ដឹងទេ! សំបក​កង់រថយន្ត​ដែល​ផលិតនៅ​ខេត្តព្រះសីហនុ ត្រូវនាំចេញ​ទៅប្រទេស​ណាខ្លះ?

  • 2023-03-20 06:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី បាន​រៀបចំ​ពិធីដាក់ដំណើរការ​​នៃការ​ផលិតចេញ​សំបកកង់​រថយន្ត​ជាលើកដំបូង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួមជាអធិបតីរបស់​លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ។

លោក Gu Cui ប្រធានក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា ការផលិតចេញសំបកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុងប្រទេសថៃរយ:ពេល៣ឆ្នាំ និង​បាន​សាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។​

លោក​បន្តថា ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ជាក្រុមហ៊ុនសំបកកង់ឈានមុខគេមួយនៅប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ និងបន្តពន្លឿនការធ្វើឱ្យប្រសើរនូវឧស្សាហកម្មអន្តរជាតិ ឧស្សាហកម្មឆ្លាតវៃ និងឧស្សាហកម្មបៃតង ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងខេត្តជាំងស៊ូ ដែលវិនិយោគជាង ១០០លានដុល្លា។​

នៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដី ១៨០ ០០០ម៉ែត្រការ៉េ ដោយ​មានសមត្ថភាព​ផលិត​សំបកកង់​ក្នុង១ឆ្នាំ ៥លានគ្រឿង (សំបកកង់តូច) និងសំបកកង់ឡានធំ ៩០០ ០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។​

សូម​ជម្រាប​ថា រោងចក្រផលិតសំបកកង់រថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា៕

អត្ថបទ៖ សំភី