ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ជុំផ្តាច់ព្រ័ត្រ បញ្ចប់ដោយជោគជ័យ

  • 2022-01-24 05:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ដ៏ធំប្រចាំឆ្នាំដែលធ្វើឡើងនៅឩទ្យានជាតិគិរីរម្យ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា ដោយនាំយកភាពរីករាយ និងការកម្សាន្តបែបសុខភាពជូនដល់កីឡាករ និងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្តែងអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាវាយតម្លៃខ្ពស់ចំពោះកម្មវិធីនេះខ្លាំងណាស់​ ព្រោះវាមិនត្រឹមតែជួយលើកស្ទួយវិស័យកីឡាជិះកង់ប៉ុណ្ណោះទេ តែវាថែមទាំងជំរុញដំណើរកម្សាន្តក្នុងស្រុក បង្កើតឱកាសឲ្យកីឡាករហ្វឹកហាត់ពង្រឹងសមត្ថភាព ក៏ដូចជាទទួលបានការកម្សាន្ត និងសុខភាពនាចុងសប្តាហ៍ផងដែរ»។ អ្នកស្រី បន្ថែមថា ការចូលរួមយ៉ាងច្រើនបែបនេះ បានសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីនេះ ហើយភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) ពិតជាមានមោទកភាពជាខ្លាំងដែលបានក្លាយជាម្ចាស់ឩបត្ថម្ភផ្តាច់មុខក្នុងការនាំយកព្រឹត្តិការណ៍នេះរហូត៣លើកផ្សេងគ្នាក្នុងរយៈពេល៣ខែចុងក្រោយនេះ។

ជាក់ស្តែង ជុំផ្តាច់ព្រ័ត្រនៃការប្រណាំងនេះ បានទាក់ទាញកីឡាករជិត ៤០០ នាក់ មកពីខេត្តក្រុងនានាទូទាំងប្រទេស។ លោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំមានប្រសាសន៍ថា៖ «កម្មវិធីបានដំណើរការទៅយ៉ាងល្អ ហើយយើងឃើញថាកីឡាករពួកគាត់សប្បាយរីករាយជាខ្លាំង។ ទោះបីទីតាំងប្រកួតក្នុងជុំទី៣នេះមានចម្ងាយឆ្ងាយពីភ្នំពេញបន្តិចក្តី តែកីឡាករមិនថាក្មេង ចាស់ ប្រុសស្រីនោះតែ​ ពួកគាត់នៅតែតស៊ូមកចូលរួមព្រោះការស្រឡាញ់»។ លោក Pierre Yves Catry បន្តថា គណៈកម្មាធិការរៀបចំការប្រកួត​ ក៏ដូចជាម្ចាស់ឧបត្ថម្ភនឹងសិក្សាពីលទ្ធភាពបន្តនាំយក ព្រឹត្តិការណ៍នេះមកជូនពលរដ្ឋទៀតនាពេលខាងមុខនេះ ដោយលោករំពឹងថាអាចនឹងមានការបន្ថែមចំនួនជុំនិងទីតាំងផ្សេងក្នុងប្រទេសកម្ពុជា។

ការប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES បានធ្វើឡើងចំនួន ៣ ជុំផ្សេងគ្នារួមមាន នៅភ្នំជាលក្នុងខេត្តកំពង់ស្ពឺ នៅព្រែកលៀបក្នុងរាជធានីភ្នំពេញ និងជុំផ្តាច់ព្រ័ត្រនៅឩទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺ ដោយជុំនីមួយៗធ្វើឡើងរយៈពេលកន្លះថ្ងៃ។ ការប្រកួតបែងចែកជា ១៤ វិញ្ញាសាផ្សេងគ្នា ដែលកីឡាករនីមួយៗតម្រូវឲ្យប្រណាំងក្នុងរយៈចម្ងាយដែលបានកំណត់ទៅតាមប្រភេទនៃវិញ្ញាសា និងត្រូវជិះឆ្លងកាត់ស្ថានភាពផ្លូវមានដូចជា ផ្លូវរាបស្មើ ផ្លូវទួល ផ្លូវភ្នំ ផ្លូវមានថ្ម និងផ្លូវឧបសគ្គផ្សេងទៀតមុនទៅដល់ទីលានផ្តាច់ព្រ័ត្រ។

វាជាកម្មវិធីដ៏ល្អដែលអនុញ្ញាតឲ្យកីឡាករអាចប្រកួតដើម្បីឈ្នះពានរង្វាន់ និងពង្រឹងសមត្ថភាពរបស់ខ្លួនត្រៀមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ កីឡាករទទួលបានពានរង្វាន់ត្រឡប់ទៅផ្ទះវិញដែលមានអត្ថន័យយ៉ាងធំធេងសម្រាប់កីឡាករនីមួយៗព្រោះពួកគាត់បានប្រឹងប្រែងតស៊ូ ជម្នះរាល់ឩបសគ្គដើម្បីទទួលបានជោគជ័យ។ ក្រៅពីនេះ ម្ចាស់ឧបត្ថម្ភកម្មវិធីក៏បានលើកទឹកចិត្តដល់កីឡាករជ័យលាភីដោយការផ្តល់ជូនភេសជ្ជៈប៉ូវកម្លាំង វើកផងដែរ៕

សូម​ទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទ៖ នរវិទូ

អត្ថបទថ្មី