ជំពាក់បំណុលច្រើនឆ្នាំ ក្រសួងការពារជាតិស្នើសុំសម្ដេចលុបបំណុលថ្លៃអគ្គិសនី ជាង៩ពាន់លានរៀល
- 2021-12-29 04:14:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំពាក់បំណុលច្រើនឆ្នាំ ក្រសួងការពារជាតិស្នើសុំសម្ដេចលុបបំណុលថ្លៃអគ្គិសនី ជាង៩ពាន់លានរៀល
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងឱកាសបើកសម្ពោធអគារទីស្ដីការក្រសួងការពារជាតិនៅព្រឹកថ្ងៃទី ២៩ ធ្នូនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន ដោយសុំលុបបំណុលជាង ៩ពាន់លានរៀល ដែលក្រសួងការពារជាតិបានជំពាក់ថ្លៃប្រើប្រាស់អគ្គីសនី របស់អគ្គីសនីកម្ពុជា។
តាមសម្ដេចពិជ័យសេនា បំណុលនេះ ជាបំណុលដែលបានគរ ពូនផ្ដុំរយៈ ពេល ៥ឆ្នាំមកហើយ ដោយគិតពីឆ្នាំ ២០១៦ រហូតមកត្រឹមថ្ងៃទី ៣ កញ្ញា ២០២១។ ក្នុងរយៈពេលនេះ តាមវិក្ក័យប័ត្ររបស់អគ្គីសនីកម្ពុជាផ្ញើជូនមកក្រសួងការពារជាតិ មានចំនួនសរុប ៩ ១៩០ ០០០រៀល ស្មើនឹងជាង ២លានដុល្លារអាមេរិក។
ការកើនឡើងនូវបំណុលរបស់ក្រសួងការពារជាតិ លើការប្រើប្រាស់អគ្គិសនីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា មានហេតុផលសំខាន់ៗដូចជា៖ ទី១ ដោយសារការកើនឡើងនូវការប្រើប្រាស់ ដោយផ្អែកទៅលើការរីកចម្រើននៃវិស័យការពារជាតិជារៀងរាល់ឆ្នាំ ជាក់ស្ដែងពីមុន អង្គភាពចំណុះឲ្យក្រសួងការពារជាតិ មានតែ១៦០អង្គភាព តែបច្ចុប្បន្នមាន ២៤០អង្គភាពហើយ ដែលនេះជាការកើនឡើងនូវតម្រូវការប្រើប្រាស់អគ្គីសនីជាចាំបាច់។
ទី២ទៀត ទន្ទឹមនឹងការកើនឡើងនូវតម្រូវការប្រើប្រាស់នេះ ងាកមកឥណទានប្រើប្រាស់ថវិកាជាតិដែលផ្ដល់ដោយក្រសួងសេដ្ឋកិច្ចវិញ នៅរក្សាចំនួនដដែល។ ស្ថានភាពខ្វះសមភាពរវាងឥណទានប្រើប្រាស់ថវិកាជាតិ និងតម្រូវការប្រើប្រាស់ជាក់ស្ដែង សម្ដេចពិជ័យ បានបញ្ជាក់ថា បានធ្វើឲ្យក្រសួងការពារជាតិ កើតបំណុលបន្តិចម្ដងៗរហូតដល់ជាង ៩ពាន់លានរៀលក្នុងរយៈ ពេល ៥ឆ្នាំចុងក្រោយ។
ដូច្នេះ ឆ្លៀតឱកាសនេះ សម្ដេចពិជ័យសេនា ស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីលុបចោលដែលមានតម្លៃប្រមាណជាង ២លានដុល្លារអាមេរិកខាងលើ។ ឆ្លើយតបចំពោះបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ដែលចូលរួមជាអធិបតីបើកសម្ពោធអគារទីស្តីការក្រសួងការពារជាតិ បានបញ្ជាក់ថា សម្ដេចនឹង ដាក់ការងារនេះជូនទៅក្រសួងពាក់ព័ន្ធពិនិត្យពីលទ្ធភាពដែលអាចទៅរួច។ "ខ្ញុំនឹងដាក់ការងារនេះទៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងអគ្គីសនីកម្ពុជា ពិនិត្យថាមានលទ្ធភាពប៉ុណ្ណា ថាតើអាចលុបទាំងស្រុង ៧០% ៥០% ឬក៏ ៣០%...”។
ជាមួយការឆ្លើយតបនេះ សម្ដេចតេជោ បញ្ជាក់ដែរថា ក៏នឹងស្នើទៅក្រសួងសេដ្ឋកិច្ចឲ្យពិនិត្យ និងបន្ថែមចំនួនឥណទានប្រើប្រាស់ថវិកាជាតិទៅក្រសួងការពារជាតិថែមទៀត ដោយយោងលើរបាយការណ៍ពីតម្រូវការប្រើប្រាស់អគ្គីសនីជាចាំបាច់។ យ៉ាងណាក៏ដោយ សម្ដេច ក៏ស្នើបណ្ដាអង្គភាពទាំងអស់ទូទាំងកងយុទ្ធពលខេមរភូមិន្ទ សូមចូលរួមប្រើប្រាស់ដោយសន្សំសំចៃ ដែលជាផ្នែកមួយប្រឆាំងការខ្ជះខ្ជាយនឹងការប្រើប្រាស់អគ្គីសនី ក្នុងនោះសម្ដេចលើកឡើងថា ការប្រើប្រាស់ឧបករណីអគ្គីសនីដូចជា ការបើកម៉ាស៊ីនត្រជាក់ចោល ឬក៏បើកសីតុណ្ហភាពខ្ពស់ពេក សុទ្ធតែធ្វើឲ្យកើនការចំណាយខ្ពស់។
ចំណុចនេះដែល នៅក្នុងសុន្ទរកថារបស់ខ្លួន សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដែរថា សម្ដេចគ្រោងនឹងប្រជុំកម្រិតអំពីការប្រើប្រាស់អគ្គីសនីនេះ ដើម្បីចូលរួមសន្សំសំចៃថ្លៃចំណាយលើការប្រើប្រាស់អគ្គីសនីសម្រាប់បណ្ដាឆ្នាំខាងមុខ៕