ទស្សនា​ការ​សម្ដែង​ក្បាច់​គុន​សៅលីញ​ដ៏​កម្រ​លើ​ទឹក​ដី​សៀមរាប

  • 2024-04-24 13:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ្ង​នេះ​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប នៅ​បរិវេណ​ប្រាសាទ​បាយ័ន​ភាគ​ខាង​ជើង មាន​ការ​រៀប​ចំ​ការ​សម្ដែង​ក្បាច់​គុន​សៅលីញ​ដ៏​កម្រ​មួយ បង្ក​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​លើ​បណ្ដាញ​សង្គម។

ការ​សម្ដែង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ការ​សម្ដែង​ក្បាច់​គុន​សាវ​លីញ និង​គុនល្បុក្កតោ​នៅ​អង្គរ (When Shaolin Meets Bokator At Angkor) រៀប​ចំ​ដោយ​ក្រសួង​ទេសចរណ៍​កម្ពុជា ដោយ​មាន​ការ​សហការ​ជាមួយ​រដ្ឋបាល​ប្រជាជន​ខេត្ត​ហឺណាន ចិន រដ្ឋបាល​ខេត្ត​សៀម​រាប និង​ភាគី​ពាក់ព័ន្ធ។ ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​ឡើង​ក្រោម​អធិបតី​ភាព​ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម Sun Shougang សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មការ​គណបក្ស កុម្មុយនីស្ត​ប្រជាជន​ចិន និង​ជា​អភិបាល​រង​ខេត្ត​ហឺណាន។ ព្រឹត្តិការណ៍​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង-ស្ថាប័ន​នានា តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សមាគម​ទេសចរណ៍​ អ្នក​សារព័ត៌មាន ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន ភ្ញៀវ​ជាតិ-អន្តរជាតិ សិស្ស និស្សិត សាធារណជន ក្រុម​ក្បាច់​គុនសាវលីញ និងល្បុក្កតោ កម្ពុជា-ចិនសរុបជាង ១,៥០០នាក់។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​យុទ្ធនាការ «ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤» ដល់​ស្រទាប់​យុវជន ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ការ​បង្កើត «សហគមន៍​ជោគវាសនា​រួម​ កម្ពុជា-ចិន»។

ការ​សម្តែង​ក្បាច់​សៅលីញ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ មាន​ភាព​រស់រវើក ហើយ​បាន​បញ្ចេញ​ និង​បង្ហាញ​ស្នៀត​ក្បាច់​គុន​នេះ​ជា​ច្រើន​ក្បាច់។ ចំពោះ​ទស្សនីយភាព​នៃ​ការ​សម្តែង​នេះ​ សូម​ប្រិយមិត្តទស្សនា​វីដេអូ​ខាង​ក្រោម​ដែលជា​ស្នាដៃថត​ដោយ​ Arun Pov ហើយ​ត្រូវបានចែក​ចាយ​ដោយ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន៖៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទដោយ៖ សេរី មង្គល