ការមិនមានគោលដៅច្បាស់លាស់ រើសជំនាញសិក្សាមិនបានត្រឹមត្រូវ អាចជះឥទ្ធិពលមិនល្អដល់អនាគតរបស់និស្សិត

  • 2022-01-18 03:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយជាប់បាក់ឌុបហើយ ជាដំណាក់កាលដ៏សំខាន់ និងពិបាកក្នុងការសម្រេចចិត្ត ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ឬជ្រើសរើសជំនាញសិក្សា ឱ្យបានត្រឹមត្រូវ ទៅតាមចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់សិស្សានុសិស្សនីមួយៗ។ អ្នកជំនាញបានឱ្យដឹងថា ការមិនមានគោលដៅច្បាស់លាស់ ឬការជ្រើសរើសជំនាញសិក្សាមិនបានត្រឹមត្រូវ អាចជះឥទ្ធិពលមិនល្អដល់អនាគតរបស់និស្សិតផ្ទាល់តែម្តង។

សិស្សទើបជាប់បាក់ឌុបហើយ ហាក់ខ្វះខាតនូវព័ត៌មាន និងពិបាកសម្រេចចិត្តក្នុងការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ឱ្យស្របតាមសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ពួកគេ។ ពួកគេមួយចំនួនបានសម្រេចចិត្តជ្រើសរើសជំនាញសិក្សាតាមការចង្អុរបង្ហាញរបស់ឪពុកម្ដាយ ឬមិត្តភក្ដិ ដែលខុសទៅនឹងចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន។

បើតាមការឱ្យដឹងពីនិស្សិតម្នាក់ទើបបញ្ចប់ការសិក្សាផ្នែកព័ត៍មានវិទ្យា (IT) នៅសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ បានប្រាប់ Sabay ថាកាលពីដំបូងរូបគេជ្រើសរើសរៀនមុខវិជ្ជាផ្នែកច្បាប់ តាមមិត្តភក្តិដែលមកពីខេត្តជាមួយគ្នា។ លុះរៀនបាន១ឆ្នាំ រូបគេសង្កេតឃើញថាជំនាញមួយនេះហាក់មិនត្រូវជាមួយនឹងទេពកោសល្យ និងចាប់ផ្អើមធុញទ្រាន់ធ្វើឱ្យនិស្សិតរូបនេះលែងមានអារម្មណ៍ចង់ទៅសាលា។ ដោយស្វែងយល់ថា ជំនាញមួយនេះមិនសមជាមួយសមត្ថភាពនិងទេពកោសល្យ គេក៏បោះបង់ការសិក្សា ហើយទៅចាប់់ជំនាញដែលខ្លួនស្រលាញ់ គឺជំនាញព័ត៍មានវិទ្យា (IT) រហូតបញ្ចប់ការសិក្សា ទទួលបានការងារល្អ ប្រាក់ខែខ្ពស់ នៅក្នុងក្រុមហ៊ុនមួយ។

នេះបញ្ជាក់ឱ្យឃើញថា ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យពិតជាសំខាន់ខ្លាំងណាស់ចំពោះអនាគតរបស់និស្សិត។ បើសិនជ្រើសរើសជំនាញ ដែលខ្លួនមិនស្រលាញ់ធ្វើឱ្យខាតបង់ទាំងពេលវេលា រួមទាំងថវិកាផងដែរ៕