ម៉ែន និមលរតន៍ បញ្ជាក់មូលហេតុ ប៊ី សុធារី មិនអាចអង្គុយជុំតុជាមួយបវរកញ្ញាចក្រវាលទាំង៤ជំនាន់

  • 2022-01-24 03:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមឆ្នាំ២០២២ នេះ កម្មវិធីMiss Universe Cambodia បានដំណើរការជ្រើសរើសបវរកញ្ញាចក្រវាលចំនួន៥ជំនាន់ហើយ ពោលគឺកម្មវិធីចាប់ផ្ដើមបើកការប្រកួតតាំងពីឆ្នាំ២០១៧ មក។ ប៉ុន្ដែម្សិលមិញនេះ កម្មវិធីបានរៀបចំឲ្យមានជំនួបដ៏កម្រមួយរបស់បវរកញ្ញាចក្រវាលតែ៤ជំនាន់ ក៏កើតជាចម្ងលឡើងសម្រាប់មហាជន។

កាលពីរសៀលថ្ងៃទី២៣ ខែមករា ម្ចាស់កម្មវិធីបានរៀបចំឲ្យកញ្ញា រឿន ណាត បវរកញ្ញាតំណាងជាតិកម្ពុជាឆ្នាំ២០១៨ កញ្ញា សំណាង អេលីណា បវរកញ្ញាតំណាងជាតិកម្ពុជាឆ្នាំ២០១៩ កញ្ញា រ៉េត ហ្សារីតា បវរតំណាងជាតិឆ្នាំ២០២០ និងកញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាតំណាងជាតិឆ្នាំ២០២១ បានជួបជជែកចែករំលែកបទពិសោធន៍ប្រកួតទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិរបស់ខ្លួន ប៉ុន្ដែគេមិនឃើញបវរកញ្ញាឆ្នាំ២០១៧ គឺកញ្ញា ប៊ី សុធារី នោះទេ។

ជុំវិញបញ្ហានេះអ្នករៀបចំកម្មវិធីMiss Universe Cambodia លោក មែន និមលរតន៍ បញ្ជាក់តាមរយៈSabay ថា កញ្ញា ប៊ី សុធារី ដែលជាអតីតបវរកញ្ញាចក្រវាលដំបូងគេក្នុងឆ្នាំ២០១៧ បានលាលែងតំណាងរបស់ខ្លួនកាលពីនាងនៅក្នុងក្រុមហ៊ុន Arise Agency ដូច្នេះហើយទើបកញ្ញា ប៊ី សុធារី មិនអាចប្រើឈ្មោះក្នុងនាមជាបវរកញ្ញាចក្រវាលទៀតទេ។

លោក ម៉ែន និមលរតន៍៖ “រឿងនេះហ្វេនមួយចំនួនបានដឹង ហើយហ្វេនមួយចំនួនទៀតអត់ដឹង អីចឹងគាត់ចេះតែឆ្ងល់ ប៉ុន្ដែជាធម្មតាបើគេ(ប៊ី សុធារី) លាលែងតំណែងហើយ សូម្បីតែពួកខ្ញុំបន្ដការងារហ្នឹងក៏ខ្ញុំអត់មានសិទ្ធិក្នុងការអញ្ជើញគាត់មកក្នុងនាមជាMiss Universe ទៀតដែរ"។

សូមរំលឹកថា អតីតបវរកញ្ញាចក្រវាលឆ្នាំ២០១៧ កញ្ញា ប៊ី សុធារី ក្រោយពីលាលែងតំណាងរបស់ខ្លួនជាផ្លូវការ ប៉ុន្ដែកញ្ញាបានងាកទៅចាប់កម្មវិធីប្រឡងបវរកញ្ញាមួយទៀតដែលមានឈ្មោះថា “Miss Cham”។ កញ្ញាបានប្រឡងជាប់ជម្រសើជាតិ ដើម្បីចេញទៅប្រកួតនៅប្រទេសវៀតណាមក្នុងឆ្នាំ២០២០ទៀតផង ដែលកម្មវិធីនោះឈ្មោះថា "Miss Cham International 2020 ដែលមានបវរកញ្ញាប្រមាណ១០ប្រទេសចូលរួម ប៉ុន្ដែសម្រាប់កញ្ញាមិនទទួលបានជោគជ័យក្នុងកម្មវិធីប្រកួតនោះទេ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី