អបអរសាទរកម្ពុជា! តួលេខចាក់វ៉ាក់សាំងខ្ពស់បំផុត ក្នុងតំបន់និងលើពិភពលោក ខណ:២០ថ្ងៃហើយកម្ពុជាគ្មានអ្នកស្លាប់ដោយសារតែកូវីដ

  • 2022-01-24 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមព្រឹកថ្ងៃទី២៤ខែមករា ឆ្នាំ២០២២នេះ មានរយ:ពេល២០ថ្ងៃជាប់ៗហើយ ដែលប្រទេសកម្ពុជាមិនបានរកឃើញអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩ ខណ: យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តយ៉ាងយកចិត្តទុកដាក់ និងដំណើរការបានយ៉ាងល្អ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ។បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៥៩% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

នៅក្នុងនោះ ដំណើរការនៃការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ប្រជាពលរដ្ឋចំនួន ១០ ១៩០ ៦២៤ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣៨ ៨៨៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩១% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំណែកកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៦ ៧២៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៧ ៤៦៣ នាក់ ដែលស្មើនឹង ៩៩.៤២% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ដោយឡែក ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៧ ១៣៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៦ ៩៩០ នាក់ ដែលស្មើនឹង ១០៥.៧៨% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៩ ៦៨១ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤២ ០៤២ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៥.០៥%។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០៦៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,២៣២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ប្រភព៖ក្រសួងព័ត៌មាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ