ជា​ក្ដី​សង្ឃឹម​សម្ដេច​តេជោ​៖ យើង​នឹង​មាន​ស្ពាន​ឆ្លង​ទន្លេមេគង្គ ពី​ភ្នំពេញ​ទៅ​កាន់​ទឹកដីស្វាយ​ជ្រុំ

  • 2022-01-03 02:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​សម្រេច​បាន​លទ្ធផល​ធំ​ៗ​មួយ​ចំនួន សម្ដេច​តេជោ ហ៊ុន សែន បាន​ឲ្យ​តម្រុយ​ពី​ក្ដី​សង្ឃឹម​លើ​ហេដ្ឋរចនា​សម្ព័ន្ធ​ថ្មី​ទៀត នោះ គឺ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ពី​ភ្នំ​ពេញ​ទៅ​កាន់​ទឹក​ដី​ស្វាយ​ជ្រុំ នៃ​ស្រុក​ល្វាឯម។

ថ្លែង​បែប​នេះ ក្នុង​វេលា​ដែល​សម្ដេច​តេជោ ហ៊ុន សែន បាន​អញ្ជើញបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែល​​ជា​សមិទ្ធផល​ធំ​មួយ​ដែល​កម្ពុជា​សម្រេច​បាន​ក្រោម​ចំណង​ទាក់​ទង​រវាង​កម្ពុជា-កូរ៉េ អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​នេះ។

តាម​សម្ដេច​​នាយក​រដ្ឋមន្ត្រី កម្ពុជា​ដែល​ជា​ស្ថាបនិក​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា និង​កូរ៉េ គឺ​ប្រទេស​ទាំង​ពីរ​បាន​ផ្ដើម​មាន​ទំនាក់ទំនង​ចាប់​តាំង​ពី ១៩៩៦-១៩៩៩៧ គឺ​ប្រមាណ ២​ឆ្នាំ​ដែល​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំ ១៩៩៩ ដែល​ពេល​នោះ ក្នុង​អាណត្តិ​ប្រធានាធិបតី​កូរ៉េ គឹម ដាយុង។

ស្ថានភាព​នា​ពេល​នោះ សម្ដេច​នាយក​រដ្ឋមន្ត្រី​ថា ប្រសិន​បើ​សម្ដេច​មិន​ប្រឹងប្រែង​បង្កើត​ឲ្យ​មាន​ចំណង​ទាក់​ទង​ជាមួយ​សមភាគី​កូរ៉េ​ទេនោះ នៅ​ក្នុង​​កិច្ច​ប្រជុំ​អាស៊ាន ១០ ជាមួយ​នឹង​កូរ៉េ គឺ​មាន​ប្រទេស​មួយ​ដែល​មិន​មាន​ទំនាក់ទំនង​សោះ​ជាមួយ​នឹង​កូរ៉េ នោះ​គឺ​កម្ពុជា។ ដូច្នេះ​ហើយ​សមិទ្ធផល​នៅ​ថ្ងៃ​នេះ គឺ​ជា​ផ្លែផ្កា​នៃ​កិច្ច​ខិត​ខំប្រឹងប្រែង​ផ្នែក​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ប្រទេស​នានា​របស់​កម្ពុជា។

បែប​នេះ​សម្ដេច​មាន​ក្ដី​សង្ឃឹម​ថ្មី​ទៀត ក្រោម​ផ្លែ​ផ្កា​នៃ​ទំនាក់ទំនង​មួយ​នោះ។ សម្ដេច​ថ្លែង "ជា​ក្ដី​សង្ឃឹម យើង​នឹង​មាន​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​មួយ​ទៀត ពី​ភ្នំពេញ ទៅ​ស្វាយ​ជ្រុំ ល្វា​ឯម​យើង​នេះ!”។ ជាមួយ​គ្នា សម្ដេច ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​ដែរ​ថា នៅ​ឆ្នាំ ២០២២ ពលករ​កម្ពុជា នឹង​បន្ត​កើន​ឡើង​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ ជាមួយ​នឹង​ទំហំ​ពាណិជ្ជកម្ម​កាន់​តែ​មាន​ការ​រីក​ចម្រើន​ដូច​គ្នា៕

អត្ថបទ៖ ទារិកា