ការប្រកួតមិត្តភាពវ័យចាស់កម្ពុជា នឹងវ័យចាស់ សិង្ហបុរី ជាការតេស្តសមត្ថភាពត្រៀមជួបវ័យចាស់ថៃ និងវៀតណាម
- 2024-11-23 23:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតមិត្តភាពវ័យចាស់កម្ពុជា នឹងវ័យចាស់ សិង្ហបុរី ជាការតេស្តសមត្ថភាពត្រៀមជួបវ័យចាស់ថៃ និងវៀតណាម
ចន្លោះមិនឃើញ
ការប្រកួតជាមួយវ័យចាស់របស់ក្រុម បុរីរាំ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទឹកដីប្រទេសថៃ ហើយក្រោយមកថ្ងៃទី២៨ នឹងត្រឡប់មកវិញរួចបន្តដំណើរទៅប្រកួតវ័យចាស់នៅប្រទេសវៀតណាមបន្តទៀតនាខែមករា ឆ្នាំ២០២៥។
ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បាន ធ្វើការប្រកួតមិត្តភាព អន្តរជាតិជាមួយ ក្រុមបាល់ទាត់វ័យចាស់សិង្ហបុរី កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ កីឡដ្ឋានបាល់ទាត់ស្តាតចាស់ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំង ២ ដែលជាគំនិតផ្តួចផ្តើមដោយ លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM និងផ្សព្វផ្សាយវិស័យទេសចេណ៍ក្នុងប្រទេសកម្ពុជា ព្រមទាំងត្រៀមខ្លួនការប្រកួតមិត្តភាពលក្ខណៈជាតិ និងអន្តរជាតិ។
លោក Shanmugam ជាអ្នកដឹកនាំក្រុមបាល់ទាត់វ័យចាស់សិង្ហបុរី បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM របស់កម្ពុជា គឺជាក្រុមបាល់ទាត់វ័យចាស់ល្អទំាងការប្រកួត និងបច្ចេកទេស ដូច្នេះក្រុមលោកសប្បាយរីករាយជាមួយការប្រកួតនឹងក្រុមមួយនេះ។ នេះជាលើកទី៣ សម្រាប់រូបលោកដែលមកប្រទេសកម្ពុជា កាលលើកទី១ លោកមកក្នុងនាមជាអ៊ុកតាក់នាឆ្នាំ១៩៩៣ ហើយឆ្នាំមុនលោកបានដឹកនាំក្រុមបាល់ទាត់វ័យចាស់សិង្ហបុរី ។
លោក Shanmugam បានបន្តថា ឆ្នាំនេះរូបលោកសប្បាយចិត្ត ក៏សម្រេចចិត្តដឹកនាំក្រុមបាល់ទាត់វ័យចាស់សិង្ហបុរីម្តងទៀតក្នុងការប្រកួតមិត្តភាពរវាងក្រុមលោក និងក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAMរបស់កម្ពុជា ។ ការប្រកួតនាពេលនេះ លោកមិនគិតពីការឈ្នះចាញ់ឡើយ ដោយផ្តោតលើមិត្តភាពជាសំខាន់បំផុត។ លោកបានប្តេជាថា ឆ្នាំក្រោយនឹងដឹកនាំក្រុមបាល់ទាត់វ័យចាស់សិង្ហបុរីជាច្រើននាក់មកប្រកួតមិត្តភាពថែមទៀត។
ជាមួយគ្នានោះលោក សំ វ៉ាន់ដេត កីឡាកររបស់ក្រុមបាល់ទាត់វ័យចាស់បានប្រាប់ឲ្យដឹងថា ការប្រកួតមិត្តភាពនាល្ងាចនេះជាការប្រកួតមិត្តភាពមួយ ដើម្បីរឹតចំណងរវាងប្រទេសទាំង ២ គឺសិង្ហបុរី និងកម្ពុជា។ ក្រុមប្រមូលផ្តុំកីឡាករបាល់ទាត់វ័យចាស់អតីតជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកកីឡាបាល់ទាត់កម្ពុជា និងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញពីការចូលរួមលេងកីឡាទាំងអស់គ្នាស្របតាមអនុសាសន៍របស់សម្ដេច “ប្រជាពលរដ្ឋម្នាក់លេងកីឡាយ៉ាងហោចណាស់មួយមុខ” ។
លោកបានបន្ថែមទៀតថា ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM កម្ពុជា ដើម្បីផ្សាភ្ជាប់ជាមួយក្រុមបាល់ទាត់វ័យចាស់ប្រទេសថៃ និងក្រុមបាល់ទាត់វ័យចាស់ប្រទេសវៀតណាម។ ការប្រកួតទំាងអស់ក្រោមការឧបត្ថម្ភពីសំណាក់លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM និងលោក អោប សំណាង ជាប្រធានក្រុមបាល់ទាត់រាជធានីភ្នំពេញ៕