កម្មវិធី Clean Energy Fellowship៖ កសាងអ្នកដឹកនាំផ្នែកថាមពលស្អាតប្រចាំកម្ពុជា

  • 2024-04-01 08:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការអេននឺជីឡេប (EnergyLab) ក្រោមកិច្ចសហការជាដៃគូជាមួយមូលនិធិ ខុនរ៉ាដអាឌិនណៅអ៊ែរ (Konrad Adenauer Stiftung) និងការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ បានរៀបចំពិធីបើកសម្ភោធជាផ្លូវការនៃកម្មវិធី Clean Energy Fellowship សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ផ្ដួចផ្ដើមឡើងតាំងពីឆ្នាំ២០២១ កម្មវិធីនេះត្រូវបានបង្កើតក្នុងគោលបំណង ពង្រឹងចំណេះដឹងផ្នែកថាមពលស្អាតទៅកាន់យុវជនកម្ពុជាដែលទើបចាប់ផ្ដើមចូលប្រលូកក្នុងវិស័យការងារ និងលើកទឹកចិត្តឱ្យពួកគេចូលរួមកាន់តែសកម្មក្នុងអន្តរកាលថាមពលស្អាតរបស់ប្រទេសកម្ពុជា។

លោកណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់ អង្គការអេននឺជីឡេប (EnergyLab) បានមានប្រសាសន៍ថា «ចាប់តាំងពីឆ្នាំ២០២១មក កម្មវិធី Clean Energy Fellowship នេះ ជាការបង្ហាញពីឆន្ទៈរបស់អង្គការអេននឺជីឡេប (EnergyLab) ក្នុងការគាំទ្រការអភិវឌ្ឍន៍ជំនាញរបស់យុវជនកម្ពុជា ដើម្បីឱ្យពួកគេអាចឈោងចាប់ឱកាសនៅក្នុងវិស័យថាមពលស្អាតរបស់កម្ពុជាបានកាន់តែប្រសើរ។ យើងនឹងបន្តធ្វើកិច្ចការទាំងនេះបន្ថែមទៀតដើម្បីឆ្លើយតបទៅកាន់តម្រូវការបន្ទាន់ដើម្បីសម្រេចបាននូវអន្តរកាលថាមពលស្អាត។»

ចាប់ពីពេលកម្មវិធីដំណើរការដំបូងនៅឆ្នាំ ២០២១ យុវទូតចំនួន ៣៦នាក់ បានបញ្ចប់កម្មវិធីដោយជោគជ័យ ដោយក្នុងនោះមានអ្នកចូលរួមជាស្រ្តីប្រមាណជាង ៥០%។ លោក សេក ចាន់បូរ៉ា យុវទូតថាមពលស្អាតជំនាន់កម្មវិធីឆ្នាំ ២០២៣ បានឆ្លុះបញ្ចាំងលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកថា «តាមរយៈការចូលរួមកម្មវិធី ខ្ញុំបានក្រេបយកចំណេះដឹងផ្នែកបរិបទថាមពល រៀនសូត្រពីឧបសគ្គជុំវិញអន្តរកាលថាមពល និងយល់ដឹងពីគោលនយោបាយក៏ដូចជាខ្សែសង្វាក់ថាមពល។»

ឆ្នាំ២០២៤នេះជាឆ្នាំដែលកម្មវិធីបានជ្រើសរើសអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ ដោយមានរហូតទៅដល់៣០យុវទូតថាមពលស្អាត ហើយពួកគេកំពុងតែចាប់ផ្ដើមក្នុងដំណើរគាំទ្រដល់អន្តរកាលថាមពលស្អាតរបស់កម្ពុជា។ យុវទូតទាំងនោះមកពីស្ថាបន័ខុសៗគ្នា រួមមានស្ថាប័នស្រាវជ្រាវ អង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រសួងនានា។

កម្មវិធី Clean Energy Fellowship នឹងបំពាក់ចំណេះដឹង ព្រមទាំងជំនាញគ្រឹះផ្នែកថាមពលស្អាតដល់យុវទូតដែលចូលរួមក្នុងកម្មវិធី។ បន្ថែមពីលើនេះ កម្មវិធីក៏មានសកម្មភាពផ្សេងៗទៀតដូចជា ដំណើរទស្សនកិច្ចទៅកាន់ទីតាំងថាមពលស្អាត ឱកាសកសាងបណ្ដាញនិងទំនាក់ទំនង និងការសរសេរបទវិចារណកថាក្រោមប្រធានបទគោលថាមពលស្អាតផងដែរ។ សកម្មភាពចម្រុះទាំងនេះនឹងជម្រុញឱ្យអ្នកចូលរួម អាចបញ្ចេញគំនិតដោះស្រាយបញ្ហាក្នុងលំហថាមពលស្អាត និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាពង្រឹងវិជ្ជាជីវៈផ្ទាល់ខ្លួនផងដែរ។

ដោយមើលឃើញពីអត្ថប្រយោជន៍របស់កម្មវិធី លោក Jason Chumtong នាយកប្រចាំប្រទេសកម្ពុជានៃ មូលនិធិ ខុនរ៉ាដអាឌិនណៅអ៊ែរ (Konrad Adenauer Stiftung) បានលើកឡើងថា «ជាមួយនឹងការច្របាច់បញ្ចូលនៃសមត្ថភាព និងភាពចម្រុះរបស់យុវទូត យើងកំពុងតែបំភ្លឺវិថីទៅកាន់ចីរភាព តាមរយៈកម្មវិធី Clean Energy Fellowship។ ឆ្នាំនេះ យើងមិនមែនគ្រាន់តែបង្កើនចំនួនអ្នកចូលរួមនោះទេ ប៉ុន្តែយើងកំពុងតែសាទររឿងរ៉ាវ ក្ដីស្រមៃ និងសម្លេងមកពីគ្រប់មជ្ឈដ្ឋាន។ ដើម្បីពង្រីកនូវវិសាលភាពរបស់កម្មវិធី យើងនឹងមានការបោះពុម្ពផ្សាយនូវបទវិចារណកថារបស់យុវទូតកម្មវិធី និងផ្ដល់ការគាំទ្រផ្នែកសរសេរដើម្បីធានាថាទស្សនៈ និងការស្រាវជ្រាវរបស់ពួកគេគាំទ្រដល់កិច្ចសន្ទនាទាក់ទិននឹងថាមពលស្អាត។»

ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមកម្មវិធី លោក Tristan Bellingham ប្រធានគ្រប់គ្រងផ្នែកថាមពលកកើតឡើងវិញប្រចាំនូវែលសេឡង់ និងតំបន់អាស៊ាន និងតំណាងឱ្យក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ បានលើកឡើងថា «កម្មវិធី Clean Energy Fellowship ជាគំនិតផ្តួចផ្ដើមដ៏អស្ចារ្យ។ អន្តរកាលថាមពលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ហើយនូវែលសេឡង់ពិតជាសាទរយ៉ាងខ្លាំងដល់កម្មវិធីដែលគាំទ្រការចូលរួម និងការជជែកដេញដោល ពីឧបសគ្គចម្បងក្នុងសកលលោកនៅពេលបច្ចុប្បន្ននេះ។ យើងសូមលើកទឹកចិត្តឱ្យយុវទូតថាមពលស្អាតកម្ពុជាជំនាន់ថ្មីនេះ សិក្សារៀនសូត្រ ស្វែងយល់ និងយកចំណេះដឹងរបស់ពួកគេទៅអនុវត្ត ដើម្បីធានាបាននូវអន្តរកាលថាមពលប្រកបដោយយុត្តិធម៌។»

លោក Dr. Michael Renfrew នាយកផ្នែកប្រតិបត្តិការ និងកម្មវិធីនៃ អង្គការអេននឺជីឡេប (EnergyLab) បានបន្ថែមថា «ស្របពេលដែលយើងដំណើរការកម្មវិធី Clean Energy Fellowship ជាលើកទីបួន យើងសូមអញ្ជើញភាគីពាក់ព័ន្ធ ចូលរួមតាមដាន និងរំពឹងទុកការបោះពុម្ពផ្សាយបទវិចារណកថារបស់យុវទូតយើង។ ការបោះពុម្ពផ្សាយនឹងផ្ដល់នូវទស្សនៈផ្សេងៗ ទៅលើបញ្ហាចម្បងនៃថាមពលស្អាត ក៏ដូចជាដំណោះស្រាយដែលនឹងដើរតួជាកាតាលីករយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន និងជម្រុញឱ្យកម្ពុជាឆ្ពោះទៅកាន់អនាគតប្រកបដោយចីរភាព»៕