ជាទម្លាប់ ភ្ញាក់ពីគេង​ភ្លាម​ទាញ​ទូរសេព្ទមក​មើល​ភ្លែតជារឿងល្អ​ ឬទេ?

  • 2021-07-30 02:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ព្រឹក​ភ្ញាក់​ពី​ដំណេក​ ឬ​កណ្ដាល​យប់​ ប្រហែល​ធ្លាប់​តែង​នឹក​គិត​ក្រែង​ខកខាន​សារ​ ឬ​អ៊ីមែល​ ដល់​ពេល​ទាញ​យក​មើល​ច្រើន​តែ​ឃើញ​ Notification របស់​បណ្ដាញ​សង្គម​ ចំណាយ​ពេល​ថែម​មួយ​តង់​ទៀត​។ ឆ្ងល់​ទេ​ មើល​ស្មាតហ្វូន​ ពេល​ភ្ញាក់​ពី​ដំណេក​ផ្ដល់​ផល​អាក្រក់​ដល់​អ្នក​ដែរ​ឬ​ទេ​?

លោក​វេជ្ជបណ្ឌិត​ Nikole Benders-Hadi ជា​អ្នក​ចិត្តសាស្ត្រ​មួយ​រូប​លើក​ឡើង​ថា​ ភ្ញាក់​ភ្លាម​ទាញ​ស្មាតហ្វូន​មើល​ភ្លាម​ ធ្វើ​ឲ្យ​ការ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ បង្កើន​ការ​ស្មុគស្មាញ​ និង​អារម្មណ៍​មិន​ជ្រះថ្លា​ល្អ​។ 

ការ​មើល​ទូរសព្ទ​ព្រឹក​ព្រលឹម​ អាច​បណ្ដាល​ឲ្យ​ការ​បំពេញ​ការងារ​មិន​បាន​ពេញលេញ​ ពេញ​មួយ​ថ្ងៃ​។ ស្មាតហ្វូន​បង្កើត​ឡើង​ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ត្រូវការ​ដំណឹង​ថ្មី​ៗ មិន​ចង់​ខកខាន​រឿង​សំខាន់​ ដែល​តាម​ពិត​មិន​ជា​សំខាន់​ ឬ​ចាំបាច់​ សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​ឡើយ​។

របាយការណ៍​ពី​ Adweek ក្នុង​ឆ្នាំ​ ២០១៣ បង្ហាញ​ថា​ ៨០% អ្នក​ប្រើ​ស្មាតហ្វូន​មាន​អាយុ​ចន្លោះ​ពី​ ១៨ ទៅ​ ៤៤ ឆ្នាំ​ មើល​ស្មាតហ្វូន​ពេល​ភ្ញាក់​ពី​ដំណេក​។ លើស​ពី​នេះ​ ការ​ស្ទង់​មតិ​ពី​មនុស្ស​ជា​ច្រើន​ បង្ហាញ​ថា​ពួកគាត់​មាន​អារម្មណ៍​មិន​នៅ​នឹង​ខ្លួន​ ពេល​ប្រើ​ទូរសព្ទ​ច្រើន​ជ្រុល​ បាត់បង់​ការ​ផ្ដោត​អារម្មណ៍​ ពេល​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ ដោយ​ភ្នែក​ដក់​ជាប់​ជាមួយ​ទូរសព្ទ​ ដែល​ជា​ការងារ​ដំបូង​អ្នក​បាន​ធ្វើ​។

ជា​ការ​ណែនាំ​ គួរ​ទុក​អ៊ីមែល​ ឬ​សារ​នានា​ មួយ​ឡែក​សិន​ ពេល​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​។ មាន​ការងារ​អាច​បំពេញ​ជាច្រើន​ពេល​ព្រឹក​ព្រលឹម​ ផ្ដល់​អារម្មណ៍​ល្អ​ប្រសើរ​ជាង​ស្មាតហ្វូន​ ដូចជា​ការ​ ធ្វើ​សមាធិ​សម្អាត​ផ្លូវ​ចិត្ត​, ធ្វើ​លំហាត់​ប្រាណ​, ទទួល​ទាន​កាហ្វេ​ ឬ​ចាប់​អនុវត្ត​ការងារ​ ជា​គម្រោង​ផ្ទាល់​ខ្លួន​ ដែល​ធម្មតា​មិន​មាន​ពេល​បំពេញ​។ ម្យ៉ាងវិញទៀត​ អាច​ទុក​ទូរសព្ទ​ ឆ្ងាយ​ពី​ខ្លួន​ ឬ​បន្ទប់​ផ្សេង​ ដើម្បី​កុំ​ឲ្យ​វា​ជា​របស់​ទី​មួយ​ អ្នក​នឹក​ឃើញ​ ពេល​ភ្ញាក់​ឡើង​៕

ប្រភព៖ elitedaily  

អត្ថបទពេញនិយម
អត្ថបទថ្មី