ពាក់កណ្ដាលឆ្នាំ ២០២២ ពិភពសិល្បៈកូរ៉េពេញដោយរឿងល្អ ព័ត៌មានមង្គលជ័យរបស់តារា ៧គូ

  • 2022-06-27 04:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ៦ខែដំបូង ឆ្នាំ២០២២ មាន​ដំណឹង​ល្អជា​ច្រើន​បាន​ចេញផ្សាយទាក់ទង​នឹង​ព័ត៌មាន​រៀបការសាងគ្រួសាររបស់តារា​សម្ដែង​ដ៏ល្បីរបស់កូរ៉េ។

គូទី១៖ Choi Tae Joon និង Park Shin Hye

ស្វាគមន៍ឆ្នាំថ្មីដំបូងគេគឺ Choi Tae Joon និង Park Shin Hye ដែល​រៀបចំ​ពិធីមង្គលការនៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ពោលគឺស្របពេលដែលកូនក្រមុំកំពុងពពោះកូនដំបូងរបស់ពួកគេ។

អ្នកទាំង ២បាន​សាង​ស្នេហាជាមួយគ្នា​អស់រយៈពេល​ ៥ឆ្នាំ​ហើយ ទើប​សម្រេច​ចាត់ចែងពិធីដ៏មាន​ន័យស្របច្បាប់នៅព្រះវិហារមួយកន្លែងក្នុងក្រុងសេអ៊ូល ដោយមាន​ការចូលរួមអបអរពីមិត្តក្រៅ និងក្នុងសិល្បៈជា​ច្រើននាក់ដូចជា Lee Minho, Lee Hong Ki, D.O (EXO), Crush, Lee Juk -ល-។

គូទី២៖ Hyun Bin និង Son Ye Jin

ក្នុងចំណោមតារាទាំងនោះ ព័ត៌មានរៀបការរបស់ Hyun Bin និង Son Ye Jin មានការចាប់អារម្មណ៍ខ្ពស់ជាងគេ ពោលគឺចាប់តាំង​ពី​ពួកគេ​ប្រកាសពីដំណឹង​នេះ​ដំបូង​ម្ល៉េះ។ ពិធីរៀបការរបស់ពួកគេទៀតសោត ក៏មាន​ការចូលរួមសុទ្ធតែតារាល្បីៗ ហើយពិធីវិញត្រូវ​បាន​រៀបចំថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ នៅឯសណ្ឋាគារលំដាប់អភិជនមួយកន្លែងក្នុងប្រទេស។

ការផ្ដោតតាមដានលើរឿងស្នេហារបស់ពួកគេនោះ គឺចាប់ផ្ដើម​តាំងពីពេល​ Hyun Bin និង Son Ye Jin សម្ដែង​រឿង «Crash Landing On You» រហូត​ដល់ពេល​ពួកគេប្រកាសថាទាក់ទងស្នេហាគ្នា ហើយឈានដល់ថ្ងៃរៀបការបញ្ជាក់ថា អ្នកទាំង២ ពិតជាអាចបង្កើតស្នេហាពិត បាននៅក្រៅរឿងមែន។

គូទី៣៖ Lee Gyu Hyuk និង Son Dam Bi

Son Dam Bi និងមិត្តប្រុស Lee Gyu Hyuk បាន​ស្គាល់គ្នា​ជាង ១០ឆ្នាំហើយ ប៉ុន្តែទើប​ទាក់ទងស្នេហាគ្នានៅ​ឆ្នាំ​មុនប៉ុណ្ណោះ។ ក្រោយទាក់ទងស្នេហា និងមើលចិត្តគ្នា​អស់ជាង​ ១ឆ្នាំ ពួកគេ​ក៏សម្រេច​រៀបការជាមួយគ្នានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

ចំណែកអ្នកដែលគេឃើញថា​បាន​ទៅចូលរួមសាទរគូស្នេហ៍ថ្មីនេះ មាន​ PSY, Jo Kwon និង Seulong (2AM) ដោយមិនត្រឹមតែចូលរួម ពួកគេ​ថែមទាំងច្រៀងជូនជាពិសេសទៀតផង។

គូទី៤៖ តារាចម្រៀង/សម្ដែង Kim Hyun Joong

អំឡុងពេល​នៃការប្រគំតន្ត្រីអនឡាញរបស់ខ្លួន Kim Hyun Joong បាន​ប្រកាសព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ ថាលោករៀបការួចហើយ។ Hyun Joong បាន​និយាយថា៖ «ខ្ញុំបាន​សម្រេច​ចិត្តរួមដំនើរជីវិត្តជាមួយអ្នកដែលជាផ្នែក​មួយនៃជីវិតខ្ញុំហើយ, អ្នក​ដែល​នៅជិតខ្ញុំ​គ្រប់ពេល និងជួយខ្ញុំ​ក្នុងពេល​ដែល​ខ្ញុំស្ថិតក្នុងពេល​ដ៏សែន​ពិបាក​បំផុត»។

នៅខែមេសា ឆ្នាំ២០២២ មានព័ត៌មាន​ចេញផ្សាយ​ថា Hyun Joong បាន​ទិញផ្ទះថ្មី​មួយកន្លែង ព្រម​ទាំង​បាន​ចាប់ផ្ដើម​ជីវិតគ្រួសារជាមួយនឹងភរិយាលោក អ្នកដែល​នៅក្រៅរង្វង់សិល្បៈនោះហើយ។ ផ្អែក​តាម​ប្រភព លោក​បាន​ចុះអេតាស៊ីវិលត្រឹមត្រូវរួមគ្នាដើម្បីបញ្ជាក់ថាពួកគេជាប្ដីប្រពន្ធស្របច្បាប់ គ្រាន់តែមិនរៀបចំពិធីមង្គលការដូចគេប៉ុណ្ណោះ។ ម្យ៉ាងក៏អាស្រ័យលើស្ថានភាពការវាយលុកនៃជំងឺកូវីដរាលដាលខ្លាំងពេក​ដែរ។

គូទី៥៖ Yoon Kye Sang និង Cha Hye Young

អ្នកទាំង ២ បាន​រៀបការនឹង​គ្នានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅ​សណ្ឋាគារដ៏ប្រណីត Shilla Hotel ក្នុងក្រុងសេអ៊ូល។ ភរិយារបស់តារាប្រុសរូបនេះ​កើតឆ្នាំ ១៩៨៣ មាន​ន័យថាប្អូនលោក ៥ឆ្នាំ ហើយនាងគឺជា CEO ក្រុមហ៊ុនផលិតផលថែសម្រស់ដ៏ល្បី​របស់​កូរ៉េទៀតផង។ អ្នកទាំង ២ បាន​ទាក់ទងគ្នានៅចុងឆ្នាំ ២០២០ ហើយក៏សម្រេច​ចុះសំបុត្រអាពាហ៍ពិពាហ៍នៅ​ខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយសារពេល​នោះជំងឺកូវីដវាយលុកប្រទេសពេក ទើបពិធីមង្គលការត្រូវ​បាន​លើកមករៀបចំ​នៅថ្មីៗនេះ​វិញ។

គូទី៦៖ Andy (SHINHWA)

តារាប្រុសរូបនេះ​បាន​លាចាកពីភាពនៅកំលោះហើយ ក្រោយរៀបការជាមួយនឹង​មិត្តស្រី​ គឺអ្នកនិយាយព័ត៌មានរបស់ប៉ុស្តិ៍ MBC មាន​ឈ្មោះថា​ Lee Eun Joo។ ភរិយារបស់ Andy មាន​អាយុប្អូនលោក ៩ឆ្នាំ ប៉ុន្តែអ្នកទាំង ២ ស្រឡាញ់គ្នាណាស់ ហើយក៏ចុះសម្រុងនឹងគ្នា​ខ្លាំង​ដែរ ទើប​ឈាន​ដល់វេលារៀបការរួមរស់ជាប្ដីប្រពន្ធតែម្ដងនៅពាក់កណ្ដាលខែ មិថុនា ឆ្នាំ២០២២។

គូទី៧៖ Jang Nara

នៅដើម​ខែមិថុនា ឆ្នាំ២០២២ មានព័ត៌មាន​ថា​ Jang Nara នឹងត្រូវ​រៀបការហើយ ក្នុងវ័យ ៤១ឆ្នាំ ជាមួយនឹង​គូដណ្ដឹង​ដែល​ជាអ្នកស្ថិតនៅក្រៅរង្វង់សិល្បៈ។ បុរសម្នាក់នោះមាន​អាយុតិចជាង Nara ៦ឆ្នាំ ហើយអ្នកទាំង ២ បានទាក់ទងគ្នាស្ងាត់ ២ឆ្នាំហើយ។

មង្គលការរបស់តារាស្រីរូបនេះ ត្រូវបាន​រៀបចំ​នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងក្រុងសេអ៊ូល ដោយធ្វើជាលក្ខណៈឯកជន និងមាន​តែសាច់ញាតិ និងមិត្តជិតស្និទ្ធប៉ុណ្ណោះចូលរួមសាទរ៕

ប្រភព៖ Kenh14   អត្ថបទ៖ ធារី