រថយន្ត​អ៊ីដ្រូហ្សែន​របស់​ Toyota ចាក់មួយពេញ ជិះពីខ្មែរដល់ភូមា

  • 2021-10-11 07:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែល​គេកំពុងតែផ្តោត​ខ្លាំង​ទៅលើ​រថយន្តអគ្គិសនី ក្រុមហ៊ុន Toyota ឯណោះវិញ​ ទើបតែប្រកាស​ប្រាប់​ពិភពលោកថា រថយន្តអ៊ីដ្រូហ្សែន Mirai របស់​ខ្លួន​បាន​បំបែកកំណត់​ត្រា Guinness ដោយចាក់ពេញតែម្តង អាច​បើកបានចម្ងាយ​ជាង ១៣០០គីឡូម៉ែត្រ (ពី ប៉ោយប៉ែត ដល់ក្រុងយ៉ុំាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ)។

ការបើកបរ​ប៉ុនប៉ងបំបែកកំណត់ត្រានេះ ធ្វើឡើង​រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៣ និង ២៤ សីហា ២០២១ នៅ​ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ បន្ទាប់​ពីចាក់​បំពេញ​អ៊ីដ្រូហ្សែនចូល​ក្នុងរថយន្តប្រមាណ ៥នាទីមក មន្រ្តី​ Guinness ក៏បាន​បិទស្លាកសម្គាល់​​នៅត្រង់​គម្របធុងសាំង មុន​បើកចេញ​ពី​មជ្ឈមណ្ឌល​បច្ចេកទេស​ Toyota (TTC) ក្នុងក្រុង Gardena។

​នៅថ្ងៃទី១ នៃបេសកកម្មនេះ រថយន្ត Mirai ត្រូវបានបើកទៅដល់ San Ysidro បន្ទាប់មក Santa Barbara ហើយ​បន្តដំណើរ​តាម​ផ្លូវហាយវេ Pacific Coast ឆ្លងកាត់ Santa Monica និង Malibu មុនត្រឡប់ទៅកាន់ក្រុង Gardena។ ក្រុមបើកបរ បាន​ត្រឡប់មកដល់ TTC ជាមួយចម្ងាយ ៧៦០គីឡូម៉ែត្រ ចុចដោយ GPS។

នៅថ្ងៃទី២ ក្រុមបាន​បន្ត​ដំណើរ ដោយមិនបាន​ចាក់​អ៊ីដ្រូហ្សែន​ឡើយ និងវិលវិញ​ក្នុងចម្ងាយ ៦០០គីឡូម៉ែត្រ​ទៀត ធ្វើឱ្យ​ចម្ងាយសរុបឡើងដល់ ១៣៦០គីឡូម៉ែត្រ បំបែក​ឯតទគ្គកម្មពិភពលោក។ មន្រ្តី Guinness បញ្ជាក់​ថា ស្លាកសញ្ញា​ដែលបាន​បិទនៅគម្របធុងសាំង ពុំ​មានដាច់រហែក​អ្វីឡើយ ដែល​បង្ហាញថា​ រថយន្តនេះ​មិនត្រូវបាន​ចាក់អ៊ីដ្រូហ្សែនថែម​ក្នុងពេល​ធ្វើដំណើរនោះទេ។

ចំពោះការបើកបររយៈពេល ២ថ្ងៃនេះ Toyota បាន​ឱ្យដឹងថា គឺ​ប្រើអ៊ីដ្រូហ្សែនអស់ ៥,៦៥គីឡូក្រាម ខណៈការបញ្ចេញ​តាមបំពង់ស៊ឺមុំាង​ គឺ​ជាទឹក៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សំភី