ស្ងាត់ចេញបទថ្មីមែន តែបើគិតទ្រព្យសុទ្ធរបស់ T.O.P. មានកម្រិតណាមកដល់ឆ្នាំ ២០២១នេះ?

  • 2021-08-19 00:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

T.O.P. ឬ​ Choi Seung Hyun គឺ​ជា​តារា​ល្បីម្នាក់​នៅក្នុងវិស័យ K-Pop ក្រោយប្រឡូកចូលសិល្បៈដំបូងក្នុងនាម​ជា​សមាជិករបស់ BIGBANG ដែល​ត្រូវ​បាន​គេ​សរសើរ​មិន​ត្រឹម​តែ​ជា​តារាចំរៀង តារារ៉េបប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​អ្នកនិពន្ធ​បទ​ចម្រៀងដែរ។

ជាមួយ​នឹង​សកម្មភាព​ទាំង​អស់​របស់លោក​ ទាំងក្នុង និងក្រៅ​ក្រុម​ តើ T.O.P (BIGBANG) អាចរកចំណូលបាន​ប៉ុន្មានកន្លងមកច្រើនឆ្នាំមកនេះ?

ចាប់តាំង​ពី​បង្កើតមក​ BIGBANG​ ទទួល​បាន​ពាន​រង្វាន់​រាប់​មិន​អស់​ និង​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ច្រើនបំផុត ជាហេតុចំណូល​ដែល​ពួកគេរកបាន​ក៏មិនតិចដែរ។ របាយការណ៍​បាន​បង្ហាញ​ថា​ក្រុម​នេះ​មាន​ទ្រព្យសម្បត្តិ​សរុប​ច្រើនជាង​ ៤០លានដុល្លារ ទៅទៀត​។

នៅ​ពេល​និយាយ​អំពី​ទ្រព្យសម្បត្តិសុទ្ធ​របស់​សមាជិក BIGBANG គិតតែ T.O.P គឺ​មាន​ចំនួន​ខ្ពស់​ដោយតាមការប៉ាន់ស្មានពីអ្នកជំនាញ បាន​លើកឡើងថា​តារាប្រុសរូបនេះ​មាន​ទ្រព្យ​សរុប​ប្រមាណ​ ៣៥ លាន​ដុល្លារ​ដែល​ធ្វើឲ្យ​លោក​ក្លាយ​ជា​សមាជិក​មាន​ទ្រព្យច្រើនលំដាប់ទី ២ប្រចាំក្រុមដូច Taeyang ដែរ។

ទ្រព្យច្រើន​បែបនេះ​ T.O.P ក៏ក្លាយ​ជា​តារា​ K-Pop ដែល​មាន​គួរសមប្រចាំវិស័យ ក្នុងបញ្ជីសេដ្ឋីដែលជាតារា។

ទ្រព្យ​​សុទ្ធ​របស់ T.O.P ភាគ​ច្រើន​បាន​មក​ពី​អាជីព​ជា​ តារា​រ៉េប​ និងអ្នកនិពន្ធចំរៀង។ លោកត្រូវ​បាន​គេ​ស្គាល់​ច្បាស់ តាមរយៈ​បទចម្រៀង និងអាល់ប៊ុមល្បីៗ​ជាច្រើនមិនថាទោល ឬជាក្រុមទេ។

ក្រៅពី​អាជីព​ច្រៀង​ និងធ្វើចម្រៀង T.O.P ក៏រកចំណូល​បាន​កាក់កបពី​អាជីព​ជា​តារា​សម្តែង​ដែរ។ លោក​បានបង្ហាញ​ខ្លួន​មិន​ត្រឹម​តែ​នៅ​ក្នុង​រឿង​ភាគប៉ុណ្ណោះទេ ថែម​ទាំងមានមុខក្នុង​ខ្សែភាពយន្តខ្នាតធំទៀតផង។

លើស​ពី​នេះ​ការ​លេច​មុខ​ ក្នុង​ការ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ ​ក៏​រួម​ចំណែក​ក្នុងការ​បង្កើន​ទ្រព្យរបស់ T.O.P ដែរ។ មានការ​ប៉ាន់​ប្រមាណ​ ថាតម្លៃខ្លួនក្នុងកិច្ច​ព្រម​ព្រៀង​រយៈពេល​ ៦ខែជាមួយនឹងស្ប៉តពាណិជ្ជកម្មនោះ យ៉ាង​ហោច​ណាស់​ដល់ទៅ ៥០ម៉ឺនដុល្លារ និង​ មួយ​លាន​ដុល្លារ សម្រាប់​កិច្ច​សន្យា​រយៈ​ពេល​វែង​មួយ​ឆ្នាំ។

ជាមួយ​ទ្រព្យក្នុងដៃ T.O.P អាច​ទិញ​វីឡា​មួយ​កន្លែង ដែល​មាន​តម្លៃ​ជាង​ ២,៥ លានដុល្លារ និងចំការទំពាំងបាយជូរ​មួយ​ នៅ អាហ្សង់ទីន​ ដែល​ផលិ​តស្រា​ជា​មធ្យម​ ៨០០០ ដប។

តារា​ចម្រៀង​រ៉េបរូបនេះ​ ធ្លាប់​បាន​បញ្ជាក់​ថា​ លោក​នឹង​មិន​លក់​ដប​ទាំង​នេះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​លោក​នឹង​រក្សា​វា​ទុក​ សម្រាប់​ខ្លួន​លោក ហើយ​ថែម​ទាំង​ផ្ញើ​វា​ជា​កាដូ​ដល់​អ្នក​គាំទ្រទៀត។

ក្រៅ​ពី​នេះ​ T.O.P. ក៏ត្រូវបានគេស្គាល់ផង​ដែរ​ ថា​ជា​អ្នក​ប្រមូល​ផ្តុំ​ស្នាដៃ​សិល្បៈ និងកៅអី។ លោក​ក៏បាន​ទិញ​ស្នាដៃ​សិល្បៈ​​ដើម​របស់​ Andy Warhol និង Kim Hwan​ ដែរ៕

ប្រភព៖ kpopstarz   ប្រែ​សម្រួល៖ យី សុធារី