លេចដំណឹងឡានភីកអាប់ដំបូងបង្អស់របស់ Kia តែមិនមែនជាដំណឹងល្អ

  • 2021-06-04 02:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Kia Australia បានបង្ហាញថា ខ្លួនកំពុងតែធ្វើការលើភីកអាប់ សម្រាប់ទីផ្សារក្នុងប្រទេសអូស្ត្រាលី ដែលវានឹងក្លាយជាគូប្រជែងរបស់ Toyota Hilux និង Ford Ranger។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះវាទំនងជាមិនអាចខ្លួនបង្ហាញខ្លួនក្នុងពេលឆាប់ៗ ដូចកាលរំពឹងទុកដំបូងឡើយ។

ភីកអាប់ដំបូងបង្អស់របស់ Kia នេះ ដើមឡើយត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការក្នុងឆ្នាំ២០២២ ប៉ុន្តែក្នុងអំឡុងពេលសម្ភាសន៍ជាមួយគេហទំព័រ Cars Guide លោក Damien Meredith ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Kia Australia បានទទួលស្គាល់ថា លោកមិនដឹងពីគម្រោងរបស់ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងខាងលើចំពោះភីកអាប់នេះឡើយ។

លោក Damien បាននិយាយថា “យើងនៅតែមិនទាន់ទទួលបានទិសដៅច្បាស់លាស់មួយថាមានអ្វីកំពុងតែកើតឡើងជាមួយ រថយន្តភីកអាប់ខ្នាតតូចនេះ ហើយវាគឺជាការពិត”។ លោកបានបន្ថែមទៀតថា "យើងសង្ឃឹមថា ក្នុងរយៈពេល២-៣ឆ្នាំខាងមុខទៀត នឹងមានអ្វីមួយកើតឡើងចំពោះរថយន្តភីកអាប់ខ្នាតតូច សម្រាប់ម៉ាកយីហោរបស់យើង មិនមែនសម្រាប់តែប្រទេសអូស្ត្រាលីនោះទេ គឺទូទាំងពិភពលោកតែម្តង”។

លោក Meredith បានសង្កត់បន្ថែមថា "រឿងល្អនោះគឺ ប្រសិនបើវាកើតឡើងមែន ខ្ញុំគិតថាយើងនឹងលក់ដាច់បានច្រើន ព្រោះអូស្ត្រាលីជាទីផ្សារធំមួយ”៕

អត្ថបទ៖ សេង ឡុង