អ្នកចាំ​ទី​ Norwich City វ័យ​២០ឆ្នាំ​រូប​នេះ ពិនិត្យ​ឃើញ​ ជំងឺ​មហា​រីក​

  • 2021-10-18 12:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ Dan Barden ដែល​ជា​កីឡាករ​របស់​ក្លឹប​​ Norwich City ដែល​បច្ចុប្បន្ន​មក​លេង​ឲ្យ​ក្លឹប​ Livingston ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ បាន​ពិនិត្យ​ឃើញ​ជំងឺ​មហារីក​ពងស្វាស។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​ ក្លឹប​ Norwich City នៅ​ក្នុង​ថ្ងៃ​នេះ​។

អ្នក​ចាំ​ទី​វ័យ​២០ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​ចាក​ចេញ​ពី​វិស័យ​បាល់ទាត់​មួយ​រយៈ​ ដើម្បី​ព្យាបាល​ជំងឺ​មហា​រីក​មួយ​នេះ​។ យ៉ាង​ណា​ក្ដី​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ពី​រយៈ​ពេល​ច្បាស់​លាស់​ ដែល​កីឡាករ​នេះ​ ត្រូវ​ការ​ព្យាបាល​នោះ​ទេ​ ដោយ​គ្រាន់​តែ​ដឹង​ថា​ការ​ព្យាបាល​ដំណាក់​កាល​ដំបូង​នៅ​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​។

ទោះ​ជា​រក​ឃើញ​ជំងឺ​មហារីក​នេះ​ក្ដី​ Barden នៅ​មាន​ទឹក​ចិត្ត​រឹង​មាំ​ ដោយ​គេ​ជឿជាក់​ថា​គេ​នឹង​អាច​យក​ឈ្នះ​ជំងឺ​មួយ​នេះ​ និង​ត្រលប់​មក​កាន់​វិស័យ​បាល់ទាត់​វិញ​ ដោយ​សារ​នេះ​ជា​ដំណាក់​កាល​ដំបូង​របស់​ជំងឺ​នេះ​ប៉ុណ្ណោះ​ ហើយ​គេ​រក​ឃើញ​ទាន់​ពេល​វេលា​បែប​នេះ​។

ជា​ចុង​បញ្ចប់​អ្នកចាំ​ទី​រូប​នេះ​ក៏​បាន​អរគុណ​ដល់​គ្រួសារ​ មិត្តភ័ក្ដិ​ មិត្ត​រួម​ក្រុម​ ជា​ពិសេស​ក្រុម​គ្រូពេទ្យ​ក្លឹប​ទាំង​ពីរ​ និង​ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ Royal Marsden​ ដែល​បាន​សហការ​ និង​ជួយ​ក្នុង​ការ​ពិនិត្យ​ឃើញ​ទាន់​ពេល​ និង​លើក​ទឹក​ចិត្ត​ផង​ដែរ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី