ភ្ញាក់ផ្អើល! អ្នកជំនាញរកឃើញថ្មបញ្ចុះសីមា នៅកំពូលខ្លោងទ្វារតាកាវ ថតទុកជាឯកសាររួចដាក់ទីតាំងដើមវិញ

  • 2022-06-27 02:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈការជួសជុលខ្លោងទ្វារតាកាវ នៅទិសខាងលិចរាជធានីអង្គរធំ បានដំណើរការជិតឈានដល់ការបញ្ចប់ក្នុងពេលឆាប់ៗខាងមុខហើយនោះ ការពីម្សិលមិញគេបានរកឃើញថ្មបញ្ចុះសីមា ដែលជារបស់កម្រក្នុងសំណង់។

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក អមជាមួយរូបភាពជាច្រើនសន្លឹកថា៖ "លើកទី១ហើយបានរកឃើញរបស់នេះយកទៅដាក់ចូលទីតាំងដើមវិញ សូមអរគុណសន្តិភាព"។ លោកបានបន្តបកស្រាយថា ថ្មនេះត្រូវបានរកឃើញនៅកំពូលខ្លោងទ្វារ ហើយទំនងជាថ្មដូនតាខ្មែរប្រើសម្រាប់បញ្ចុះសីមា នៅផ្នែកខាងលើ។

យ៉ាងណាក៏ដោយ ក្រោយថតរូបទុកជាឯកសាររួច ក្រុមអ្នកជំនាញបានដាក់ថ្មនោះទៅទីតាំងដើមវិញ ហើយការដាក់នេះគឺដោយប្រុងប្រយ័ត្នបំផុតមិនឲ្យដាក់ខុសទិស ដើមរបស់ថ្មនោះទេ ព្រោះជាប្រភេទសីមា។ គួរបញ្ជាក់ថា ខ្លោងទ្វារតាកាវ ខ្លះហៅថាតាកៅ គឺជាខ្លោងទ្វារមួយស្ថិតនៅទិសខាងលិច ដែលពីសម័យបុរាណគេយកអ្នកទោសដែលត្រូវប្រហារជីវិតចេញតាមខ្លោងទ្វារនេះ។

ក្រុងអង្គរធំមានខ្លោងទ្វារទាំងអស់ ៥ គឺតាកាវនេះ ខ្លោងទ្វារជ័យ ខ្លោងទ្វារខ្មោច នៅទិសខាងកើត ខ្លោងទ្វារទន្លេអុំ នៅទិសខាងត្បូង និងខ្លោងទ្វារដីឆ្នាំង នៅទិសខាងជើង៕

អត្ថបទ៖ សៀនហួរ