៥០ឆ្នាំខាងមុខ តើអនាគត Bitcoin និងលុយឌីជីថលមានវាសនាបែបណា?

  • 2021-07-07 07:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងបទសម្ភាសន៍ សាព័ត៌មាន CNBC អ្នកជំនាញបានផ្តល់យោបល់លើ ទីផ្សារលុយឌីជីថល ក្នុងរយៈពេល ៥០ឆ្នាំ ខាងមុខ បើទោះជាវាលំបាកក្នុងការព្យាករណ៍ ជាងទីផ្សារភាគហ៊ុនក៏ដោយ។

អ្នកជំនាញហិរញ្ញវត្ថុ លោក Ivory Johnson ជឿជាក់ថា ក្នុងរយៈពេល ៥០ឆ្នាំ លុយឌីជីថល នឹងប៉ះពាល់ដល់ក្រដាសប្រាក់បែបប្រពៃណី នោះក៏ព្រោះតែភាពងាយស្រួលក្នុងការទូទាត់ឆ្លងប្រទេស លឿនរហ័ស ចំណាយថ្លៃទូទាត់ទាប ហើយថែមទាំងមិនងាយប៉ះពាល់ពីរូបិយបណ្ណបរទេសផងដែរ។

មិនតែប៉ុណ្ណោះ លោក Johnson បន្ថែមថា ក្នុង ៥០ឆ្នាំ ខាងមុខ Bitcoin អាចក្លាយជារូបិយបណ្ណបម្រុង របស់ពិភពលោក។

រីឯ លោក Frederick Kaufman អ្នកនិពន្ធសៀវភៅ “The Money Plot” បាននិយាយថា មុនឆ្នាំ២០៧១ លុយឌីជីថលនឹងត្រូវប្រើប្រាស់ទូទៅដូចប្រាក់ដុល្លារ ហើយនឹងមានតម្លៃជាងមាស និងប្រាក់ថែមទៀតផង។

យ៉ាងណាវិញ ងាកទៅ លោក Dan Egan អនុប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ Betterment មានប្រសាសន៍ថា លុយឌីជីថល ដូចជា Bitcoin ជាដើម មិនងាយរលាយបាត់ពីពិភពលោកទៅណាទេ ព្រោះតែអត្ថប្រយោជន៍ក្នុងការធ្វើពាណិជ្ជកម្មរបស់ពួកវា។ ប៉ុន្ដែលុយឌីជីថល ក៏ជាកត្តាព្រួយបារម្ភរបស់រដ្ឋាភិបាល ព្រោះអាចនឹងមានមនុស្សប្រើប្រាស់វាក្នុងទីផ្សារងងឹតពិបាកក្នុងការគ្រប់គ្រង។

មិនតែប៉ុណ្ណោះ អ្នកស្រាវជ្រាវបច្ចេកវិទ្យា Blockchain នៅ សាកលវិទ្យាល័យ Arizona State University ជឿជាក់ថា Bitcoin និងលុយឌីជីថល នឹងក្លាយជារូបិយបណ្ណចម្បងក្នុងរយៈពេល ១០ឆ្នាំ ហើយអាជ្ញាធរនៅធនាគារកណ្តាល ក៏កំពុងបង្កើតបទប្បញ្ញត្តិផ្សេងៗស្តីពីប្រភេទរូបិយបណ្ណនេះថែមទៀតផង។

សរុបទៅ លុយឌីជីថលជារបត់ថ្មីមួយទៀត ដែលនឹងអមដំណើរក្រដាសសាច់ប្រាក់ ដើម្បីសម្រួលដល់ការចរាចរណ៍លុយទូទាំងពិភពលោក ដោយមានភាពលឿនរហ័ស និងមានភាពងាយស្រួល។

ប៉ុន្ដែវាក៏មានផលប៉ះពាល់មួយចំនួនផងដែរ បើមានអ្នកប្រើប្រាស់វាក្នុងទីផ្សារងងឹត ត្បិតចរន្តសាច់ប្រាក់នេះមិនឆ្លងកាត់ធនាគារ ឬប្រទេសគ្រប់គ្រងបានឡើយ។ មួយវិញទៀត ចំពោះអ្នកវិនិយោគលើលុយឌីជីថល ក៏មានហានិភ័យខ្ពស់ ដោយបម្រែបម្រួលតម្លៃរបស់ពួកវាពេលខ្លះ ឡើងចុះអាចនឹកស្មានមិនដល់។ ក្រៅពីនេះ លុយឌីជីថល ក៏មិនមានការទទួលស្គាល់ឱ្យប្រើប្រាស់ពីធនាគារជាតិនៃកម្ពុជាយើងផងដែរ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី