កុំយល់ច្រឡំ​ ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់តម្លៃប្រេងសាំងសម្រាប់លក់តាមការ៉ាសទេ

  • 2021-10-18 08:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីមានការលើកឡើងច្រើនអំពីការលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយតម្លៃប្រេងឥន្ធនៈបានបន្តឡើងថ្លៃក្នុង១លីត្ររហូតជិតដល់៥ពាន់រៀល។ ការហក់ឡើងនេះ បាននាំឱ្យមានប្រតិកម្មពីប្រជាពលរដ្ឋមួយចំនួន និងស្នើសុំឱ្យមានការត្រួតពិនិត្យឡើងវិញ ចំពោះតម្លៃប្រេងសាំងបន្តឡើងថ្លៃ នេះ។

ទន្ទឹមនឹងនេះដែរ ក្រសួងពាណិជ្ជកម្ម​​ ក៏បញ្ជាក់ហេតុផលច្បាស់ៗ​ ​ពាក់ព័ន្ធតម្លៃសាំងឡើងថ្លៃនេះផងដែរ។ ម្យ៉ាងទៀត អ្វីដែលសំខាន់គប្បីយើងទាំងអស់គ្នាត្រូវដឹងនោះគឺ បើ​ទោះ​ជា​ក្រសួងពាណិជ្ជកម្ម ​ជូនដំណឹង​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ ប៉ុន្តែក្រសួងបញ្ជាក់​ថា ក្រសួងមិនមានសិទ្ធក្នុងការ​កំណត់​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួងមាន​ភារកិច្ច​ត្រឹមតែ​ស្រង់​តម្លៃ​ឡើង​ចុះ​នៃ​ប្រេងឥន្ធនៈ​ទៅតាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​អន្តរក្រសួង​ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ។

សូមជម្រាបថា ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ប្រេងសាំងធម្មតាត្រូវលក់ចេញក្នុងតម្លៃ ៤,៣០០ រៀលក្នុង១លីត្រ ប្រេងសាំងស៊ុបពែ១លីត្រ ៤៨៥០រៀល ។ ចំណែកប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៤,០០០រៀលក្នុង១លីត្រ។ យ៉ាងណាក៏ដោយ បញ្ហាប្រេងសាំងឡើងថ្លៃ គឺមិនមែនរដ្ឋតម្លើងពន្ធ ឬយកពន្ធបន្ថែមទេ គឺយោងតាមតម្លៃទីផ្សារអន្តរជាតិតែប៉ុណ្ណោះ ៕

អត្ថបទដោយ ៖ ស៊ូ​ អីន