ព័រទុយហ្គាល់​ឆ្លើយ​តប​នឹង​ពាក្យ​ចចាម​អារ៉ាម​ Ronaldo ចង់​ដើរ​ចេញ​ឈប់លេង World Cup

  • 2022-12-08 11:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់​ទាត់​ព័រទុយហ្គាល់​ បាន​ទាត់​ចោល​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​ដែល​ថា Cristiano Ronaldo ចង់​ដើរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ទាំង​ដែល World Cup កំពុង​តែ​ដំណើរ​ការ។

ព័រទុយហ្គាល់​បាន​បញ្ជាក់​ច្បាស់​ថា Ronaldo មិន​ដែល​មាន​ចេតនា​នៅ​ពេល​ណា​មួយ​ ក្នុង​ការ​ដើរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ អំឡុង​ពេល​ព្រឹត្តិការណ៍​ World Cup កំពុង​ដំណើរ​ការ​ឡើយ។

Ronaldo មិន​បាន​ស្ថិត​ក្នុង​ជម្រើស​ ១១នាក់​ដំបូង​ឡើយ ក្នុង​ការ​ប្រកួត​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ដែល​កាល​នោះ​ព័រទុយហ្គាល់​ត្រូវ​ប៉ះ​ជាមួយ​ស្វ៊ីស។ ព័រទុយហ្គាល់​បាន​លត់​ស្វ៊ីស​ក្នុង​លទ្ធផល ៦ ទល់​នឹង ១។ បើ​ទោះ Ronaldo បាន​ចូល​លេង​នៅ​ប្រមាណ​នាទី ៧០ ក៏​ដោយ ខ្សែ​ប្រយុទ្ធ​វ័យ ៣៧ ឆ្នាំ​នេះ មិន​បាន​រក​គ្រាប់​បាន​ក្នុង​ប្រកួត​នោះ​ឡើយ។

សូម​បញ្ជាក់​ថា Ronaldo កម្រ​បាត់​មុខ​ណាស់​ពី​ជម្រើស​ ១១​នាក់​ដំបូង​ នៅ​ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ កីឡាករ​រូប​នេះ លេង​ឲ្យ​ព័រទុយហ្គាល់ ១៩៥ លើក និង​ស៊ុត​ចូល ១១៨ គ្រាប់។

ការណ៍​ដែល​ Ronaldo ត្រូវ​បាន​ដាក់​ជា​កីឡាករ​បម្រុង ធ្វើ​ឲ្យ​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​ចាប់​អារម្មណ៍​រហូត​ដល់​មាន​ការ​ផ្សាយ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា Ronaldo ចង់​ដើរ​ចេញ​ពី​ជម្រើស​ជាតិ ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្គាល់​ចេញ​មុខ​បំភ្លឺ និង​ទាត់​ចោល​តែ​ម្ដង។

ព័រទុយហ្គាល់​ត្រូវប៉ះ​ជាមួយម៉ារុកក្នុង​ការ​ប្រកួត World Cup វគ្គ ៨ ក្រុមចុងក្រោយ៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម