ជា ឡង់ដា អ្នកជំនួញវ័យក្មេងនឹងមកបើកកកាយរឿងរ៉ាវនៅពីក្រោយការបង្កើតក្រុមហ៊ុន ជាមួយសហគ្រិនជើងចាស់២រូប
- 2021-07-20 03:28:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជា ឡង់ដា អ្នកជំនួញវ័យក្មេងនឹងមកបើកកកាយរឿងរ៉ាវនៅពីក្រោយការបង្កើតក្រុមហ៊ុន ជាមួយសហគ្រិនជើងចាស់២រូប
ចន្លោះមិនឃើញ
"Starting Up" កម្មវិធីជជែក ពិភាក្សា ដេញដោល ជុំវិញការចាប់ផ្ដើមអាជីវកម្ម ក្នុងវិស័យផ្សេងៗគ្នា ប្រជុំដោយអ្នកសម្របសម្រួលសុទ្ធតែជាសហគ្រិនមានបទពិសោធក្រាស់ក្រែលលើវិស័យជំនួញ នឹងចាប់ផ្ដើមចេញផ្សាយជាផ្លូវការនៅថ្ងៃសៅរ៍ ទី ២៤ ខែកក្កដា ឆ្នាំ ២០២១ នេះហើយ នៅម៉ោង ១០ ព្រឹក ។ អ្វីដែលកាន់តែពិសេសភ្ញៀវកិត្តិយស ដែលនឹងមកបើកទំព័រកម្មវិធីសប្ដាហ៍ទី ១ នេះ គឺជាសហគ្រិនវ័យក្មេងមួយរូប កំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យឌីជីថល គឺលោក ជា ឡង់ដា ដែលជាម្ចាស់ក្រុមហ៊ុន BookMeBus ។
អ្នកជំនួញរូបសង្ហាខាងលើ នឹងត្រូវមកឆ្លើយសំណួរដ៏សម្បូរបែប តទល់ជាមួយនឹងអ្នកសម្របសម្រួល ជាសហគ្រិន ជើងចាស់ ២ រូប គឺលោក ជី សិលា និង កញ្ញា ដែក ដារី ។ នៅក្នុងវេទិកាឆ្លើយឆ្លង ដេញដោល ពិភាក្សានេះ លោក ជា ឡង់ដា នឹងមកបង្ហាញរឿងរ៉ាវជាច្រើន នៅពីក្រោយការបង្កើតក្រុមហ៊ុន BookMeBus តើរូបលោកបានជំនះបញ្ហា ឧបសគ្គអ្វីខ្លះ ? ហើយថាតើ មានដើមចមអ្វីដែលនាំឱ្យលោកបង្កើតក្រុមហ៊ុននេះឡើង ។ អ្នកសម្របសម្រួលកម្មវិធីទាំងពីររូប នឹងចោទជាសំណួរជាច្រើន ដែលសុទ្ធតែពាក់ព័ន្ធនឹងដំណើរការបើកអាជីវកម្ម ចាប់តាំងពីជំហានដំបូង រហូតមានឈ្មោះនៅលើទីផ្សារបាន ដែលជាសារប្រយោជន៍ដ៏សំខាន់មួយ ដល់ប្រិយមិត្តអ្នកទស្សនា មានបំណងចង់ចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួន យកជាបទពិសោធតាមរយៈការចែករំលែកនេះ ។
ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នា ថាតើ ម្ចាស់ក្រុមហ៊ុន BookMeBus មានអ្វីមកចែករំលែកខ្លះ ជាពិសសក្នុងបិរបទកូវីដ-១៩ នេះ លោក ជា ឡង់ដា មានគន្លឹះ និងវិធីសាស្ត្រ ដូចម្ដេច ដើម្បីឱ្យដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន នៅតែបន្តដំណើរទៅមុខ ។
សូមជម្រាបជូនថា កម្មវិធី "Starting Up" មាន Host ទាំង ៤រូប ដូចជា៖
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group
កញ្ញា ដែក ដារី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន 360 Events
លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture
លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Banhji
ចំណែកភ្ញៀវដែលចូលរួមក្នុងកម្មវិធីនេះ គឺជាសហគ្រិនពីគ្រប់វិស័យផ្សេងៗគ្នា ទាំងវិស័យបច្ចេកវិទ្យា ម្ហូបអាហារ កសិកម្ម លក់ដូរ និងវិស័យជាច្រើនទៀត ៕