បី​ខែ​នេះ សំ សុណ្ណារ៉ាក់ រវល់​បែក​ខ្ទិះ​ជាមួយ​ការងារសិល្បៈ​ផង និង​រកស៊ី​ផ្ទាល់​ខ្លួន​ផង តែ​មាន​គន្លឹះ​ធ្វើ​ឲ្យ​លោក​ញញឹម​បាន

  • 2021-09-09 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស សំ សុវណ្ណារ៉ាក់ បង្ហើប​ថា រយៈ​ពេល​បី​ខែ​ហើយ​ដែល​លោក​ចាប់​ផ្ដើម​ទទួល​ការងារ​សិល្បៈ​ឡើង​វិញ ពោល​គឺ​ទាំង​ការ​ថត​រឿង ស្ពត​ពាណិជ្ជកម្ម និង​ទទួល​ការ​ច្រៀង​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ។ ក្នុង​រយៈ​ពេល​នេះ​លោក​រវល់​ទ្វេដង ហើយ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ក៏​រវល់​ខ្លាំង​ណាស់​ដែរ។

តារា​ចម្រៀង​រូប​នេះ បាន​ប្រាប់​Sabay នៅ​រសៀល​ថ្ងៃ​ទី៨ ខែ​កញ្ញា នេះ​ថា បច្ចុប្បន្ន​ការងារ​សិល្បៈ​រវល់​ជាង​ការងារ​រកស៊ី តែ​លោក​មិន​អាច​ប្រលែង​ចោល​មួយ​ណា​ទាំង​ស្រុង​បាន​ឡើយ​បាន​ឡើយ ហើយ​លោក​គ្រោង​ទម្លាក់​ការងារ​សិល្បៈ​ចោល​ខ្លះ​ដោយ​ធ្វើ​យ៉ាង​ណា​រុញ​ការងារ​ទាំង​ពីរ​នេះ​ឲ្យ​ដើរ​ទៅ​មុខ​ដូច​គ្នា។

សំ សុវណ្ណារ៉ាក់ ៖"រវល់​ណាស់...ហត់​ណាស់​បង! យើង​ឆ្លៀត តែ​ចំណូល​បាន​ពី​វា​ក៏​សមរម្យ​ទៅ​នឹង​ការ​ខិតខំ​យើង​ដែរ អីចឹង​យើង​សប្បាយ​ចិត្ដ នៅ​តែ​ញញឹម។ សិល្បៈ​ក៏​រវល់​ខ្លាំង​ណាស់​ដែរ​បង​បី​ខែ​នេះ តែ​យើង​រវល់​តែ​នៅ​តាម​ប៉ុស្តិ៍ ថត​រឿង ថត​MV នៅ​ភ្នំពេញ មិន​បាន​ចុះ​ខេត្ត​ដើម្បី​ច្រៀង​អី​ដូច​មុន​ទេ"។

បើ​តាម​លោក សំ សុណ្ណារ៉ាក់ ជំនួញ​នាំចូល​ខោ​ខោវប៊យ​ពី​ក្រៅ​ប្រទេស​ដែល​មាន​យីហោ"Sovanarak Brand" បាន​ដំណើរការ​ជិត​២​ឆ្នាំ​ហើយ ហើយ​ទំនិញ​ទាំង​នេះ​ត្រូវ​បាន​លោក​ស្ដុក​ទុក​នៅ​ឃ្លាំង​ក្នុង​ផ្ទះ​លោក​ផ្ទាល់​ម្ដុំ​ផ្លូវ​វេង ស្រេង។ លោក​គ្រោង​នឹង​បើក​ហាង​លក់ដូរ​មួយ​ត្រឹម​ត្រូវ នៅ​ពេល​ស្ថានភាព​ជំងឺ​កូវីដ-១៩ បាន​ធូរស្រាល៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ