បារាំង បន្ទោស​ទីលាន​ក្ដៅ​ពេក ​ខណៈ Griezmann ​ថា​អ្នក​គាំទ្រ​ហុងគ្រី​អស្ចារ្យ​

  • 2021-06-20 02:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បារាំង បាន​ដាក់​បន្ទុក​ទៅ​លើ​ការ​ប្រកួត​ដែល​លេង​កណ្ដាលថ្ងៃ ​ដែល​ធ្វើ​ឱ្យ​ទីលាន​ក្ដៅ​ខ្លាំង​ ពិបាក​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហុងគ្រី​។

​ក្នុង​ការ​ប្រកួត Euro 2020 ​នៅ​យប់មិញ​នេះ ​ក្រុម​បារាំង​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ហុងគ្រី​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​ដោយ​ត្រូវ​ក្រុម​ហុងគ្រី​នាំ​មុខ​មុន​ថែម​ទៀត។ ​បារាំង ដែល​ជា​ក្រុម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាគរយ​ឈ្នះ​ពាន​រង្វាន់ Euro ​ច្រើន​នោះ ​បាន​ព្យាយាម​ណាស់​ដែរ តែ​មិន​អាច​បុក​ចូល​ខាង​ក្រុម​ហុងគ្រី​ទេ។

​ក្រោយ​ចប់​ការ​ប្រកួត​លោក​ Didier Deschamps ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ព្យាយាម​និយាយ​រក​លេស​ទេ ប៉ុន្តែ​វា​ជា​ការ​ពិត។ ​សីតុណ្ហភាព​ខ្ពស់​ណាស់​នៅ​ពេល​រសៀល ​៣៥​ទៅ​៣៦​អង្សាសេ។ ​កីឡាករ ​តែងតែ​សួរ​ដើម្បី​សម្រាក​ផឹក​ទឹក​ជា​រៀង​រាល់​៥​នាទី។ វា​ពិបាក​សម្រាប់​យើង​ជាង​ខាង​ហុងគ្រី”។

​ដោយ​ឡែក​សម្រាប់​ Antoine Griezmann ​វិញ ​ក៏​បាន​និយាយ​ដែរ​ថា​ក្រុម​បារាំង ​ហាក់​ដូច​ជា​ភ្លេច​បារម្ភ​លេង​ជាមួយ​អ្នក​គាំទ្រ​ពេញ​កីឡដ្ឋាន​ទៅ​ហើយ។ ​អ្នក​គាំទ្រ​ហុងគ្រី ​ដែល​មក​ទស្សនា​ពេញ​កីឡដ្ឋាន​ជាង​៦​ម៉ឺន​នាក់​នៅ​យប់មិញ ​ពិត​ជា​មាន​ឥទ្ធិពល​សម្រាប់​ការ​ប្រកួត​ណាស់៕

ប្រភព៖ www.afp.com   អត្ថបទ៖ ប្រុស យុទ្ធ