អ្វីទៅជា​ព្រឹត្តិការណ៍​ សមរាត្រី? ហេតុអ្វី​កើតឡើង​ចំពោះ​ប្រាសាទ​អង្គរវត្ត​តែមួយគត់?

  • 2024-03-22 02:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញនៃ​អាជ្ញាធរជាតិ​អប្សរា បានឱ្យដឹង​ថា បាតុភូត​ធម្មជាតិ​នៃប្រព័ន្ធព្រះអាទិត្យ  ដែលគេ​ហៅថា «សមរាត្រី » ន័យសាមញ្ញ គឺ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ។

លោក អ៊ឹម សុខរិទ្ធី  បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ  ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែ​ធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។

រូបភាព៖ អាជ្ញាធរជាតិអប្សរា (ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២៤)

លោកបន្តថា សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុន​ជាស្រេច ដោយ​បំណងតម្រូវ​តាម​បាតុភូតធម្មជាតិ​ឱ្យប្រាសាទអង្គរវត្ត​ បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត​នេះឡើង។ អាចនិយាយបាន ថាព្រឹត្តិការណ៍ ពិសេស ថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត  ប្រហែលជាអច្ឆរិយនេះ  កើតមានតែនៅលើ ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា តែប៉ុណ្ណោះ  ចំណែក ឯសំណង់បុរាណ ជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។

ការស្រាវជ្រាវបានបង្ហាញថា ប្រហែលជាមានតែអង្គរវត្តតែមួយគត់ ដែលបានរៀបចំក្នុងបរិក្ខារគ្រប់គ្រងរបស់ព្រះអាទិត្យ ហើយពេលថ្ងៃនិងយប់ លិចចំកណ្តាលកំពូលរបស់អង្គរវត្ត លើសពីហ្នឹងក៏មានពេលថ្ងៃវែងជាងយប់ ពេលយប់វែងជាងថ្ងៃ ក៏វានៅក្នុងប្លង់របស់ប្រាសាទអង្គរវត្តដែរ នេះចំណុចពិសេសដែលថា មានតែមួយគត់នៅលើលោកនេះ ដែលសំណង់បែបហ្នឹង ហើយធំស្កឹមស្កៃបែបហ្នឹង ដែលស្ថាបនាឡើង ដើម្បីគ្រប់គ្រងដំណើរគោចរនៃព្រះអាទិត្យ មួយឆ្នាំមាន២ដង ​នៅក្នុងខែមីនា និងខែកញ្ញា។

រូបភាព៖ អាជ្ញាធរជាតិអប្សរា (ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២៤)

បើតាម​អ្នក​ជំនាញ​ ការកសាងបែបនេះ មានមូលហេតុយ៉ាងសំខាន់ ដែលយើងអាចឆ្លើយនិងសំណួរ ដែលតែងសួរថា ហេតុអ្វីអង្គរវត្ត បែរមុខទៅលិច គឺក្នុងគោលដៅគេធ្វើដើម្បីឱ្យថាមពលនៃចក្រភពរបស់ខ្មែរ គ្រប់គ្រងអំណាចទាំងមូលរបស់ចក្រវាឡ ដែលមានព្រះអាទិត្យជាតំណាង ហើយភស្តុតាង គឺយើងឃើញច្បាស់ ដែលយើងស្គាល់ស្តេចសាងអង្គរវត្ត គឺព្រះបាទសូរ្យវរ្ម័នទី២ ស្អីទៅជាសូរ្យវរ្ម័ន បានន័យថា ជាអ្នក មនុស្ស ឬជន ដែលទទួលការការពារពីព្រះអាទិត្យ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទថ្មី