មកដឹងប្រវត្តិ និងមូលហេតុ ភូមិមួយនៅជិតប្រាសាទសំបូរព្រៃគុក ដាក់ឈ្មោះយុវជនជនជាតិជប៉ុន

  • 2021-08-10 05:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិ «អាត់ស៊ូ» គឺជាភូមិមួយក្នុងចំណោមភូមិទាំង១៥របស់ឃុំសំបូរ ស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ។ ភូមិស្ថិតនៅតាមបណ្តោយផ្លូវឆ្ពោះទៅ រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក មានចម្ងាយពីក្រុងស្ទឹងសែនជាង៣០គីឡូម៉ែត្រ។

រូបស្លាកព្រំប្រទល់ភូមិអាត់ស៊ូនៅផ្លូវទៅប្រាសាទសំបូរព្រៃគុក រូបថត​៖sahakkun.wordpress.com.

អាត់ស៊ូ គឺឈ្មោះយុវជននៃជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះពេញ ណាកាតា អាត់ស៊ូអ៉ីតូ-ATSUHITO NAKATA ដែលជាអ្នកធ្វើការស្មោះចិត្តរបស់អង្កការសហប្រជាតិ ក្នុងអំឡុងពេលបោះឆ្នោតនៅកម្ពុជាឆ្នាំ១៩៩៣។

រូបថតលោក ណាកាតា អាត់ស៊ូអ៉ីតូ រូបថត៖ លោកគ្រូ អួន ស៊ីឡុត

តើមូលហេតុអ្វីបានជាគេយកឈ្មោះអាត់ស៊ូ យកមកដាក់ជាឈ្មោះភូមិ?

យោងតាមសៀវភៅ «ខួបរំលឹកអនុស្សាវរីយ៍១០ឆ្នាំលោក អាត់ស៊ូ» បានបញ្ជាក់ថា លោក ណាកាតា អាត់ស៊ូអ៉ីតុ កើតនៅថ្ងៃទី១០ មករា ឆ្នាំ១៩៦៨ នៅទីក្រុង អូសាកា ប្រទេសជប៉ុន មានឪពុកឈ្មោះ ណាកាតា តាកិហ៉ិតូ។ លោក អាត់ស៊ូអ៉ីតូ ត្រូវបាន ផ្លាស់ទីលំនៅទៅតាមឪពុកទៅប្រទេសប៉ូឡូញឆ្នាំតាំងពីអាយុ ៨ឆ្នាំ។

អំឡុងពេលលោករស់នៅប្រទេសប៉ូឡូញលោកបានទៅទស្សនាជុំរំពិឃាដអៅស្វីត(Auschwitz) ដែលជាកន្លែងកាប់សម្លាប់ប្រល័យពូជសាសន៍ដោយពួកជ្រុលនិយមណាហ្ស៉ី ធ្វើឲ្យលោកមានភាពរំជួលចិត្តខ្លាំងហើយលោកគិតថា «កើតមកជាមនុស្សដូចគ្នាសោះ ហេតុអ្វីក៏មានភាពសាហាវឃោឃៅបែបយ៉ាងនេះ។ តើខ្ញុំអាចកសាងសង្គមមួយដែល គ្មានសង្រ្គាមបានដោយរបៀបណា? ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំនឹងធ្វើការងារណាមួយ ដែលអាចកសាងសន្តិភាពមួយដ៏ពេញលេញ។ ដូច្នេះខ្ញុំត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានខ្ពង់ខ្ពស់។»

លោកសិក្សានៅសកលវិទ្យាល័យ អូសាកា ផ្នែកច្បាប់អន្តរជាតិ។ នៅឆ្នាំ១៩៩២ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) បានចាប់ផ្តើម សហការជាសហគមន៍អន្តរជាតិដើម្បីកសាងសន្តិភាពនៅកម្ពុជាក្រោយរបបខ្មែរ ក្រហមដួលរលំ និងសង្គ្រាមស៊ីវិលអូសបន្លាយជាបន្តបន្ទាប់។ លោក អាត់ស៊ូអ៉ីតូ បានសម្ភាសន៍ជាប់ជាបុគ្គលិកស្មោះចិត្តរបស់អ៊ុនកាក់។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩២ លោកបានមកភ្នំពេញជាមួយមិត្តរួមការងារដទៃផ្សេងទៀត។ លោកបានរៀនភាសាខ្មែរ រយ:ពេល២ខែ និងស្វែងយល់ពីរឿងរ៉ាវខ្មែរក្រហម។ ក្រោយរៀនវគ្គសិក្សាភាសាខ្មែរ រួចលោកត្រូវបំពេញបេសកកម្មនៅខេត្តកំពង់ធំដែលជាចំនុចសមរភូមិក្តៅខ្មែរក្រហម។

លោក អាត់ស៊ូអ៉ីតូ «ខ្ញុំគិតថាថ្វីត្បិតតែខេត្តកំពង់ធំជាខេត្តមួយដែលគ្រោះថ្នាក់ក៏ពិតមែន តែខេត្តមួយនេះប្រាកដជាផ្តល់នូវបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំជាមិនខាន»។ ក្រោយមក លោកក៏សម្រេចចិត្តទៅបំពេញបេសកកម្មនៅខេត្តកំពង់ធំ។ លោកត្រូវបានចាត់តាំងឲ្យ ទៅស្រុកប្រាសាទសំបូរដើម្បីត្រៀមរៀបចំការងារសម្រាប់ការងារបោះឆ្នោតជាសកល។ ក្នុងពេលបំពេញភារកិច្ចនៅប្រាសាទសំបូរនោះលោកបាននិយាយថា «ការកំណត់ ជោគវាសនាប្រទេសកម្ពុជាគឺមិនមែនធ្វើឡើងតាមរយ:ការកាប់សម្លាប់គ្នា ការបាញ់គ្នា ទៅវិញទៅមកនោះទេ ការកំណត់ជោគវាសនា និងអនាគតប្រទេសកម្ពុជាគឺធ្វើឡើង តាមរយ:ការបោះឆ្នោតជាសកលរបស់អ្នកទាំងអស់គ្នា»

ការបោះឆ្នោតបានខិតឈានចូលមកដល់ ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាមខ្មែរក្រហមបានផ្ទុះឡើងកាន់តែខ្លាំងឡើងៗ ហើយបញ្ហាអសន្តិសុខ និងភាពចលាចលកាន់តែយ៉ាប់យឺនពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃមួយយុវជនជាតិជប៉ុន អាត់ស៊ូ ត្រូវបានទទួលការគំរាមកំហែងថាគេនឹងសម្លាប់លោក តែការគំរាមនេះមិនអាចឲ្យយុវជននេះមិនចុះចាញ់នឹងបោះបង់ការងារដើម្បីសន្តិភាពនៅកម្ពុជាមួយនេះឡើយ។

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ យុវជនស្មោះចិត្តដើម្បីស្វែករកសន្តិភាពសម្រាប់ជនជាតិជប៉ុនរូបនេះត្រូវបានគេបាញ់សម្លាប់ រួមជាមួយយុវជនខ្មែរដែលជាអ្នកបកប្រែម្នាក់ទៀតឈ្មោះលោក ឡាយ សុភាព។ ដែលពេលនោះ អាត់ស៊ូអ៉ីតូ មានអាយុទើបតែ២៥ឆ្នាំតែប៉ុណ្ណោះ។ ដំណឹងនៃការស្លាប់របស់់យុវជនរូបនេះត្រូវបានផ្សព្វផ្សាយទូតាំងពិភពលោក។ មនុស្សម្នាជាច្រើនមានសេចក្តីសោកស្តាយលោកជាខ្លាំង។ វីរភាពរបស់លោក អាត់ស៊ូអ៉ីតូ មានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជននៅក្នុងប្រទេសជប៉ុន។

ការបោះឆ្នោតជាសកលនៅកម្ពុជាបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អត្រាអ្នកបោះឆ្នោតរបស់មណ្ឌលបោះឆ្នោតស្រុកប្រាសាទសំបូរដែលជាកន្លែងដែលលោក អាត់ស៊ូអ៉ីតូ បានបំពេញបេសកកម្មនោះមានចំនួនច្រើនលើសលប់រហូតដល់៩៩ភាគរយ។ នៅក្នុងប្រអប់ឆ្នោតគេបានឃើញមានសំបុត្រជាច្រើនបានសរសេរថា «អាត់ស៊ូ ខ្ញុំនឹងមិនអាចបំភ្លេចវីរភាពរបស់អ្នក ដែលអ្នកបានពលីជីវិតដើម្បីសន្តិភាពនៅកម្ពុជាឡើយ។ សូមអរគុណអ្នកជាអនេកប្បការ»

លោក អាត់ស៊ូអ៉ីតូ និងឪពុក លោក តាកិហ៉ិតុ រូបថត៖ UN Volunteers

ក្រោយពីកូនស្លាប់ទៅ លោក តាកិហ៉ិតុ ដែលជាឪពុករបស់លោកអាត់ស៊ូអ៉ីតុ លោកចង់បន្ត និងសម្រេចបំណង និងឆន្ទះរបស់កូនរបស់លោក លោកបានក្លាយជា ឯកអគ្គរដ្ឋទូតកិត្តិយសសម្រាប់អ្នកស្មោះចិត្តអង្គការសហប្រជាជាតិ។ លោកបានបង្កើត «មូលនិធិណាកាតាអាត់ស៊ូអ៉ីតូ» ហើយចាប់ផ្តើមសកម្មភាពមនុស្សធម៌ដើម្បីជួយសង្គ្រោះមនុស្សដែលរងគ្រោះដោយសង្គ្រាម។ ប្រជាជននៅស្រុកប្រាសាទសំបូរបានប្រមូលផ្តុំគ្នារស់នៅកន្លែងដែលលោក អាត់ស៊ូអ៉ីតុ បានស្លាប់ ហើយទីកន្លែងនោះត្រូវបានគេបង្កើតទៅជាភូមិមួយដែលដាក់ឈ្មោះថា «ភូមិអាត់ស៊ូ»

នៅឆ្នាំ១៩៩៨ ភូមិអាត់ស៊ូត្រូវបានរងគ្រោះបំផ្លាញដោយសារទឹកជំនន់ លោក តាកិហ៉ិតុ បានជួយសង្គ្រោះភូមិនេះដោយរៀបចំជាស្បៀងអាហារដល់អ្នកភូមិ។ ប៉ុន្តែអ្នកភូមិទាំងនោះបាននិយាយទៅកាន់លោកថា «អ្វីដែលយើងខ្ញុំទាំងអស់គ្នាចង់បានគឺសាលារៀនសម្រាប់កូនៗរបស់ពួកយើង។ យើងខ្ញុំនឹងអរគុណចំពោះលោក ប្រសិនបើលោកកសាងសាលារៀនដល់ពួកយើង ជាជាងលោកឧបត្ថម្ភស្បៀងអាហារដល់ពួកយើង»។ ពេលនោះលោក តាកិហ៉ិតុ ក៏បាននឹងឃើញអត្ថបទកូនរបស់លោកបានសរសេរ «ផ្តល់ឱកាសសិក្សាដល់ពួកគេ ប្រសើរជាងផ្តល់នំប័ុងដល់ពួកគេ!»

«មូលនិធិណាកាតាអាត់ស៊ូអ៉ីតូ» បានសាងសង់សាលារៀន និងផ្តល់ជំនួយជាច្រើនដល់អ្នកភូមិដែលរស់នៅក្បែរនោះ ដូចជាការធ្វើផ្ទះ ជីក អណ្តូងទឹក កម្មវិធីបណ្តុះបណ្តាលផ្នែកកសិកម្ម និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀត។

ផ្នូរតំណាងរបស់លោក អាត់ស៊ូ ត្រូវបានធ្វើនៅខាងមុខសាលរៀន រូបថត​៖sahakkun.wordpress.com

ថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩៨ សាលារៀនអាត់ស៊ូត្រូវបានកសាងឡើងនៅកន្លែងដែលលោកស្លាប់។ សាលារៀននេះគឺជានិមិត្តសញ្ញាមិត្តភាពរវាងកម្ពុជា និងជប៉ុន។ ផ្នូរតំណាងរបស់លោក អាត់ស៊ូ ត្រូវបានធ្វើនៅខាងមុខសាលរៀន។ នៅទល់មុខសាលារៀងនោះមានផ្ទះស្នាក់សម្រាប់អ្នកស្ម័គ្រចិត្តទៅធ្វើការងារនៅទីនោះផងដែរ។ នៅឆ្នាំ២០១៨ សាលារៀនេះបានចាប់ផ្តើមវគ្គសិក្សាភាសាជប៉ុន។ សាលាបឋមសិក្សា-អនុវិទ្យាល័យ អាត់ស៊ូ-AUSU Primary-Secondary School បានបង្រៀនកូនខ្មែរនៅតំបន់នោះរហូតដល់មកបច្ចុប្បន្ន៕

សាលាបឋមសិក្សា-អនុវិទ្យាល័យ អាត់ស៊ូ ដែលមានទីតាំងនៅកន្លែងបាញ់សម្លាប់លោក អាត់ស៊ូអ៉ីតូ
ផ្ទះស្នាក់នៅមុខសាលារៀន រូបថត​៖ sahakkun.wordpress.com

ប្រភព៖ សៀវភៅ «ខួបរំលឹកអនុស្សាវរីយ៍១០ឆ្នាំលោក អាត់ស៊ូ» រូបថត៖ ក្រុមទេសចរខ្មែ-Khmer Tourist និង sahakkum.wordpress.com

អត្ថបទពេញនិយម