Laportaថា​ Barca មិន​គិតគូរ​នាំ​យក​ Messi មក​វិញ​នោះ​ទេ​

  • 2022-03-29 11:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ RAC1 នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ នៅ​ខណៈ​នេះ​ក្លឹប​លោក​មិន​គិត​គូរ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Lionel Messi ត្រលប់​មក​វិញ​នោះ​ទេ​។

លោក​ Laporta បាន​និយាយ​ថា​៖" រហូត​មក​ទល់​នឹង​ពេល​នេះ​ខ្ញុំ​អត់​ទទួល​បាន​ដំណឹង​ពី​ Messi ក៏​ដូច​ជា​ខាង​ក្លឹប​គេ​និយាយ​រឿង​ពាក់ព័ន្ធ​នឹង​ការ​ត្រលប់​មក​ Barca វិញ​នៅ​ឡើយ​ទេ​។ ខ្ញុំ​មិន​ដែល​បាន​ទាក់ទង​​និយាយ​ជា​មួយ​គេ​ឲ្យ​បាន​ជាក់លាក់​នោះ​ទេ​ចាប់​តាំង​ពី​គេ​ចាកចេញ​ពី​ក្លឹប​យើង​ទៅ​។ និយាយ​ទៅ​ការ​ចាកចេញ​របស់​គេ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​អារម្មណ៍​មិន​ល្អ​សោះ​ "។

លោក​បាន​បន្ត​ថា​៖" យ៉ាង​ណា​ក្នុង​ពេល​នេះ​យើង​មិន​គិត​គូរ​នាំ​យក​ Messi មក​វិញ​នោះ​ទេ។​ ឥឡូវ​នេះ​យើង​កំពុង​តែ​កសាង​ក្រុម​ថ្មី​របស់​យើង​ដែល​លាយ​បញ្ចូល​នឹង​កីឡាករ​វ័យក្មេង​ និង​កីឡាករ​មាន​បទពិសោធន៍​ ដើម្បីលេងឲ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ល្អ​។ តែ​ Messi នៅ​តែ​ Messi អញ្ចឹង​គេ​នឹង​តែង​តែ​ល្អ​ជានិច្ច​។ សម្រាប់​ខ្ញុំ​ការ​ចាកចេញ​របស់​គេ​មិន​មែន​ជា​រឿង​ល្អ​ទេ​ តែ​ធ្វើ​ម៉េច​​ក្លឹប​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ យើង​មិន​អាច​ប្រហែស​បាន​នោះ​ទេ​ យើង​ធ្វើ​អ្វី​ ដែល​យើង​អាច​ធ្វើ​បាន​ "។

នៅ​ក្នុង​រដូវកាល​នេះ​ Messi ​ផ្លាស់​ទៅ​លេង​ឲ្យ​ PSG​ ចូល​រួម​លេង​បាន​ ២៦ប្រកួត​ និង​រក​បាន​៧គ្រាប់​ហើយ​។ PSG ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១ក្នុង​ការ​ប្រកួត​ Ligue 1 ដោយ​មាន​ ៦៥ពិន្ទុ​ រី​ឯ​ Barcelona កំពុង​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៣ ក្នុង​ការ​ប្រកួត​ La Liga ដោយ​មាន​ ៥៤ពិន្ទុ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី