Toyota អាចនឹងឈប់ផលិតរថយន្តចំហេះក្នុងសុទ្ធឆាប់ៗ តែក៏មិនហក់ចូលភ្លាមទៅ EV ដែរ គឺផ្តោតលើប្រភេទម៉ាស៊ីនមួយនេះ
- 2024-08-22 03:55:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota អាចនឹងឈប់ផលិតរថយន្តចំហេះក្នុងសុទ្ធឆាប់ៗ តែក៏មិនហក់ចូលភ្លាមទៅ EV ដែរ គឺផ្តោតលើប្រភេទម៉ាស៊ីនមួយនេះ
ចន្លោះមិនឃើញ
មកទល់ពេលនេះ ក្រុមហ៊ុន Toyota មិនទាន់បានប្រកាសបញ្ជាក់ទេថា នឹងឈប់ផលិតរថយន្តចំហេះក្នុងសុទ្ធ នៅពេលណាឡើយ ហើយក៏មិនទាន់ហ៊ានផ្តោតខ្លាំងទៅលើរថយន្តអគ្គិសនីដែរ។ យ៉ាងណាមិញ អ្វីដែលគេអាចដឹងបានពីក្រុមហ៊ុនយក្សជប៉ុនមួយនេះ គឺការផ្តោតទៅលើរថយន្ត Hybrid ពោលគឺ Toyota នឹងបញ្ឈប់ការផលិតរថយន្តប្រើសាំង-ម៉ាស៊ូតសុទ្ធម្តងមួយ ដោយបញ្ចេញតែរថយន្តមានជម្រើស Hybrid តែមួយប៉ុណ្ណោះ។
ប្រភពមួយដែលបង្ហើបប្រាប់ Reuter បានឱ្យដឹងថា រថយន្ត Toyota RAV4 ស៊េរីឆ្នាំ២០២៦ នឹងមានតែជម្រើស Hybrid មួយគត់ លែងមានជម្រើសប្រើសាំងសុទ្ធដូចស៊េរីមុនៗទៀតហើយ សម្រាប់ទីផ្សារអាមេរិកខាងជើង។ ប្រសិនបើព័ត៌មាននេះជាការពិត នោះវានឹងធ្វើឱ្យ RAV4 ក្លាយជារថយន្តទី៤ ដែលលែងមានជម្រើសប្រើសាំងសុទ្ធ បន្ទាប់ពី Yaris Cross, C-HR និង Camry ហើយនេះមិនរាប់បញ្ចូលម៉ូឌែល Prius ឡើយ។
សូមរំលឹកថា កាលពីចុងឆ្នាំ២០២៣ ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Sedan ដ៏មហាល្បីល្បាញ និងលក់ដាច់បំផុតគឺ Camry 2025 ជំនានទី៩ ដែលបានកែរាងថ្មីទាំងស្រុង។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺវាមកតែជាមួយជម្រើសប្រើ Hybrid តែមួយប៉ុណ្ណោះ។ ពេលនោះ Toyota បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្លួនដែលនាំយកតែម៉ាស៊ីន Hybrid មកដាក់លើ Camry 2025 នេះ គឺបង្ហាញថា ជាការព្រមទទួលយកបច្ចេកវិទ្យានេះមកប្រើ ក្នុងអំឡុងពេលប្រេងសាំងឡើងថ្លៃ ហើយក្រុមហ៊ុនក៏បានដឹងពីអារម្មណ៍អតិថិជនដែលត្រៀមខ្លួនទទួលយកម៉ាស៊ីន Hybrid ដែលបំពាក់លើរថយន្ត Sedan ស៊េរីថ្មីនេះដែរ។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤នេះ ក្នុងចំណោមរថយន្តដែលបានលក់នៅអាមេរិក ក្នុងនោះមាន ៣៧% ហើយ ដែលជាប្រភេទរថយន្ត Hybrid និងរំពឹងថាឡើងដល់ជាង ៥០% នៅឆ្នាំក្រោយ។ ការផ្តោតទៅលើរថយន្ត Hybrid នេះ ក៏ជួយឱ្យ Toyota ទទួលបានផលប្រយោជន៍ពីច្បាប់បញ្ចេញផ្សែងរបស់អាមេរិកផងដែរ។
បើតាមលោក Akio Toyoda ប្រធានក្រុមប្រឹក្សាភិបាល Toyota បានលើកឡើងកាលពីខែមករាកន្លងទៅថា ចំណែកទីផ្សារ EV សាកល នឹងមានតែ ៣០% ប៉ុណ្ណោះ ហើយ Toyota ជឿជាក់ថា មានជម្រើសប្រភេទរថយន្តច្រើន ក្រៅពី EV ដែលជួយដល់បរិស្ថាន រួមមាន Hybrid, អ៊ីដ្រូសែន និងចំហេះបៃតងផ្សេងៗទៀត៕