មាន​ន័យ​ណាស់!​ ពាន​រង្វាន់ U-18​ ស្រុកល្វាឯម​បណ្ដុះ​ក្មេងៗ​ឲ្យស្រឡាញ់​កីឡា​ និង​សាមគ្គីភាព​

  • 2022-01-22 08:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ កន​ សុខកាយ​ អភិបាល​ស្រុក​ល្វាឯម​ ថា​ពាន​រង្វាន់​ U-18​ ដែល​មាន​បណ្ដា​សាលា​ជា​ច្រើន​ចូលរួម​លេង​ និង​បិទ​បញ្ចប់​ម្សិលមិញ​នេះ​ គឺ​មាន​អត្ថន័យ​បណ្ដុះ​គំនិត​ក្មេងៗ​ឲ្យ​ចេះ​ស្រឡាញ់​វិស័យ​កីឡា​ និង​ធ្វើ​ឲ្យ​ពួកគេ​ចេះ​សាមគ្គី​គ្នា​ដើម្បី​ធ្វើ​កិច្ចការ​រួម។​

ក្រុមផ្ដាច់ព្រ័ត្រលេខ ១-២

ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ម្សិលមិញ​នេះ​លោក​ កន​ សុខកាយ​ បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​ U-18​ គឺ​គោល​បំណង​ធំ​ចង់​ប្រមូល​ក្មេងៗ​យុវជន​នានា​ជា​ពិសេស​តាម​សាលា​រៀន​ផ្សេង​ឲ្យ​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡា​ ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព​ល្អ។​ មួយ​វិញ​ទៀត​ក៏​ជា​ការ​បង្ហាត់​បង្រៀន​ដល់​យុវជន​ឲ្យ​ចេះ​រួម​សាមគ្គី​គ្នា​ក្នុង​ការ​ធ្វើ​កិច្ចការ​ជា​ក្រុម​ជា​ដើម​ ជៀសវាង​ពួកគេ​ចំណាយ​ពេល​ទៅ​ធ្វើ​រឿង​អត់​ប្រយោជន៍​ និង​ប៉ះពាល់​ដល់​សង្គម​ដូច​ជា​សេព​គ្រឿង​ញៀន​ ឬ​ធ្វើ​អំពើ​អបាយមុខ​ជា​ដើម។​

លោក កន សុខកាយ អភិបាលស្រុកល្វាឯម

អភិបាល​ស្រុក​ល្វាឯម​រូប​នេះ​បន្ត​ទៀត​ថា​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ស្រុក​មួយ​រូប​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​មហាជន​ក៏​ដូចជា​ប្រជាជន​ផ្ទាល់​នៅ​ទីនោះ​មាន​ការ​គាំទ្រ​ដូច​ជា​មក​ចូលរួម​ទស្សនា​ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​បែប​នេះ។​ ដើម្បី​ជា​ការ​ជំរុញ​ និង​បំផុស​បន្ថែម​លើ​វិស័យ​កីឡា​ក្នុង​ស្រុក​ល្វាឯម​ លោក​នឹង​រៀបចំ​ពាន​រង្វាន់​មហាជន​មួយ​ឲ្យ​ធំ​ជាង​នេះ​ទៅ​ទៀត​ ដែល​អនុញ្ញាត​ឲ្យ​គ្រប់​វ័យ​មាន​ឱកាស​បាន​ប្រកួត​កម្សាន្ត​លេង​ និង​ជា​ការ​ស្វែង​រក​ធនធាន​ខ្លាំងៗ​បន្ថែម​ទៀត​សម្រាប់​ក្រុម​ល្វាឯម​នេះ។​

លោក កន សុខកាយ អភិបាលស្រុកល្វាឯម

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ U-18​ នៅ​ស្រុក​ល្វាឯម​នេះ​គឺ​ចាប់​ប្រកួត​តាំង​ពី​ដើម​ឆ្នាំ​២០២១​ មក​ម្ល៉េះ​ទើប​តែ​បិទ​បញ្ចប់​ម្សិលមិញ​នេះ​ទេ​នៅ​វិទ្យាល័យ​ ហ៊ុនសែន​ទឺក​ឃ្លាំង។​ ក្នុង​នោះ​ផ្នែក​បុរស​ លេខ១​ បាន​លើ​ក្រុម​បាល់ទាត់​ល្ខោនខោល​ វត្ត​ស្វាយ​អណ្ដែត​ លេខ២​ បាន​លើ​ក្រុម​បាល់ទាត់​ យុវជន​សម្រេច​ក្ដី​ស្រមៃ​ លេខ៣​ បាន​លើ​ក្រុម​ យុវជន​រ៉េតហ្វាយអើ។​ ចំណែក​ផ្នែក​នារី​ លេខ១​ បាន​លើ​ក្រុម​នារី ​វិទ្យាល័យ​ ហ៊ុនសែន​ពោធ៍រៀង​​ លេខ២​ បាន​លើ​ក្រុម​​នារី​ វិទ្យាល័យ​ ហ៊ុនសែន​ទឹកឃ្លាំង​ លេខ៣​ បាន​លើ​ក្រុម​​នារី​ អនុវិទ្យាល័យ​ ហ៊ុនសែន​ភូមិធំ៕​

ទិដ្ឋភាពបិទការប្រកួតម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​