កូនខ្មែរគួរដឹង! ទាំងនេះជាក្រដាសប្រាក់រៀល ៤ប្រភេទ រាជរដ្ឋាបាលធ្វើឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍សំខាន់របស់សម្ដេចតា និងអង្គព្រះមហាក្សត្រ

  • 2021-10-18 10:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្រេចដាក់ឲ្យចរាចរប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀល (៣ម៉ឺនរៀល) គំរូថ្មី ដើម្បីអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។ ទន្ទឹមនេះកន្លងមកក៏រាជរដ្ឋាភិបាល ក៏បានដាក់ឲ្យដំណើរការធនប័ត្រអនុស្សាវរីយ៍ចំនួន៣រួចមកហើយដែរ ដូចជា ធនប័ត្រអនុស្សាវរីយ៍ ១០០០រៀល,​ ធនប័ត្រអនុស្សាវរីយ៍ ២០០០រៀល, ធនប័ត្រអនុស្សាវរីយ៍ ១៥០០០រៀល​​ជាដើម ។

- ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ១០០០រៀល ៖ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរប្រើប្រាស់ទូទាំងប្រទេស នៅថ្ងៃទី ២៥ តុលា ២០១៧ ដើម្បីថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមទ្រង់យ៉ាងបដិសន្ធិក្នុងព្រះបរមសុគតិភព។

- ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០រៀល ៖ ធនាគារ​ជាតិ​ នៃ​កម្ពុជា​បានបោះពុម្ព​ក្រដាស​ប្រាក់​ថ្មីប្រភេទ​ ២០០០រៀល ឲ្យ​ចរាចរណ៍​ជាសាធារណៈ​ ដើម្បីអប់អរសាទរ ខួបអនុស្សាវរីយ៍លើក​លើក​ទី​៦០ នៃ​​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា​ ឆ្នាំ​១៩៥៣​-២០១៣។

- ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ១៥០០០រៀល ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ចេញផ្សាយ​ ធ្វើចរាចរ និង​ប្រើប្រាស់​ក្នុងទូទាំង​ប្រទេស​នូវ​ក្រដាសប្រាក់ ១៥០០០រៀល​ ហើយ​នៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩។ ធ្វើឡើងដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

- ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០រៀល ៖ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀល (៣ម៉ឺនរៀល) គំរូថ្មី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដើម្បីអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ធនប័ត្រអនុស្សាវរីយ៍ទាំងនេះសុទ្ធសឹងមានលក្ខណៈពិសេស បង្ហាញពីការចងចាំ និងអប់អរសាទរចំពោះអង្គព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រ និងវីរៈភាពដ៏អង្គអាចរបស់ព្រះអង្គ។ ធនប័ត្រអនុស្សាវរីយ៍ ត្រូវបានដាក់ ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សូមសាធារណជនគ្រប់រូប ត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ ៕

អត្ថបទដោយ ៖ ស៊ូ​ អីន