គំនិត​ច្នៃ​ប្រឌិត​ថ្មី យក​កុងតឺន័រ​សាង​សង់​ធ្វើ Pub

  • 2015-08-28 18:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Pub មួយ​ដែល​ត្រៀម​នឹង​បើ​ដំណើរ​ការ​នៅ​ប្រមាណ​១​ខែ​ទៀត​នេះ ត្រូវ​បាន​ម្ចាស់​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មី ដោយ​យក​កុងតឺន័រ​ជា​ច្រើន​មក​តម្រៀប និង​ច្នៃ​ធ្វើ​ជា Pub របស់​ខ្លួន។

 

 

ទី​កន្លែង​កម្សាន្ត​ពេល​រាត្រី​មួយ​នេះ ត្រូវ​បាន​ឈ្មោះ​ថា​ជា "កុងតឺន័រ Pub" តែ​ម្ដង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា "K-Race" ជាមួយ​ទុន​វិនិយោគ​ប្រមាណ​ជាង ២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក ធី ខេមរិន ជា​ម្ចាស់​ក្លឹប ថ្លែង​ថា លោក​ធ្វើ​ដូច្នេះ ដោយ​សារ​មើល​ឃើញ​ថា នៅ​ស្រុក​ខ្មែរ​អត់​មាន​នរណា​ធ្វើ ទើប​លោក​ធ្វើ​ឲ្យ​បាន​មុន​គេ។

 

លោក ថ្លែង​ថា "ស្រុក​យើង​អត់​ទាន់​មាន​នរណា​គេ​ធ្វើ​ទេ កុងតឺន័រ​ភាគ​ច្រើន​គេ​យក​ទៅ​ធ្វើ ការិយាល័យ ឬ​ផ្ទះ​ចល័ត​ទេ អីចឹង​ហើយ​ខ្ញុំ​ខំ​រិះរក​អ្វី​ដែល​ថ្មី ព្រោះ​ដឹង​ប្រជាពលរដ្ឋ​យើង​ចូល​ចិត្ត​អ្វី​ដែល​ថ្មី​ហើយ​ប្លែក"។

 

កុងតឺន័រ​ប្រមាណ​ជាង ២០ ទំហំ​ខុស​គ្នា ត្រូវ​បាន​យក​មក​តម្រៀប​ធ្វើ​ជា​កន្លែង​ផ្សេង​ៗ​បង្កើត​បាន​ជា Pub ដែល​ច្នៃ​ដោយ​វិស្វករ​ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា ហើយ​បើ​តាម​ម្ចាស់​ក្លឹប​ដដែល​បាន​អះអាង​ថា Pub ដែល​ច្នៃ​របៀប​នេះ គឺ​មាន​សំឡេង​ភ្លេង​ងំ​ល្អ​ជាង​ការ​ដែល​ធ្វើ​ពី​ឥដ្ឋ និង​ស៊ីម៉ង់​ធម្មតា។ ជាមួយ​នឹង​ការ​ច្នៃ​ប្រឌិត​ថ្មី​នេះ លោក ខេមរិន មាន​ជំនឿ​ថា ជំនួញ​ទី​១​របស់​លោក​នឹង​ទទួល​បាន​គាំទ្រ។

 

 

មិន​ត្រឹម​តែ​កុងតឺន័រ ប៉ុន្តែ​នៅ​មាន​បំណែក​យានយន្ត ពិសេស​ម៉ូតូ​ជា​ច្រើន​ទៀត​មាន​ជា​អាទិ៍ ច្រវ៉ាក់ មីញ៉ុង បូម ជា​ដើម ក៏​ត្រូវ​យក​មក​ប្រើ​ដើម្បី​រចនា​បន្ថែម​សោភណ្ឌ​ដល់ Pub មួយ​នេះ​ដែរ។ម្ចាស់​ក្លឹប​ដែល​មាន​និស្ស័យ​ចូល​ចិត្ត​ការ​បើក​បរ​ម៉ូតូ​ធំ​ៗ " ច្រវ៉ាក់ មីញ៉ុង អី យើង​យក​មក​ដាក់​តាំង​លម្អ​ ហើយ​បូម​អី​ផ្សេង​ៗ យើង​យក​មក​ធ្វើ​តុ ធ្វើ​ជា​សាឡុង​សម្រាប់​ភ្ញៀវ​អង្គុយ​អីចឹង​ទៅ និយាយ​ទៅ គឺ​យើង​ធ្វើ​ពី​គ្រឿង​យន្ត​ទាំង​អស់​តែ​ម្ដង ហើយ​ឲ្យ​​ប្លែក​ពី​គេ"។

 

លោក​បាន​បង្ហើប​ទៀត​ថា តាម​តែ​លោក​ដឹង គំនិត​ច្នៃ​ប្រឌិត​របស់​លោក​នេះ មាន​គេ​ចង់​ចម្លង​ម៉ូដ​តាម​ហើយ។ ដូច្នេះ​ហើយ ទើប​លោក​កំពុង​តែ​ប្រញឹក​ដំណើរ​ការ​សាងសង់​ឲ្យ​ឆាប់​រួច​រាល់ និង​បាន​ដាក់​ដំណើរ​ការ​ឆាប់​ៗ​តាម​តែ​អាច​ធ្វើ​បាន។ "ខ្ញុំ​ដឹង​ថា​គេ​ចង់​ធ្វើ​តាម អីចឹង​ហើយ​បាន​បង្ខំ​ឲ្យ​លឿន បើ​គេ​ចម្លង​ក៏​ចម្លង​ទៅ តែ​ហោច​ណាស់​យើង​ចេញ​បាន​មុន​គេ​ដែរ"។

 

កុងតឺន័រ Pub ឬ K-Race មាន​ទីតាំង​នៅ​ម្ដុំ​ខាង​លិច​ក្រុមហ៊ុន​ម៉ូប៊ីថែល។ Pub នេះ​ត្រៀម​នឹង​បើក​ដំណើរ​ការ​ប្រមាណ​ជាង​១​ខែ​ទៀត។ ម្ចាស់​ក្លឹប​បាន​អះអាង​ថា ក្លឹប​របស់​លោក​នឹង​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​គេ៕

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម