ប្រវត្តិសាស្ត្រសព្វបែបយ៉ាងគួរដឹង របស់ HYBE ជាមួយនឹងក្រុមនារីៗ

  • 2022-05-23 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Source Music ទើប​តែបង្ហាញមុខក្រុម​ថ្មី​របស់ខ្លួនមានឈ្មោះថា​ LE SSERAFIM ជាមួយនឹង​សមាជិក ៥ នាក់សិន ដោយសារ Kim Garam ជាប់ពាក់ព័ន្ធ​នឹង​ករណី Bully នៅ​សាលា។ អ្នកគាំទ្រ​ K-Pop ជា​ច្រើន​នាក់​ មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ ព្រោះក្រុម​នេះ​ HYBE តាំង​ចិត្តបង្កើតដោយផ្ចិតផ្ចង់បំផុតជា​លើកដំបូង ក្រោយក្រុមនារីរបស់ខ្លួនទី១ គឺ GLAM បំបែក​កាល​ពីឆ្នាំ ២០១៥ ព្រោះតែអាស្រូវជិតជុំ។

ដូច្នេះជា​ការសរុប ខាងក្រោម​នេះ​ គឺជាប្រវត្តិសាស្ត្រដែល​ត្រូវ​បាន​កត់ត្រាទុក សម្រាប់ក្រុមនារី​ដែលស្ថិតក្រោម​ការគ្រប់គ្រងរបស់ក្រុមហ៊ុន HYBE គិតចាប់ពីឆ្នាំ ២០១២ ដល់ ២០២២៖

១. GLAM

នេះ​គឺជាក្រុមនារីដំបូង​បង្អស់របស់​ផលិតកម្ម Big Hit រួមសហការជាមួយនឹង Source Music។ ក្រុមនេះ​មាន​សមាជិក ៥នាក់មាន Jiyeon, Zinni, Trinity, Dahee និង Miso ដោយចេញមុខជាមួយនឹងបទ "Party (XXO)”

ក្រោយចេញ​មុខមិនបាន​ប៉ុន្មានផង សមាជិក​ម្នាក់ដែលមាន​ឈ្មោះ​ថា​ Trinity ក៏បានចេញពីក្រុមនៅឆ្នាំ ២០១២នោះ។ ភ្លាមៗ Source Music ក៏បាន​លើកហេតុផលថា ការចាកចេញនេះ ក៏ដោយសារនាង​មាន​បញ្ហា​ផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា អ្នកគាំទ្រ​បាន​ដឹង​មុនទៅហើយថា​ ការពិត សមាជិក​ម្នាក់នេះត្រូវ​បាន​គេ​ល្បីថា​ជា Sasaeng Fan (អ្នកគាំទ្រ​ជ្រុលនិយម) ដែលតាម​យាយីឆាឆៅ Lee Teuk (ក្រុម Super Junior) គ្រប់ពេល។

Trinity

សមាជិក ៤នាក់នៅសល់ក៏បន្តសហការគ្នារហូតដល់ឆ្នាំ ២០១៤ តារាសម្ដែង Lee Byung Hun បាន​ទៅប៉ុស្តិ៍ប៉ូលីស ដោយរាយការណ៍ថាខ្លួនបាន​ទទួល Email បែបគំរាម និងជំរិតប្រាក់ ដែលម្នាក់ក្នុងចំណោមនារី ២នាក់នោះគឺ Dahee សមាជិកក្រុម GLAM

ក្រោយមាន​ការស៊ើបអង្កេត នាងក៏ត្រូវ​បាន​គេចាប់ខ្លួន និងកាត់ទោសពីបទប៉ុនប៉ងគំរាមកំហែង។ ដំបូងនាង​ត្រូវ​តុលាការកាត់ទោស ១ឆ្នាំ ប៉ុន្តែ Dahee បាន​ប្ដឹងទៅសាលាឧទ្ធរណ៍ តែជាលទ្ធផល​នាង​ត្រូវទទួលទោស ១ ឆ្នាំ ក្នុងពន្ធនាគារ និង២ឆ្នាំនៅក្រៅឃុំ។ ទោះជាយ៉ាងណា ដោយក្ដីអាណិត Lee Byung Hun ក៏សម្រួល ដោយព្រមឲ្យនាងរួចខ្លួនពីជាប់ពន្ធនាគារ តែនាងត្រូវបង់ពិន័យជាទឹកប្រាក់ ២ម៉ឺនដុល្លារជំនួសវិញ។

ដោយសាររឿងហេតុដល់ដំណាក់កាលនេះ Source Music និង Big Hit ក៏សម្រេច​បំបែកក្រុមនេះតែម្ដង។

២. GFRIEND

បន្ទាប់ពី HYBE បាន​ទិញយក Source Music នៅក្នុងឆ្នាំ ២០១៩ ដូច្នេះ​ក៏មាន​ន័យថា​ក្រុមហ៊ុនក្លាយជា​អ្នកគ្រប់គ្រងរបស់ក្រុមនារី GFRIEND ដែរ។ GFRIEND ​ចេញមុខដំបូង​នៅឆ្នាំ ២០១៥ ជាមួយនឹង​បទ «Glass Bead» ដោយជាប់ចំណាត់ថ្នាក់កំពូលទៀតផង។

ទោះជោគជ័យ​យ៉ាងណា ប៉ុន្តែគួរឲ្យស្ដាយនៅឆ្នាំ ២០២១ ក្រុមក៏ប្រកាសថាត្រូវ​រំសាយ មានន័យថា​ក្រុម ២ឆ្នាំ ប​ន្ទាប់ពី HYBE ទិញយក។

៣. Fromis_9

បន្ទាប់ពី HYBE Labels ទិញយក Pledis Entertainment ក្នុងឆ្នាំ ២០២០ ក្រុម Fromis_9 បានក្លាយជាក្រុមនារីទីបី ដែលគ្រប់គ្រងដោយ HYBE Labels។ បន្ទាប់ពីការរំសាយក្រុម GFRIEND ភ្លាមៗនោះ Fromis_9 បានក្លាយជាក្រុមនារីតែមួយគត់ដែល Active នៅក្រោមក្រុមហ៊ុន HYBE

Fromis_9 បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានបង្កើតតាមរយៈកម្មវិធី Idol School ជាមួយនឹងបទ "To Heart" ។

យ៉ាងណាមិញ ក្រុម​នេះ​ពិតជា​ទទួល​ជោគជ័យ​ខ្លាំង​មិនធម្មតាទេ រហូតមកទល់ពេល​នេះ មានន័យថាការគាំទ្រ​មានចំពោះ​ពួកគេ គឺកាន់តែខ្លាំងឡើងៗ។ ឯសមត្ថភាព​ដែលពួកគេ​បង្ហាញ​ក៏មិនធ្វើឲ្យគ្រប់គ្នា​ខក​ចិត្តដែរ។។

៤. LE SSERAFIM

ទោះធ្លាប់បរាជ័យម្ដង ប៉ុន្តែ HYBE និង Source Music នៅតែមាន​សង្ឃឹមថា​ ពួកគេ​អាច​បង្កើតក្រុមនារីថ្មី​ដែល​នាំជោគជ័យជូន K-Pop បន្ទាប់ពីក្រុម​មុនៗ។ ជាលទ្ធផល LE SSERAFIM ក៏បាន​ចេញ​រូបរាងជាមួយនឹង​សមាជិក ៦នាក់ សុទ្ធតែជាអ្នកដែល​មាន​សមត្ថភាពខ្ពស់ៗ។ ការគាំទ្រ​មកកាន់ពួកគេ​ ក៏មាន​សន្ទុះ​មិនធម្មតាដូចគ្នា នេះ​ក៏អាចមកពីពួកគេ​ជាក្រុមនារីដំបូង ដែល​ត្រូវ​បាន​បង្កើតដោយ ​HYBE និង Source Music បន្ទាប់​ពីក្រុម GLAM ដែល​ត្រូវ​បាន​បង្កើតកាលពី១០ឆ្នាំមុន។ ម្យ៉ាង​ក្រុម​នេះ​ក៏មាន​តាំង​ពីអតីតសមាជិកក្រុម IZ*ONE មាន​ Chaewon, Sakura ក៏ដូចជាបេក្ខភាព​កម្មវិធី Produce 48 គឺ Yunjin និងអ្នករាំរបាំបាឡេអាជីព Kazuna ផងដែរ។

ដំណើរនៃការ Promote ក្រុមថ្មីនេះ​ ហាក់ដូចជាមិនរលូនសោះ សូម្បីតែមុនពេល Debut ក៏ LE SSERAFIM ត្រូវស៊ូជាមួយបញ្ហាចម្រូងចម្រាសដែរ។

ក្រោយមក​ទៀត សមាជិកម្នាក់ដែលមាន​ឈ្មោះ​ថា​ Kim Garam ត្រូវរងការចោទប្រកាន់ ថាបាន​គំរាម​កំហែង ឬ Bully គេ​កាល​ពីនៅរៀន។ ទោះបី HYBE បកស្រាយថាពុំមែនជារឿងពិត ប៉ុន្តែអ្នកប្រើបណ្ដាញសង្គមភាគច្រើនបំផុតជឿថា នាង​ទំនងជាធ្វើរឿងទាំងនោះមែន។ ក្រោយស៊ើបច្បាស់ការរួច Source Music ក្នុងនាម​ជាអាណាព្យាបាលក្រុម​ថ្មីនេះ ក៏បានឆ្លើយតបថា Kim Garam ពិតជា​អ្នកដែលបង្ករឿងទាំងនោះកាលពីនៅរៀនមែន ហើយក៏បាន​ Bully គេដែរ។ ជាការសម្រេច ក្រុមហ៊ុននឹងដក Kim Garam ដោយឲ្យផ្អាកពីសិល្បៈមួយរយៈសិន ដោយក្រុម LE SSERAFIM ត្រូវ​ចេញមុខ Promote ជាមួយនឹង​សមាជិក ៥នាក់សិន៕

ប្រភព៖ Koreaboo  

អត្ថបទពេញនិយម