FIFA ​នឹង​បាន​ចំណូល​បន្ថែម​៣,៣​ពាន់​លាន​ផោន ​បើ​រៀប World Cup ​២​ឆ្នាំ​ម្ដង​សម្រេច​

  • 2021-12-21 07:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ​កំពុង​រៀប​ចំ​ស្នើ​គ្រប់​បណ្ដា​ប្រទេស​ដើម្បី​គាំទ្រ​ដល់​ការ​រៀប​ចំ​ពាន​រង្វាន់ FIFA World Cup ​លេង​២​ឆ្នាំ​ម្ដង ​ជំនួស​ការ​លេង​៤​ឆ្នាំ​ម្ដង។

​ក្រោយ​ពី​ធ្វើ​ការ​សិក្សា​ល្អិតល្អន់​ទៅ FIFA ​ពិត​ជា​ចង់​បង្កើត​ការ​ប្រកួត World Cup ​ឱ្យ​បាន​២​ឆ្នាំ​ម្ដង​មែន ​ដោយ​វា​នឹង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំង​អស់​មាន​ឱកាស​បាន​លេង​ប្រកួត​អន្ដរជាតិ​ច្រើន។ មួយ​វិញ​ទៀត ​បើ​សិន​ជា​អាច​លេង​២​ឆ្នាំ​ម្ដង​មែន ​នោះ​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ​មួយ​នេះ នឹង​អាច​រក Sponsors ​បាន​កាន់​តែ​ច្រើន​​បន្ថែម​ទៀត។ ​តាម​ការ​ព្យាករណ៍ ​បើ​សិន​លេង​២​ឆ្នាំ​ម្ដង ​នោះ FIFA ​នឹង​ទទួល​បាន​ចំណូល​បន្ថែម​៣,៣​ពាន់​លាន​ផោន​បន្ថែម ពី​លើ​ចំណូល​ដែល​ធ្លាប់​ទទួល​បាន ៥,៣​ពាន់​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។ មួយ​វិញ​ទៀត គេ​ក៏​អាច​បន្ថែម​ក្រុម​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ផង​ដែរ។

​លោក ​Gianni Infantino ​ប្រធាន FIFA ​បាន​អះអាង​ថា​នេះ​ជា​រឿង​ល្អ​សម្រាប់​គ្រប់​គ្នា ដើម្បី​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ថ្មី។ មួយ​វិញ​ទៀត ​ចំណូល​ដែល FIFA ​ទទួល​បាន ក៏​នឹង​ត្រូវ​ចែក​ទៅ​តាម​បណ្ដា​ប្រទេស​ទាំង​អស់​ដែល​ជា​សមាជិក ២១១​នោះ​ផង​ដែរ​។ ​ឯកសារ​ប្រមាណ​ជា​៧០០​សន្លឹក​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ការពារ​និង​ពន្យល់​ដល់​សមាជិក​ទាំង​អស់ ពី​គុណ​ប្រយោជន៍​នៃ​ការ​បង្កើត​ពាន​២​ឆ្នាំ​ម្ដង។

​តែ​យ៉ាង​ណា ខាង​សហព័ន្ធ​បាល់ទាត់​នៅ​អឺរ៉ុប ​នៅ​អាមេរិក​ខាង​ត្បូង ​និង​លីគ​ធំ​ៗ​ជា​ដើម ​បាន​ជំទាស់​ចំពោះ​ផែនការ​នេះ។ វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ច្រើន​ចំពោះ​ការ​ប្រកួត ​ហើយ​កីឡាករ​ផ្ទាល់​ក៏​នឹង​មិន​មាន​ពេល​សម្រាក​នោះ​ទេ ដោយ​លេង​ទាំង​លីគ​អាជីព​ផង ​ហើយ​ត្រូវ​លេង​ជម្រើស​ជាតិ​ទៀត កៀក​គ្នា​ខ្លាំង៕

ប្រភព៖ Dailymail   អត្ថបទ៖ នរៈ វិទូ