ថ្ងៃ​នេះ អ្នក​សិល្បៈ​នៅ​ហង្ស​មាស​២​នាក់ និយាយ​យ៉ាង​ចម្លែក​ទាក់ទង​នឹង​កូវីដ-១៩

  • 2021-04-20 08:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្ប​ការិនី​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវ​បាន​គេ​រក​ឃើញ​មុន​គេ​ក្នុង​ចង្កោម​សិល្បៈ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២១។ ក្នុង​ចំណោម​តារា​ចម្រៀង ពិធី​ការិនី និង​បុគ្គលិក​ហង្ស​មាស​ជា​ច្រើន​នាក់ ក៏​មាន​អ្នក​ដឹកនាំ​លោក អេកូ វ៉ាក់សង និង​តារា​ចម្រៀង​ស្រី សួស វីហ្សា ដែរ។

នៅ​ថ្ងៃ​ទី២០ ខែ​មេសា នេះ លោក អេកូ វ៉ាក់សង និង​អ្នក​នាង សួស វីហ្សា បាន​និយាយ​រឿង​ដែល​ស្ទើរ​នឹក​ស្មាន​មិន​ដល់​ស្រដៀង​គ្នា​ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩ ដែល​ខ្លួន​ធ្លាប់​ឆ្លង​កាត់​តាម​បណ្ដាញ​សង្គម​Facebook។

ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន គឺ​ជា​ថ្ងៃ​ខួប​កំណើត​ដែល​តារា​ចម្រៀង​សួស វីហ្សា តែងតែ​ធ្វើ ប៉ុន្ដែ​ឆ្នាំ​នេះ​នាង​បែរ​ជា​រស់នៅ​បែក​គ្រួសារ និង​មិន​បាន​ធ្វើ​ខួប​ដោយសារ​រូប​នាង​នៅ​បន្ដ​ធ្វើ​ចត្ដាឡីស័ក បន្ទាប់​ពី​ព្យាបាល​ជាសះស្បើយ​នោះ បាន​និយាយ​ថា៖"ឆ្នាំ​នេះ បើ​ទោះ​បី​ជា​ខ្ញុំ​មិន​អាច​ជួប​ប្ដី កូន ក្រុម​គ្រួសារ បាន​មែន​តែ​ខ្ញុំ​មិន​កម្សត់​ទេ ព្រោះ​ខ្ញុំ​បាន​ដណ្ដើម​ជីវិត​របស់​ខ្ញុំ​ពី​ជំងឺ​កូវីដ​មក​វិញ​បាន​ដោយ​ជោគជ័យ"។

ចំណែក​លោក អេកូ វ៉ាក់សង ក៏​មាន​ថ្ងៃ​ពិសេស​នៅ​ថ្ងៃ​នេះ​ដែរ នោះ​គឺ​ជា​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ច្រៀង​ដោយ​កញ្ញា កែវ សុបញ្ញា ក្រោម​ចំណង​ជើង​ថា"យប់​ពេល​ណា​Sad ពេល​ហ្នឹង" ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក។ អេកូ វ៉ាក់សង៖"បទ​ថ្ងៃ​កើត​ហេតុ ច្រៀង​ហើយ ស្ដាប់​ហើយ កូវីដ​ល្មម សំណាង​អ្នក​ចម្រៀង​អត់​កើត កើត​តែ​គ្រូ​ភ្លេង និង​ខ្ញុំ"។

សូម​បញ្ជាក់​ថា តារា​ចម្រៀង ពិធី​ការិនី និង​អ្នក​ដឹកនាំ​សម្ដែង​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ដែល​គេ​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ជា​បន្តបន្ទាប់​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ​២០២១ មក​នោះ​បាន​ព្យាបាល​គ្រប់​គ្នា​អស់​ហើយ។ ក្នុង​នោះ​មាន​ដូច​ជា៖ អ្នក​នាង ចាន់ កែវនិមល ណុប បាយ៉ារិទ្ធ សុគន្ធ នីសា វី ឌីណែត សួស វីហ្សា និង​លោក អេកូ វ៉ាក់សង ជា​ដើម ប៉ុន្ដែ​ពេល​នេះ​ពួកគេ​រស់នៅ​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន​បំផុត​ពី​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម