ប្រយ័ត្ន​ទៅ​មិន​ខុស​ទេ! នេះ​វិធី​ការពារ​ខ្លួនពី​សត្វ​ពស់​ចឹក កំឡុង​រដូវ​ធ្លាក់​ភ្លៀង​ច្រើន

  • 2022-09-22 03:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​កំឡុង​ខែ​ដែល​មាន​ភ្លៀង​ធ្លាក់ វា​ជា​ពេល​វេលា​មួយ​ដែល​មនុស្ស​ម្នា​គួរ​តែ​បង្កើន​ភាព​ប្រុង​ប្រយ័ត្ន​ចំពោះ​​ការ​រុករាន​​នៃ​ពពួក​សត្វ​ល្មូន ជា​ពិសេស​គឺ​សត្វ​ពស់​ដែល​មាន​​ពិស​តែ​ម្ដង។ ព្រោះ​អ្វី? ​មូលហេតុ​គឺ​ថា​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ នោះ​ទី​ជម្រក​នៃ​សត្វ​ល្មូន​នឹង​ត្រូវ​បំផ្លាញ​ដោយ​​​លំហូរ​ទឹក ដែល​​ជា​ចាំ​បាច់​​ពួក​វា​ត្រូវ​​តែ​ស្វែង​រក​ទី​ជម្រក​ថ្មី​មួយ​បណ្ដោះ​អាសន្ន។ អាស្រ័យ​ហេតុ​នេះ យើង​គួរ​មាន​វិធានការ​​មួយ​ចំនួន ដើម្បី​បញ្ចៀស​​ការ​ចូល​មក​​ទន្ទ្រាន​​ពី​​​​ពពួក​សត្វ​ទាំង​នោះ ពិសេស​គឺ​សត្វ​ពស់។

បើ​តាម​អ្នក​ជំនាញ មាន​គន្លឹះ​​ចម្បងៗ​មួយ​ចំនួន ដែល​យើង​អាច​យក​មក​អនុវត្ត​បាន៖

  • កម្ចាត់​ចោល​នូវ​​ប្រភព​ចំណី​របស់​ពស់ ដែល​មាន​ដូចជា កណ្ដុរ និង​កង្កែប ជា​ដើម។ បើ​កាល​ណា​ផ្ទះ​សម្បែង​របស់​យើង​សម្បូរ​ដោយ​កណ្ដុរ ឬ​កង្កែប នោះ​ប្រហែល​ជា​កត្តា​ចម្បង​មួយ​ដែល​ទាក់ទាញ​សត្វ​ពស់​ឲ្យ​ចូល​មក​នៅ

  • ចូរ​កុំ​គរ​សំរាម​ចោល​នៅ​មុខ​ផ្ទះ ឬ​នៅ​ជិត​ផ្ទះ​ឲ្យ​សោះ ព្រោះ​​គំនរ​សំរាម​ទាំង​នោះ​ប្រដូច​​បាន​ទៅ​នឹង​ជម្រក​ដ៏​សែន​កក់​ក្ដៅ​របស់​ពស់​អ៊ីចឹង

  • បើ​សិន​ជា​អាច គួរ​រក​អ្វី​មក​បិទ​​រន្ធ​បំពង់​បង្ហូរ​ទឹក​​នានា​នៅ​ក្នុង​ផ្ទះ​ជា​បណ្ដោះ​អាសន្ន ឬ​ធ្វើ​ជា​សំណាញ់​ដាក់​ចំ​កន្លែង​បង្ហូរ​ទឹក​​ទាំង​នោះ​ក៏​បាន

  • បិទ​ទ្វារ​ផ្ទះ​ឲ្យ​ជិត​ល្អ ដោយ​មិន​ត្រូវ​បន្សល់​ប្រហោង​ឬ​ចន្លោះ​ណា​មួយ​ឡើយ ព្រោះ​ងាយស្រួល​ឲ្យ​សត្វ​ពស់​វារ​ចូល​បាន

  • ពាក់​ស្បែក​ជើង​ក​វែង​និង​ខោ​​ជើង​វែង នៅ​រាល់​ពេល​ធ្វើ​ដំណើរ​

  • ដើរ​តាម​គន្លង​ផ្លូវ​ មិន​ត្រូវ​ដើរ​​​​ចុះ​ផ្លូវ​កាត់​ស្មៅ ឬ​​គុម្ពោត​ព្រៃ​ឡើយ

  • កុំ​ប៉ះ ឬ​​រំខាន​សត្វ​ពស់​ឲ្យ​សោះ ក្នុង​ករណី​ដែល​ប្រទះ​ឃើញ​ ហើយ​មើល​ទៅ​វា​មាន​សភាព​ដូចជា​ងាប់

  • ប្រុង​ប្រយ័ត្ន​នៅ​ពេល​លើក​ដុំ​ថ្ម​ ឬ​គំនរ​ឈើ​នៅ​តាម​ផ្លូវ៕

អត្ថបទពេញនិយម