ្នកពាក់ព័ន្ធទាំង ២២នាក់ ពាក់ព័ន្ធនឹងស្ត្រីខាងលើ ក្នុងនោះអ្នកប៉ះពាល់ដោយផ្ទាល់ ចំនួន ០៩នាក់ បញ្ចូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក រដ្ឋបាលខេត្ត និងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត។ អ្នកប៉ះពាល់ដោយប្រយោល ចំនួន ០៦នាក់ ក្រុមការងារកំពុងបន្តការស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយប្រយោលនឹងករណីនេះបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងពីរខាងលើ បន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក់នៅ មន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអជ្ញាធរមូលដ្ឋានជាបន្ទាន់ ៕

អត្ថបទ ៖ មេខាឡា